រដ្ឋមន្ដ្រី​អាមេរិក​៖​​ចិន​ជា​អ្នក​​គំរាមកំហែង​​​​ស្ថិរភាព​​​ក្នុង​តំបន់​អាស៊ី​

01-06-2019 10:46 am 696
  ស្តាប់
​រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Patrick Shanahan
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​Patrick Shanahan បាន​និយាយ​នៅ​ថ្ងៃទី​០១​មិថុនា​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​សិង្ហ​បុរី​ថា ប្រទេស​ចិន​គឺជា​អ្នកទទួលខុសត្រូវ​លើ​សកម្មភាព​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​។ ការអះអាង​ដូច្នេះ​ស្របពេល​អាមេរិក​និង​ចិន កំពុង​ផ្ទុះ​ភាព​តានតឹង​លើ​បញ្ហា​ពាណិជ្ជកម្ម​។ ប៉ុន្ដែ​នៅក្នុង​សុន្ទរកថា លោក​Shanahan​មិនបាន​និយាយ​ចំឈ្មោះ​ចិន​ឡើយ លោក​ប្រើពាក្យ​អ្នកដើរតួ​ជំនួស​ពាក្យ​ថា​ប្រទេស​ចិន​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ដ​នៅអាស៊ី ត្រូវ​បង្កើន​ការចំណាយ​លើ​ផ្នែក​សន្ដិសុខ ហើយ​អាមេរិក​នៅតែ​យកចិត្ដទុកដាក់​ក្នុង​តំបន់​នេះ​ជានិច្ច​។​

​ពេល​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​ចាប់តាំងពី​ចូល​កាន់តំណែង​រដ្ឋមន្ដ្រី​ការពារជាតិ​ស្ដីទី​អាមេរិក លោក Shanahan​បន្ថែម​ដូច្នេះ​ថា “​ប្រហែលជា​ការគំរាមកំហែង​រយៈពេល​យូរ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍​បណ្ដា​រដ្ឋ​នានា​នៅ​ទូទាំង​តំបន់​នេះ កើតចេញពី​អ្នក​ព្យាយាម​ដើរតួ​ធ្វើឲ្យ​ខូចខាត ជាជាង​គាំទ្រ​ដល់​សណ្ដាប់ធ្នាប់​អន្ដរជាតិ​។ ប្រសិនបើ​និន្នាការ​នៃ​អាកប្បកិរិយា​ទាំងនេះ​នៅ​បន្ដ​កើតឡើង លក្ខណៈ​សិប្បនិម្មិត​កើនឡើង​កាន់តែខ្លាំង អធិបតេយ្យភាព​អាច​នឹង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ្នកមានអំណាច​។​” 

​សម្ដី​ដែលោក​Shanahan​និយាយថា​លក្ខណៈ​សិប្បនិម្មិត អាច​សំដៅលើ​កោះ​សិប្បនិម្មិត​សាងសង់​ដោយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ដែនទឹក​ជម្លោះ​ចិន​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង​។ នៅពេល​និយាយ​ចំឈ្មោះ​ចិន លោក​Shanahan​ថា​វា​ជា​ផលប្រយោជន៍​របស់​ទីក្រុង​ប៉េកាំង ដែល​ត្រូវ​កសាង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​។ តែ​យ៉ាងណាមិញ​ចំពោះ​ឥរិយាបថ​ដែល​ធ្វើឲ្យ​ខូចខា​តដល់​អធិបតេយ្យភាព​ប្រជាជាតិ​ដទៃ និង​ការ​សាបព្រោះ​ភាពមិន​ទុកចិត្ដ​គ្នា​ត្រូវតែ​បញ្ចប់​ជាដាច់ខា​ត​។ 

​គួរ​បញ្ជាក់ថា ពេលនេះ​អាមេរិក​និង​ចិន​កំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម មិនទាន់​ចរចា​រក​ដំណោះស្រាយ​បាន​នៅឡើយ​។ អាមេរិក​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ហើយ​ចិន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​ដូចគ្នា​។ ការ​សងសឹក​ទៅវិញទៅមក​កំពុង​ធ្វើ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ទោះបី​មន្ដ្រី​តំណាង​ប្រទេស​ទាំងពី​របើក​ការចរចា​ជា​ច្រើនលើកច្រើនសារ ប៉ុន្ដែ​នៅតែ​គ្មាន​កិច្ចព្រមព្រៀង​រួម​។ អាមេរិក​ក៏​កំពុង​ផ្ទុះ​ភាព​តានតឹង​មួយទៀត​ជាមួយ​ក្រុមហ៊ុន​Huawei​របស់​ចិន គឺ​ជម្លោះ​ផ្នែក​បច្ចេកវិទ្យា​៕

ព័ត៌មានផ្សេងទៀត