លោក​ហ៊ុន សែន​ស្នើ​ជប៉ុន​បន្ត​សិក្សា​គម្រោង​អគ្គិសនី​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ​

01-06-2019 9:37 am 744
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ជប៉ុន​ពិចារណា​បន្ដ​សិក្សា គម្រោង​សាងសង់​បណ្តាញ​អគ្គិសនី នៅ​តំបន់​ព្រំដែន​ឡាវ​-​កម្ពុជា មក​រាជធានី​ភ្នំពេញ ដូចដែល​បាន​ពិភាក្សា​នា​ពេលកន្លងមក​។ ​ការស្នើ​នេះ ធ្វើឡើង ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក អាបេ ស៊ីន​ហ្សូ នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា «​ឆ្នាំនេះ កម្ពុជា​មាន​ការប្រឈមមុខ នឹង​កង្វះ​អគ្គិសនី ដោយសារ​អាកាសធាតុ​ដែល​ធ្វើឲ្យ​វារី​អគ្គិសនី​កម្ពុជា យើង​គ្មាន​ទឹក​គ្រប់គ្រាន់ ដូច្នេះ​ស្នើ​ឲ្យ​ជប៉ុន ជួយ​ពិចារណា​សិក្សា​អំពី​បណ្តាញ​អគ្គិសនី ជាពិសេស​ការពិភាក្សា​កន្លងមកនេះ រវាង​អង្គការ Jica និង​ក្រសួង​រ៉ែ និង​ថាមពល ដែល​ចុះ​ធ្វើការ​សិក្សា​ពី​ព្រំដែន​ឡាវ​-​កម្ពុជា មក​រាជធានី​ភ្នំពេញ ដែល​មាន​ប្រវែង​៣៥០​គីឡូម៉ែត្រ​»​។​

​គម្រោង​សាងសង់​បណ្តាញ​អគ្គិសនី ដែល​ជា​ការគាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន មកដល់​កម្ពុជា ធ្វើឡើង​ដើម្បី​ទាញ​ថាមពល​អគ្គិសនី​ចេញពី ប្រទេស​ឡាវ ហើយ​ក្នុង​គោលបំណង​បង្កើន​ថាមពល​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀត ខណៈ​ដែល​ការប្រើប្រាស់​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​គួរបញ្ជាក់​ថា ក្នុង​រដូវប្រាំង​ឆ្នាំនេះ កម្ពុជា​បាន​ជួប​គ្រោះ​ក្តៅ​ហួត​ហែង កម្តៅ​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា ដែល​ធ្វើឲ្យ​បណ្តាញ​អគ្គិសនី មិន​អាច​ផលិត​ថាមពល​បាន​គ្រប់គ្រាន់​។ កម្ពុជា​ខ្វះ​ថាមពល​អគ្គិសនី ប្រមាណ​៤០០​មេហ្កា​វ៉ាត់ ដែល​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។​

កង្វះខាត​អគ្គិសនី​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ មាន​ភាព​អត់ធ្មត់ និង​យោគយល់​អធ្យាស្រ័យ​។ តែ​យ៉ាងណា ចាប់ពី​ចុងខែ​ឧសភា រហូតមកដល់​ពេលនេះ ត្រូវបាន​គេ​មើលឃើញថា ចរន្តអគ្គិសនី​អាច​ដំណើរការ​ប្រក្រតី​ឡើងវិញ ខណៈ​ការផ្តាច់​ភ្លើង​ញឹកញាប់​លែង​សូវ​មាន និង​ភាព​រអ៊ូរទាំ របស់​ប្រជាពលរដ្ឋ ជុំវិញ​ការផ្តាច់​ភ្លើង​នេះ ក៏​ហាក់​មិនសូវ​លឺ​ទៀតដែរ​។ ​ពាក់ព័ន្ធ​បញ្ហា​នេះ ក្រុមការងារ​វិទ្យុ​វាយោ បាន​ព្យាយាម​ទាក់ទង​មន្ត្រី​គ្រប់គ្រង​ថាមពល​អគ្គិសនី ប៉ុន្តែ​ពុំ​មាន​ការឆ្លើយតប​៕  

 ពាក្យគន្លឹះ  អគ្គិសនីដាច់ភ្លើង

ព័ត៌មានផ្សេងទៀត