ក្រុម​សង្គម​ស៊ីវិល​ បារម្ភ​ពី​ស្ថានភាព​​នយោបាយ​នៅ​កម្ពុជា​ រយៈពេល​​ចុងក្រោយ​នេះ​​

03-06-2019 3:40 pm 1980
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុម​អង្គការ សមាគម និង ប្រជាពលរដ្ឋ​ចំនួន​៨៥ បាន​សម្តែង​ពី​ការព្រួយបារម្ភ​អំពី​វាសនា​ប្រទេស​កម្ពុជា ខណៈ​មើលឃើញ​ស្ថានភាព​នយោបាយ​នាពេល​ប​ច្ច​ប្បន្ន ហាក់​មិនមាន​សញ្ញា​វិជ្ជមាន​សោះ​។ ក្នុង​សេចក្តីថ្លែងការណ៍​កម្រាស​២​ទំព័រ ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៣ មិថុនា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល វាយតម្លៃថា ប្រសិនបើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅតែ​ដូច​សព្វថ្ងៃនេះ នោះ​កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ដូច​កាលពី​អតីតកាល​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង ប្រជាពលរដ្ឋ​ដែល​រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ការព្រួយបារម្ភ​នេះ រួម​មានដូចជា លោក​បណ្ឌិត​មាស នី អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នកវិភាគ​ន​យោ​យ​កម្ពុជា លោក​សុក សំអឿន តំណាង​អង្គការ​ខុមហ្វ្រែល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់​ត្រាល់ មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ និង សន្តិភាព ព្រមទាំង សមាគម សហជីព និង បណ្តាញ​មួយចំនួនទៀត សុទ្ធតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ និង សេដ្ឋកិច្ច​កម្ពុជា ក្រោយពី​ការគោរព​សិទ្ធិមនុស្ស និង គោលការណ៍​ប្រជាធិបតេយ្យ ដែល​ពួកគេ​អះអាងថា បាន​ធ្លាក់ចុះ​ខ្លាំង ចាប់តាំងពី​ការបោះឆ្នោតជាតិ​នា​ខែកក្កដា ឆ្នាំ​២០១៨​មក​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និយាយថា ការធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ដល់​អង្គការ​សង្គម​ស៊ីវិល​ថា មាន​និន្នាការ​បដិវត្តន៍​ពណ៌​។ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ក៏បាន​ទាញ​ភ្ជាប់​ការធ្លាក់ចុះ​ការគោរព​សិទ្ធិមនុស្ស​នេះ​ទៅនឹង​គំរាមកំហែង​ដល់​សកម្មជន​សិទ្ធិមនុស្ស និង សកម្មជន​នយោបាយ​ក្នុងពេល​ថ្មីៗ​នេះ​ផងដែរ​។ ជាពិសេស ការស្នើ​របស់​អ្នក​រាយ​ការ​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប និង​ប្រទេស​ហត្ថលេខី​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុងប៉ារីស ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើយ​វិញ ដើម្បី​បញ្ចៀស​កាត​បាត់បង់ ការលើកលែង និង​ការអនុគ្រោះ​ពន្ធ​៕ 

ព័ត៌មានផ្សេងទៀត