សហភាព​អឺរ៉ុប​គ្មាន​គម្រោង​ចាត់វិធានការ​ប្រឆាំង​Huawei តាម​អាមេរិក​ទេ

02-06-2019 11:16 am 2345
  ស្តាប់
​លោកស្រី​Frederica Mogherini
ស្តាប់ជាសំឡេង

​លោកស្រី​Frederica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ បាន​ថ្លែងថា ជំហរ​របស់​សហភាព​អឺរ៉ុប​នាពេលនេះ គឺ​អត់​មាន​ការហាមឃាត់​ណាមួយ​លើ​ក្រុមហ៊ុន Huawei​ឡើយ​។ លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ Channel News Asia របស់​សិង្ហ​បុរី នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ការអះអាង​របស់លោក​ស្រី​Frederica Mogherini ធ្វើឡើង​ក្រោយ​មានការ​លើកឡើងថា សហភាព​អឺរ៉ុប អាច​នឹង​យក​គំរូ​តាម​អាមេរិក ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Huawei​ដែរ​។ រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បានសម្រេច​បញ្ចូល​ក្រុមហ៊ុន​Huawei ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​របស់ខ្លួន​។ ក្រសួងពាណិជ្ជកម្ម​អាមេរិក បានចេញ​ច្បាប់​មួយ ដាក់បញ្ចូល​ក្រុមហ៊ុន​Huawei និង​សាខា​ចំនួន​៦៨​នៅក្នុង​ប្រទេស​ជាង​២០​ទូទាំង​ពិភពលោក ទៅក្នុង​បញ្ជី​ពិសេស​របស់ខ្លួន​។ តាមរយៈ​ការដាក់បញ្ចូល​នេះ នឹង​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​Huawei ទិញ​គ្រឿងបន្លាស់​ឬ​សម្ភារ​ពី​ក្រុមហ៊ុន​អាមេរិក​បានឡើយ បើ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​។ 

​សម្រាប់​អាមេរិក​ជឿជាក់ថា ក្រុមហ៊ុន​Huawei លួច​បំពាក់​ឧបករណ៍ ដើម្បី​ស៊ើបការណ៍​យក​ព័ត៌មាន​សម្ងាត់​ពី​អ្នកប្រើប្រាស់ ដែល​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​សន្ដិសុខ​ជាតិ​។ ប៉ុន្ដែ​ការចោទប្រកាន់​នេះ ត្រូវបាន​ក្រុមហ៊ុន​Huawei ច្រានចោល​ម្ដង​ជា​ពីរដង ដោយ​និយាយថា ទីក្រុង​វ៉ាស៊ីនតោន ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។​

​ផ្ទុយ​ពី​អាមេរិក សម្រាប់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ជាច្រើន បាន​និយាយ​រួចមកហើយ​ថា ពួកគេ​មិនបាន​មើលឃើញ ការប្រើ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ថា​ជា​ហានិភ័យ​សុវត្ថិភាព​នោះទេ​។ កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន​ដឹកជញ្ជូន​ឥត​ខ្សែ​នាំមុខគេ​របស់​ប្រទេស​ហូ​ឡង់ KPN បានជ្រើសរើស​ក្រុមហ៊ុន Huawei ដើម្បី​ផ្គត់ផ្គង់​ឧបករណ៍​សម្រាប់​បណ្តាញ​ឥត​ខ្សែ 5G របស់ខ្លួន​ដែរ​។​

​ចំពោះ ក្រុមហ៊ុន Huawei ច្បាស់​ណាស់​ថា​នឹង​ពេញចិត្ត​នូវ​អ្វីដែល​ប្រទេស​នៅ​អឺរ៉ុប បានលើកឡើង និង​ពេញចិត្ត​នូវ​អ្វីដែល​លោកស្រី Frederica Mogherini បាន​និយាយ​នៅ​សិង្ហ​បុរី​នាពេលនេះ​។ ពីព្រោះ កាលពីពេល​ថ្មីៗ​នេះ អនុប្រធាន​ក្រុមហ៊ុន Huawei អ្នកស្រី Catherine Chen ធ្លាប់​បានលើកឡើង​ដោយ​សង្ឃឹមថា សហភាព​អឺរ៉ុប​នឹងមិន​ដាក់​កំហិត​លើ​ក្រុមហ៊ុន Huawei តាម​លំនាំ​របស់​អាមេរិក​ឡើយ​។ លោកស្រី​រំពឹង​បែបនេះ ដោយ​សំអាងថា ក្រុមហ៊ុន Huawei បានធ្វើការ​នៅ​ទ្វីបអឺរ៉ុប​ក្នុង​រយៈពេល​ពី ១០ ទៅ ២០ ឆ្នាំ​មកហើយ ដោយបាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន ទូរគមនាគមន៍​លើ​ការអភិវឌ្ឍ​បណ្តាញ 5G៕

ព័ត៌មានផ្សេងទៀត