តៃវ៉ាន់​ជំរុញ​ចិន ឲ្យ​សម្តែង​ការសោកស្តាយ​ដោយ​ស្មោះត្រង់ចំពោះ​ការបង្ក្រាប​នៅ​Tiananmen

03-06-2019 2:38 pm 2275
  ស្តាប់
រូបថតឆ្នាំ១៩៨៩បង្ហាញពីប្រជាជននៅក្បែររថក្រោះដែលដុតបំផ្លាញដោយក្រុមបាតុករ
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩ ជា​ខួប​លើក​ទី​៣០​ដែល​កងទ័ព​ចិន ចាត់វិធានការ​បង្ក្រាប​ដោយ​ហិង្សា លើ​ក្រុមបាតុករ នៅ​ទីលាន Tiananmen​ស្ថិតនៅ​ប្រទេស​ចិន​។ ដ្បិត​ការបង្ក្រាប​នៅ​Tiananmen បាន​កន្លងផុតទៅ​រយៈ​ពេល​៣​ទសវត្សរ៍​មកហើយ តែ​ព្រឹត្តិការណ៍​មួយ​នេះ នៅតែ​ជា​ប្រធានបទ​ដ៏​រសើប​បំផុត​នៅ​ចិន​ដីគោក​។ ជាពិសេស នៅពេលដែល​ថ្ងៃកំណើត​ព្រឹត្តិការណ៍​នេះ ឈានចូល​មកដល់ កោះ​តៃវ៉ាន់​បាន​លើក​មក​រម្លឹក​ជា​ញយ​ដង​។

ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​តៃវ៉ាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ថា ចិន​ត្រូវតែ​បង្ហាញ​នូវ​ការសោកស្តាយ ដោយ​ក្តីស្មោះត្រង់ ចំពោះ​ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​៣០​ឆ្នាំមុន​នៅលើ​ទីលាន​Tiananmen​។ ក្រុមប្រឹក្សា​នេះ និយាយថា ក្រុង​ប៉េកាំង​បាន​និយាយ​កុហក់ ដើម្បី​បិទបាំង​ព្រឹត្ដិការណ៍​ឆ្នាំ ១៩៨៩ និង បំភ្លៃ​ការពិត​។ ក្រុមប្រឹក្សា​នេះ និយាយ​បន្ថែមថា ខ្លួន​នឹង​គាំទ្រ​ចលនា ដើម្បី​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​ចិន ក្នុង​គ្រប់​វិធី​ទាំងអស់​។ 

​ភ្លាមៗ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មិនទាន់​ឆ្លើយតប​បែបណា ចំពោះ​កោះ​តៃវ៉ាន់​នៅឡើយ​ទេ​។ យ៉ាងណា កាលពី​ថ្ងៃអាទិត្យ លោក Wei Fenghe រដ្ឋមន្ត្រី​ការពារ​ជាតិចិន បាន​ថ្លែង​ការពារ​ការចោទប្រកាន់​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អំពី ការបង្ក្រាប​នៅ​តំបន់ Tiananmen ដោយ​និយាយថា រដ្ឋាភិបាល ត្រូវ​សម្រេចចិត្ត​ចាត់វិធានការ​បញ្ឈប់​ភាពវឹកវរ ដែល​នេះ​ជា​ការទទួលស្គាល់​ជា​ផ្លូវការ​ដ៏​កម្រ​មួយ អំពី ព្រឹត្តិការណ៍​នៃ​ថ្ងៃ ៤ មិថុនា​ឆ្នាំ​១៩៨៩​។​

​កាលពី​ថ្ងៃទី​៤​មិថុនា​ឆ្នាំ​១៩៨៩ យោធា​ចិន​បាន​ចាត់វិធានការ​បង្ក្រាប ដោយមាន​បាញ់ប្រហា​រ​ផងដែរ ដើម្បី​បញ្ឈប់​ភាពចលាចល ដឹកនាំ​ដោយ​ក្រុមនិស្សិត ដែល​ស្រែក​ទាមទារ​បញ្ចប់​ការគ្រប់គ្រង​ដោយ​ចិន​។ អាជ្ញាធរ​ចិន​បាន​ហាមឃាត់ មិន​ឲ្យមាន​ការរៀបចំ​ពិធី​រម្លឹក​ខួប នៃ​ព្រឹត្តិការណ៍​នេះ នៅលើ​ទឹកដី​ចិនដីគោក​ទេ ហើយក៏​មិនដែល​បង្ហាញ​តួលេខ​ពិតប្រាកដ នៃ​ការស្លាប់​បាត់​បង់ជីវិត នៅក្នុង​ការបង្ក្រាប​នោះដែរ​។ បើតាម​ការសន្និដ្ឋាន ដោយ​ក្រុម​សិទ្ធិមនុស្ស​និង​សាក្សី​ឲ្យដឹងថា មនុស្ស​ស្លាប់​នៅក្នុង​ការសម្លាប់​រង្គាល​នេះ មាន​ខ្ទង់រយ​ទៅ​ខ្ទង់ពាន់​នាក់​ឯណោះ​៕

ព័ត៌មានផ្សេងទៀត