លោក​គង់ គាំ ​ថា​ក្រុមលោកសម រង្ស៊ី ​​អាច​បន្ត​ក្រៅ​ស្រុក​ដូច​ស្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​​

03-06-2019 2:21 pm 2146
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយ​មើលឃើញ​ពី​ស្ថានភាព​នយោបាយ​ហាក់​នៅតែ​ក្តៅគគុក ជាពិសេស​សង្គ្រាមពាក្យសម្តី​រវាង​លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន នៅ​រយៈកាល​ចុងក្រោយ​នេះ គ្មាន​សញ្ញា​វិជ្ជមាន​ណាមួយ ថា​អ្នកនយោបាយ​កំពូល​ទាំងពីរ អាច​នឹង​ទោរទន់​រកគ្នា​នោះ លោក​គង់ គាំ អ្នកនយោបាយ​ជើងចាស់​រត់ចោល​ទ្រនំ និយាយថា​៖«​ខ្លាច​តែ​វាសនា​មេដឹកនាំ និង​ក្រុម​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បន្ត​ស្ថិតនៅ​ក្រៅ​ស្រុក​ដូច​ក្រុម​ស្តេច​សង្ឃ​ទី​បេ ដា​ឡៃ​ឡា​ម៉ា​ដ៏​ល្បី​រន្ទឺ គឺ​មិនអាច​ងើបមុខ​ជាថ្មី​វិញ​បាន​នៅ​កម្ពុជា តាម​ភាព​រវើរវាយ​ទាំងឡាយ​របស់​ពួកគេ​នោះឡើយ​»​។​

​អត្ថបទ ដ៏​វែង​អន្លាយ និយាយ​ពីនេះ​បន្តិច​ពី​នោះ​បន្តិច មាន​បញ្ចូល​ខ្លឹមសារ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង លោក​គង់ គាំ និយាយថា ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ សំឡេងគាំទ្រ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក​យល់ថា ជា​សំឡេងគាំទ្រ​ពិត មិនមែន​ជាការ​ក្លែងក្លាយ​ទេ​។ លោក​ថា ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន ដែល​ស្ថិតក្នុង​ស្ថានភាព​ជា​អំណាច​”​ឯក​បក្ស​”​បាន​ជំនះ​អន្តរកាល​ប្រកបដោយ​ការរំខាន​ទាំងពី​ក្រៅ និង​ក្នុងប្រទេស ដោយ​ខំ​បង្កើន​ទំនាក់ទំនង ជាមួយ​មហាមិត្ត​ចិន ប្រាកដជា​ឈ្នះ​ដាច់​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អន្តរជាតិ មាន​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ដែល​លោក​ចាត់ទុកថា កំពុង​ព្យាយាម​រារាំង​គាបសង្កត់​គណបក្សកាន់អំណាច​។​

​សម្អាង​លើ​ការ​ថ្លែង​របស់លោក​ហ៊ុន សែន ក្នុង​វេទិកា​នៅ​ប្រទេស​ជប៉ុន ដែល​ប្រកាស​ពី​សង្គ្រាម​ត្រៀម​ទប់ទល់​ជាមួយ​ក្រុមប្រឆាំង ដែល​តែងតែ​យក​ករណី​EBA និង GSP មក​សំពង​លោក​ហ៊ុន សែន និង​ការប្រើ​យុទ្ធសាស្ត្រ​បំផុស​ឲ្យ​ពលរដ្ឋ​ក្រៅ និង​ក្នុងប្រទេស ឲ្យ​ពលទាហាន​បំ​បែរ​កាណុង​ចាប់​លោក​ហ៊ុនសែន ត្រូវ​លោក​គង់ គាំ វាយតម្លៃថា​នេះ នឹង​ធ្វើឲ្យ​ក្រុមប្រឆាំង ពិសេស​លោក​សម រង្ស៊ី អាច​នឹងមាន​វាសនា ដូច​សម្តេច​សង្ឃ​ទី​បេ ដា​ឡៃ​ឡា​ម៉ា គឺ​មិនអាច​ងើបមុខ​ជាថ្មី​វិញ​នោះឡើយ​។ លោក​ថា ដូច្នេះ អ្វីដែល​យើង​អាច​ដឹង​យ៉ាងច្បាស់ គឺ​គ្មានទេ​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី​ឡើងវិញ និង​អាច​ថា គណបក្សនយោបាយ​ថ្មី​ណា ដែល​អាចមាន​កម្លាំង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​នោះ មិន​ត្រូវបាន​គេ​អនុញ្ញាតឲ្យ​បង្កើត​ទេ​។​

​លោក​គង់ គាំ វាយតម្លៃថា នៅ​ឆ្នាំ​ខាងមុខ​ជា​បន្តបន្ទាប់ គឺ​មានតែ​គណបក្ស ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក​ទេ ជា​ប៉ូល​នយោបាយ​ថ្មី ដែលមាន​ក្រុម​អ្នកនយោបាយ​ស្រករ​ក្រោយ និង​ក្រុម​អ្នកនយោបាយ​វ័យក្មេង គឺជា​ជម្រើស​ថ្មី ជា​សេចក្តីសង្ឃឹម​ថ្មី តាម​វប្បធម៌​នយោបាយ​ថ្មី ឆ្ពោះ​អនាគត​ថ្មី សម្រាប់ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា​។​

​ប៉ុន្តែ​ជាទូទៅ បើទោះជា​សារ​នយោបាយ​របស់លោក​គង់ គាំ មាន​សភាព​ក្តៅ​យ៉ាងណាក៏ដោយ ក៏​មិនដែល​មាន​ការឆ្លើយតប​យ៉ាងណា​ពី​លោក​សម រង្ស៊ី​នោះឡើយ តែបើ​មាន គឺជា​ការ​ជេរ​ប្រទេចផ្តាសារ ពី​ក្រុម​អ្នកគាំទ្រ​លោក​សម រង្ស៊ី ដោយ​ការ​ចំអកឡកឡឺយ ខឹង​នឹង​លោក​គង់ គាំ ដែល​រត់ចោល​ទ្រនំ​កំសត់​ទៅវិញ​៕

ព័ត៌មានផ្សេងទៀត