លោក​ត្រាំ​ប្រាប់​ស៊ី​រី​និង​រុស្ស៊ីឲ្យ​ឈប់​បំ​ផ្ទុះ​គ្រាប់បែកក្នុង​ខេត្ត​Idlib​ប្រទេស​ស៊ី​រី​

03-06-2019 11:38 am 1276
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃអាទិត្យ បាន​ប្រាប់​រុស្សី​និង​ស៊ី​រី ឲ្យ​បញ្ឈប់​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខេត្ត Idlib​ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី ព្រោះ​ការវាយប្រហារ​នេះ បាន​បណ្តាលឲ្យ​ជន​ស៊ីវិលជា​ច្រើននាក់​ស្លាប់​។ លោក​ត្រាំ​ថា ពិភពលោក កំពុងតែ​តាមដាន​ព្រឹត្តិការណ៍​នេះ​យ៉ាង​ជិតស្និទ្ធ​បំផុត​។ ការ​ថ្លែង​របស់លោក​ត្រាំ​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការក្រៅរដ្ឋាភិបាល មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​សុក្រ បាន​រិះគន់​ភាព​អសកម្ម​របស់​អន្តរជាតិ នៅ​ចំពោះមុខ អំពើហិង្សា​ដែល​កើនឡើង នៅក្នុង​តំបន់​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​Istanbul ប្រទេស​តួ​ក​គី អង្គការក្រៅរដ្ឋាភិបាល បាន​និយាយថា ជន​ស៊ីវិល​រាប់សិប​នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក កាលពីពេល​ថ្មីៗ​នេះ ដោយ​កងកម្លាំង​ស៊ី​រី​និង​រុស្ស៊ី ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​។ ក្រៅពីនោះ ការវាយប្រហារ​របស់​សម្ព័ន្ធមិត្ត​ទាំងពីរ បាន​រុញច្រាន​មនុស្ស ប្រហែល​៣​សែន​នាក់ ឲ្យ​រត់​ភៀសខ្លួន​ទៅកាន់​តំបន់​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​។ រីឯ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​ប្រទេស​ស៊ី​រី​វិញ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ជិត ៩៥០​នាក់​ត្រូវ​បានសម្លាប់ នៅក្នុង​ការប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​នៅ​ខេត្ត​Idlib​។​

Idlib​ជា​តំបន់​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​។ ស៊ី​រី​និង​រុស្ស៊ី​បាន​រួមដៃគ្នា ធ្វើ​ប្រតិបត្តិការ​សឹក​ក្នុង​តំបន់​នេះ ដើម្បី​បណ្តេញ​ក្រុម​ឧទ្ទាម ក៏ដូចជា​ក្រុម​សកម្មប្រយុទ្ធ​ចេញ​។ យោងតាម​តួលេខ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨​ឲ្យដឹងថា តំបន់​នេះ មាន​ក្រុម​សកម្មប្រយុទ្ធ​រស់នៅ​ប្រហែល​១​ម៉ឺន​នាក់​។ ទន្ទឹមនឹងនោះ មាន​ប្រជាជន​ប្រហែល​២​លាន​៩​សែន​នាក់ រស់នៅក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុម​ប្រឆាំង រួមមាន​នៅ​ខេត្ត Idlib និង​ផ្នែក​តូចៗ​ផ្សេងទៀត​ដែល​នៅជាប់ៗ​គ្នា នៃ​ក្រុង Latakia, Hama​និង​ខេត្ត Aleppo​។ ប៉ុន្តែ ក្នុងចំណោម​ប្រជាជន​ទាំងនោះ ភាគច្រើន បាន​ភៀសខ្លួន​ចេញ ទៅ​រស់នៅ​តំបន់​ផ្សេងៗ​អស់ហើយ​៕

ព័ត៌មានផ្សេងទៀត