រដ្ឋមន្ត្រី​ការពារ​ជាតិចិន៖បើ​សង្គ្រាម​ផ្ទុះឡើង​ជាមួយ​អាមេរិកនឹង​ក្លាយជា​មហន្តរាយ​ពិភពលោក​

02-06-2019 3:31 pm 3864
  ស្តាប់
លោកWei Fenghe
ស្តាប់ជាសំឡេង

​ថ្លែង​នៅក្នុង កិច្ចសន្ទនា Shangri-La នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩ លោក Wei Fenghe រដ្ឋមន្ត្រីក្រសួង​ការពារ​ចិន បាន​ប្រើ​ពាក្យសំដី​ធ្ងន់ៗ ថា​ចិន​នឹង​ប្រយុទ្ធ​លុះដល់​ទីបញ្ចប់ ប្រសិនបើរ​នរណាម្នាក់ ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​។ លោក​ថា ប្រសិនបើ​នរណាម្នាក់​ហ៊ាន​មក​ពង្រាត់ កោះ​តៃវ៉ាន់​ពី​ប្រទេស​ចិន កងទ័ព​ចិន​គ្មាន​ជម្រើស​អ្វី ក្រៅពី​ការប្រយុទ្ធប្រឆាំង​គ្រប់បែបយ៉ាង​ទាំងអស់ ... សហរដ្ឋអាមេរិក គឺ​មិនអាច​បំបែក​បានទេ តៃវ៉ាន់​នៅតែ​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន ហើយ​រាល់​ការជ្រៀតជ្រែក ក្រោម​សំណើរ​របស់​កោះ​តៃវ៉ាន់ នឹងត្រូវ​បរាជ័យ​ដ៏​អាក្រក់​បំផុត​។​

​លោក Wei បាន​ព្រមាន​ទៀតថា ប្រសិនបើ​ការប៉ះទង្គិច​គ្នា​រវាង​អាមេរិក​និង​ចិន​ផ្ទុះឡើង នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ភាគី​ទាំងពីរ​សុទ្ធតែ​ទទួលស្គាល់ថា ប្រសិន​ជម្លោះ​ឬ​សង្គ្រាម​រវាង​ពួកគេ​ផ្ទុះឡើង​នោះ នឹង​នាំឲ្យមាន​មហន្តរាយ​ធ្ងន់ធ្ង​រណាស់ សម្រាប់​ប្រទេស​មហាអំណាច​ទាំងពីរ និង​ពិភពលោក​ទាំងមូល​។ យ៉ាងណា​មិនមែន​នៅ​សុខៗ​ចិន បញ្ជា​កម្លាំង​ទៅ​ប្រយុទ្ធ​នោះទេ លុះ​ត្រាំ​តែ​សត្រូវ​វាយប្រហារ​មុន​។ លោក Wei ថា ចិន​នឹង​ការពារ​រាល់​ការប៉ុនប៉ង​ណាមួយ ដែល​ធ្វើឲ្យប៉ះពាល់​ផលប្រយោជ​ន៍រ​បស់ខ្លួន​។​

​ប្រតិកម្ម​ខ្លាំងៗ​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ចិន​ពេលនេះ ធ្វើឡើង​បន្ទាប់ពី ប្រធាន​សន្តិសុខ​ជាតិ​តៃវ៉ាន់​លោក David Lee បាន​ទៅ​ជួបពិភាក្សា​ជាមួយ​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton​កាលពី​ខែឧសភា​កន្លងទៅ​។ ជា​ជំនួប​ពិភាក្សា​ដ៏​ក្រ​នឹង​កើតមាន​ណាស់ ពោល​នេះ​ជា​ជំនួប​លើកដំបូង រវាង​មន្ត្រីជាន់ខ្ពស់​អាមេរិក​និង​កោះ​តែ​វ៉ាន់ ក្នុង​រយៈពេល​៤​ទសវត្សរ៍​កន្លងមក​។ សហរដ្ឋអាមេរិក​ក៏​ដូច​ប្រទេស​ភាគច្រើន​ផ្សេងទៀត​ដែរ មិនមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​នោះទេ ប៉ុន្តែ​ជា​អ្នកគាំទ្រ​កោះ​តៃវ៉ាន់​ខ្លាំង​បំផុត និង​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​អាវុធ​ដ៏​ចម្បង​ឲ្យទៅ​តៃវ៉ាន់​។​

ជា​ការកត់សំគាល់ ទំនាក់ទំនង​ចិន​និង​អាមេរិក បាន​ជួប​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់ និង​បញ្ហា​ដែល​អាមេរិក​ដាក់បញ្ចូល​ក្រុមហ៊ុន Huawei របស់​ចិន​ចូលក្នុង​បញ្ជីខ្មៅ​។ បន្ថែម​លើ​បញ្ហា​ទាំងនេះ ចិន​ខឹងសម្បារ​យ៉ាងខ្លាំង នូវ​ការផ្លាស់ប្តូរ​ថ្មីៗ ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ចំពោះ​ការបង្កើន​ការគាំទ្រ ការ​បំបែក​ខ្លួន​របស់​កោះ​តៃវ៉ាន់ រួមទាំង​ការធ្វើ​នាវាចរ​របស់​នាវា​អាមេរិក នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ លើសពីនេះ ការ​លូកដៃ​របស់​អាមេរិក​ចូល ក្នុង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏​ចិន​មិន​ពេញចិត្ត​ដែរ​។ ចិន​រិះគន់ថា ប្រទេស​ខ្លះ​នៅក្រៅ​តំបន់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​សោះ ប៉ុន្តែ​មក​ចូល​តំឡើង​សាច់ដុំ ក្រោម​ស្លាក​សេរីភាព​នៃ​ការធ្វើ​នាវាចរ​។ ចិន​ចង់​សំដៅលើ​អាមេរិក ដែល​តែងតែ​បញ្ជា​នាវា ឲ្យធ្វើ​ដំណើ​រចូល​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពីពេល​កន្លងទៅ​៕

ព័ត៌មានផ្សេងទៀត