រដ្ឋមន្ត្រី​ការពារជាតិ​ចិន​​ប្រាប់​អន្តរជាតិ​ថា​ អត់​មាន​​មូលដ្ឋាន​យោធា​ចិន​​នៅ​កម្ពុជា​ទេ​​

02-06-2019 3:57 pm 1136
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​វ័យ ហ្វ៊ុង​ហ​រ័ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​បានបញ្ជាក់​នៅ ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​សិង្ហបូរី នា​ព្រឹក​ថ្ងៃទី​០២ មិថុនា នេះ ថា មិនមាន​មូលដ្ឋាន​យោធា​ចិន នៅលើ​ទឹកដី​កម្ពុជា​នោះទេ​។​នេះ​ជា​ការបញ្ជាក់​ការពារ​ខ្លួន​របស់​ភាគី​ចិន លើ​ការចោទប្រកាន់​ពី​ការសង្ស័យ និង​ការបារម្ភ​របស់​អាមេរិក​​ពី​មូលដ្ឋានទ័ព​ចិន ក្នុង​ខេត្តកោះកុង​ទឹកដី​កម្ពុជា កន្លងមក​។ 

​លោក​ទៀ បាញ់​ដែល មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​សិង្ហបូរី រួមទាំង​ប្រមុខ​ការពារជាតិ​មកពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង អឺរ៉ុប បាន​ឡើង​ថ្លែង​សន្ទរកថា គន្លឹះ​ដើម្បី​ប្រាប់​ឱ្យ​ពិភពលោក​បានដឹង​អំពី​ភាពស្មុកស្មាញ និង ការ​ប្រឈម​ផ្នែក​សន្តិសុខ ក្នុង​ពេលបច្ចុប្បន្ន ព្រមទាំង​បាន​ចែករំលែក​នូវ ទស្សនៈ សភាពការណ៍​ថ្មីៗ ចំណេះដឹង និង បទពិសោធន៍ ដើម្បី​ជា​ប្រយោជន៍​នាំមក​នូវ សន្តិភាព និង ស្ថិរភាព​ក្នុង​តំបន់​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ផងដែរ​។​

​កន្លងមក មួយ​លើក​ជា​ពីរលើក ពាក់ព័ន្ធ​នឹងការសង្ស័យពី​មូលដ្ឋានទ័ព​ចិននៅកម្ពុជា​នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​បញ្ជាក់​ជំហរ ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​ទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ ហើយ​លោក​ប្រកាស​ទៀតថា កម្ពុជា​ក៏​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ អង្គការសហប្រជាជាតិ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត