រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ កម្ពុជា​មិន​ទាន់​ទទួល​ឥទ្ធិពល​អវិជ្ជមាន​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​

01-06-2019 9:59 am 1287
  ស្តាប់
ស្តាប់ជាសំឡេង

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រទេស​មហាអំណាច នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​គ្រប់​ប្រទេស​ទាំងអស់ ទោះ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​តូចក្តី ធំក្តី តែ​ចំពោះ​កម្ពុជា យើង​នៅ​ពុំ​ទាន់​ទទួល​ឥទ្ធិពល​វិជ្ជមាន​ណាមួយ​ចេញពី​សង្គ្រាម​នេះ​ទេ ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​រវាង​លោក និង​គណៈប្រតិភូ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អឺរ៉ុប​-​អាស៊ាន នៅ​កាលពី​ថ្ងៃ​ទី​៣០ ឧសភា...

​ក្នុងជំនួប​នោះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែងថា ចំពោះ​កម្ពុជា ក្នុង​រយៈពេល​ខ្លី និង​មធ្យម យើង​មិន​ទាន់​ទទួល​ឥទ្ធិពល​អវិជ្ជមាន ឬ​ផលវិបាក​ភ្លាម កើតចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ទេ ព្រោះថា សេដ្ឋកិច្ច​កម្ពុជា ទោះបីជា​សេដ្ឋកិច្ច​តូច តែ​បើកចំហ មាន​ភាព​អំណោយផល ទីផ្សារ​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ចម្រុះ សម្រាប់​ទាំង​ទីផ្សារ​សហរដ្ឋអាមេរិក ក៏ដូចជា​សហភាព​អឺរ៉ុប ។​

​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់​ថា តាម​ទិន្នន័យ​ស្ថិតិ​ចុងក្រោយ ការនាំចេញ ក៏ដូចជា វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា នៅតែ​បន្ត​មាន​កំណើន​ប្រសើរ ។ ប្រការនេះ អាច​មានន័យថា សង្គ្រាម​ពាណិជ្ជកម្ម ក៏​អាច​បង្កើត​ជា​ឱកាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​កម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន និង​ទាញ​យក​លំហូរ​វិនិយោគ​បន្ថែម ។​

​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ករណី​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​តែ​អូសបន្លាយ​រយៈពេល​វែង កម្ពុជា​អាច​នឹង​ប្រឈម​ផលប៉ះពាល់​អវិជ្ជមាន ដូចជា ការថយចុះ​នៃ​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​លំហូរ​ទុនវិនិយោគ​បរទេស ដែល​បណ្តាល​មក​ពី​កំណើន​យឺត នៃ​សេដ្ឋកិច្ច​សកលលោក ។​

​លោក​ថា ក្នុង​វេទិកា​ផ្នែក​ឯកជន និង​រដ្ឋាភិបាល​លើ​ក​ទី​១៨ នា​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ជា​កញ្ចប់​មួយចំនួន ក្នុង​គោលដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក៏ដូចជា ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​បន្ថែមទៀត ដែល​ក្នុងនោះ រួមមាន ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​, ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​, ការ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត និង​ការបន្ត​កំណែទម្រង់​ស្ថាប័ន​ជា​ដើម ៕

ព័ត៌មានផ្សេងទៀត