លោក​ហ៊ុន សែន ​ប្រតិកម្ម​នឹង​លោក​សម រង្ស៊ី ​ដែល​ចោទ​លោក​ថា​ សម្លាប់​​ហុក ឡង់ឌី​​

03-06-2019 11:16 am 10229
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ថា លោក​ហ៊ុន សែន ជា​អ្នក​សម្លាប់ លោក​ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែកឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ លើ​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០០៨​។ លោក​សម រង្ស៊ី និយាយថា មូលហេតុ​ដែល​លោក​ហ៊ុន សែន បាន​សម្រេចចិត្ត​សម្លាប់ លោក​ហុក ឡង់ឌី ដោយសារតែ លោក​ហុក ឡង់ឌី ដឹង​រឿង​អាក្រក់​របស់ លោក​ហ៊ុន សែន ច្រើនពេក​។ ជាពិសេស​លោក​ហុក ឡង់ឌី ត្រៀម​លាតត្រដាង អំពី​បញ្ជា ដែល​ទទួល​ពី លោក​ហ៊ុន សែន ឲ្យ​សម្លាប់ លោក​ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​ក្នុង​ឆ្នាំ​២០០៤​។ នេះ​ជាកា​រលើ​កោ​ឡើង​របស់លោក​សម រង្ស៊ី​។ 

​លោក​សម រង្ស៊ី និយាយទៀតថា ពេលនេះ លោក ឌី វិជ្ជា ជា​កូនប្រុស​ច្បង របស់លោក​ហុក ឡង់ឌី កំពុង​គិតពី ផែនការ​សងសឹក​។ លោក​សម រង្ស៊ី និយាយថា ផែនការ​នេះ មាន​ការគាំទ្រ​ពី​លោក​ស ខេង ពីព្រោះ លោក​ស ខេង ដឹងខ្លួន​ថា​លោក​ហ៊ុន សែន កំពុងតែ​រៀបចំ​ផែនការ​ដកដំណែង​លោក ដើម្បីឲ្យ​កូន​ប្រុសបង្កើត​របស់លោក ហ៊ុន សែន គឺ​លោក​ហ៊ុន ម៉ា​ណែ​ត​, លោក​ហ៊ុន ម៉ានិត និង លោក​ហ៊ុន ម៉ា​នី មក​បន្តវេន​ពី​លោក ដោយ​មិនមាន​នរណា​អាច​រារាំង​បាន ចំពោះ​នយោបាយ​គ្រួសារនិយម​របស់លោក​ហ៊ុន សែន នេះ​.

​ការចោទប្រកាន់​ពី​លោក​សម រង្ស៊ី ពេលនេះ បានធ្វើឲ្យ​លោក​ហ៊ុន សែន ខឹងច្រឡោត​ជាខ្លាំង ហៅ​លោក​សម រង្ស៊ី ថា​«​អា​ឆ្កែ​»​ទៀតផង​។ លោក​ហ៊ុន សែន បាន​បបួល​លោក​សម រង្ស៊ី ស្បថ​ឲ្យស្លាប់​មួយ​ពូជ​បើ​លោកពិតជា​សម្លាប់លោ​ក​ហុក ឡង់ឌី ជា​ដន្លង​នឹង​លោក​មែន​នោះ​។ លោក​ហ៊ុន សែន ក៏​ហួសចិត្ត នឹង​សម្តី​លោក​សម រង្ស៊ី​ដែលថា លោក​ឌី វិជ្ជា កំពុង​រួមដៃគ្នា​ជាមួយ លោក​ស ខេង ដើម្បី​សងសឹក​លើ​រូបលោក ....

​សំឡេង​លោក​ហ៊ុន សែន​៖

​ជាងនេះទៀត លោក​ហ៊ុន សែន បាន​ព្រមាន​ថា បើ​លោក​សម រង្ស៊ី ធ្វើ​កាន់តែខ្លាំង នោះ​ក្រុមប្រឆាំង​នៅ​ក្នុងស្រុក នឹង​កាន់តែ​ពិបាក​ថែមទៀត​។​ប្រតិកម្ម​តប​របស់លោក​ហ៊ុន សែន ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៣ មិថុនា នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ជាង​១០០០​នាក់​៕

ព័ត៌មានផ្សេងទៀត