ឥណ្ឌា​​នឹង​មិនអាច​​ក្លាយជា​​ប្រទេស​​មាន​កំណើន​សេដ្ឋកិច្ច​​លឿន​ជាងគេ​​ទៀត​ទេ​

01-06-2019 9:38 am 601
រូបភាព​បង្ហាញពី​ការរីក​ចម្រើន​​នៃកំណើន​សេដ្ឋកិច្ច​ឥណ្ឌា​កន្លងមក

​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ នេះ​បើតាម​របាយការណ៍​បង្ហា​ញ​ដោយ​រដ្ឋាភិបាល​។ តួលេខ​បង្ហាញ​ក្នុង​របាយការណ៍ បាន​បង្កឲ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​លោកនាយក​រដ្ឋមន្ដ្រី​ណារិ​នដ្រា ម៉ូ​ឌី ដែល​ទើប​ចូល​កាន់តំណែង​អាណត្ដិ​ទីពីរ​កាលពី​ថ្ងៃទី​៣០​ឧសភា​។ 

​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ឥណ្ឌា គិតពី​ខែមេសា​ឆ្នាំ​២០១៨​ដល់​ខែ​មីនាឆ្នាំ​២០១៩ សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ​កើនឡើង​បានតែ​៦.៨​ភាគរយ​ប៉ុណ្ណោះ​។ នៅក្នុង​ត្រីមាស​ចន្លោះ​ពី​ខែមករា​ដល់​ខែមីនា សេដ្ឋកិច្ច​ឥណ្ឌា​កើនឡើង​បានតែ​៥.៦​ភាគរយ​ទេ ស្ថិតនៅ​ពីក្រោយ​ប្រទេស​ចិន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​។ ដូច្នេះ​មានន័យថា ឥណ្ឌា​នឹង​មិនអាច​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​កើនឡើង​លឿន​ជាងគេ​ទៀត​ទេ​ក្នុង​ពិភពលោក​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​ឥណ្ឌា​បាន​បញ្ចេញ​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវតែ​គិតគូ​ឡើងវិញ​ពី​ការបង្កើត​ការងារ​ឲ្យបាន​ឆាប់រហ័ស និង​កំណត់​លក្ខខណ្ឌ​ឲ្យបាន​សមស្រប​នៅតាម​ស្ថាប័នឬ​ក្រុមហ៊ុននានា ដើម្បី​អាច​រក្សា​ស្ថិរភាព​ការងារ​រយៈពេល​យូរ ជួយ​ជំរុញ​ដល់​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ចំពោះ​ការលក់​រថយន្ដ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៧​ឆ្នាំ​។ ការលក់​ត្រាក់ទ័រ ម៉ូតូ​ជាដើម ក៏​ធ្លាក់ចុះ​ដូចគ្នា ស្របពេល​តម្រូវការ​ផ្នែក​ធនាគារ​ធ្លាក់ចុះ​ខុសពី​ការរំពឹងទុក​៕

ព័ត៌មានផ្សេងទៀត