ក្រុមហ៊ុន​បរទេស​​ដែល​ប៉ះពាល់​​ប្រយោជន៍​ចិន​​នឹងត្រូវ​​បញ្ចូល​​ក្នុង​បញ្ជី​ខ្មៅ​

01-06-2019 4:14 pm 1386
  ស្តាប់
អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មចិន
ស្តាប់ជាសំឡេង

​ប្រទេស​ចិន​បាន​បញ្ជាក់ថា​បញ្ជីខ្មៅ​មួយ​នឹងត្រូវ​បង្ហាញ​ក្នុងពេល​ឆាប់ៗ ដែល​ក្នុងនោះ​នឹង​ដាក់បញ្ចូល​ក្រុមហ៊ុន​បរទេស​ឬ​បុគ្គល​ដែល​មិនគួរឲ្យ​ទុកចិត្ដ និង​មាន​ចេតនា​ចង់​បំផ្លាញ​ដល់​ប្រយោជន៍​ក្រុមហ៊ុន​ចិន​។ នេះ​គឺជា​ការផ្លាស់ប្ដូរ​មួយ​ធ្វើឡើង​ចន្លោះពេល​ទីក្រុង​ប៉េកាំង កំពុង​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន និង​បន្ទាប់ពី​អាមេរិក​ដាក់បញ្ចូល​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន​Huawei ចូលទៅក្នុង​បញ្ជីខ្មៅ​នាពេល​ថ្មីៗ​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា បញ្ជីខ្មៅ​របស់​ចិន​នឹង​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​បរទេស ឬ​បុគ្គល​ដែល​រំលោភ​លើ​ច្បាប់​ទីផ្សារ​របស់​ចិន រំលោភ​លើ​កិច្ចសន្យា ឬក៏​ក្រុមហ៊ុន​ដែល​ចាត់វិធានការ​រើសអើង ក្នុង​គោលបំណង​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​និង​ផលប្រយោ​ជន៍​ជំនួញ ក៏ដូចជា​ផលប្រយោជន៍​សន្ដិសុខ​ជាតិ​ចិន​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោក​Gao Feng​បាន​និយាយថា បញ្ជី​ឈ្មោះ​នេះ​នឹង​បង្ហាញ​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​លោក​Gao​បន្ថែមថា បញ្ជីខ្មៅ​នឹង​ឈរលើ​មូលដ្ឋាន​ពាណិជ្ជកម្ម​ជា​អន្ដរជាតិ​របស់​ចិន ផ្អែកលើ​ច្បាប់​សន្ដិសុខ​ជាតិ ប្រឆាំង​ភាពផ្ដាច់មុខ និង​មាន​គោលដៅ​លើ​ក្រុមហ៊ុន​ឬ​អង្គភាព ដែល​បាន​រារាំង​ពាណិជ្ជកម្ម​របស់​ចិន ទាំង​ពាណិជ្ជកម្ម​នោះ​មិន​បង្កក្ដី​ព្រួយបារម្ភ​ក៏ដោយ​។ បន្ទាប់ពី​ការប្រកាស​ដូច្នេះ​របស់​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ទូរទស្សន៍​រដ្ឋ​ចិន​CCTV​ក៏បាន​ចេញផ្សាយ​ព័ត៌មាន​បញ្ជាក់​ជំហ​រថា ចិន​នឹង​បន្ដ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។ ចិន​មិន​ចង់​ធ្វើសង្គ្រាម​ទេ តែ​ក៏​មិន​ខ្លាច​នឹង​តតាំង​ដែរ​។ អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ទូរទស្សន៍​CCTV​បាន​និយាយថា ប្រសិនបើ​អាមេរិក​ចង់​ចរចា ទ្វារ​បើក​ជានិច្ច​ចាំ​ទទួល​ស្វាគមន៍​។ តែបើ​អាមេរិក​ចង់​ប្រយុទ្ធ ចិន​នឹង​ប្រយុទ្ធ​ដល់​ទីបញ្ចប់​។​

​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ចិន គឺជា​ការឆ្លើយតប​ដោយផ្ទាល់​ទៅលើ​ក្រសួងពាណិជ្ជកម្ម​អាមេរិក ដែល​សម្រេច​បញ្ចូល​ក្រុមហ៊ុន​Huawei​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រមាណ​៧០​ទៀត​ក្នុង​បញ្ជី​ខ្មៅ ដោយ​លើក​ហេតុផល​ថា​ព្រួយបារម្ភ​ពី​បញ្ហា​សន្ដិសុខ​ជាតិ​។ ក្រោយពី​នោះមក​អាមេរិក​បាន​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុនបច្ចេក​វិទ្យា​របស់ខ្លួន ផ្គត់ផ្គង់​គ្រឿងបន្លាស់​និង​កម្មវិធី​ទៅឲ្យ​ក្រុមហ៊ុន​Huawei​ឡើយ​។ ក្រៅពីនេះ​បាន​ហាមឃាត់​មិនឲ្យ​ផលិតផ​លរបស់​ក្រុមហ៊ុន​Huawei​ឈាន​ជើង​ចូល​ទីផ្សារ​អាមេរិក​ទេ និង​ហាមឃាត់​ប្រទេស​សម្ព័ន្ធមិត្ដ​មិនឲ្យ​សហការ​ជាមួយ​Huawei លើ​ការអភិវឌ្ឍ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែ​5G​ផងដែរ​៕

ព័ត៌មានផ្សេងទៀត