អាមេរិក​-​ចិន​​ចាំបាច់​​ត្រូវ​កសាង​​កិច្ចសហ​ការ​​ថ្មី​​ដើម្បី​ស្ថិរភាព​​ពិភពលោក​

31-05-2019 4:51 pm 970
  ស្តាប់
ឧបនាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​ហេង ស៊េ​គៀត​(Heng Swee Keat)
ស្តាប់ជាសំឡេង

​បើទោះបីជា​មហាអំណាច​អាមេរិក​និង​ចិន កំពុង​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​ជាមួយគ្នា​នា​ពេលបច្ចុប្បន្ន ប៉ុន្ដែ​ប្រទេស​មហាអំណាច​ទាំងពីរ​មិនអាច​កាត់​ផ្ដាច់ទំនាក់ទំនង​ពីគ្នា​បានឡើយ ប្រសិនបើ​ចង់ឲ្យ​ពិភពលោ​កមាន​សណ្ដាប់ធ្នាប់ មាន​ស្ថិរភាព​។ ជម្លោះ​រវាង​ប្រទេស​ទាំងពីរ មិនមែន​ប៉ះពាល់​តែ​សាមីខ្លួន​ឡើយ តែ​វា​បាន​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ គិតពី​ទីផ្សារ​អន្ដរជាតិ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ពិតជា​ធ្វើឲ្យរញ្ជួយ​គ្រប់កន្លែង​ទាំងអស់​។ អាមេរិក​និង​ចិន​មាន​ទីផ្សារ​នៅ​គ្រប់​ទីកន្លែង ដូច្នេះ​បើ​នៅ​បន្ដ​សងសឹក​គ្នា នោះ​នឹង​ធ្វើឲ្យ​ចលាចល​កាន់តែខ្លាំង​។​

​ជុំវិញ​បញ្ហា​នេះ​ឧបនាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​ហេង ស៊េ​គៀត​(Heng Swee Keat) បាន​និយាយ​កាលពី​ថ្ងៃទី​៣០​ឧសភា​ថា អាមេរិក​និង​ចិន​ត្រូវតែ​ធ្វើការ​រួមគ្នា បង្កើត​កិច្ចសហប្រតិបត្ដិការ​ថ្មី​មួយ​សម្រាប់​ឲ្យ​ពិភពលោ​ក​មាន​ភាពនឹងន​រ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៥​ស្ដីពី​អនាគត​របស់​អាស៊ី ប្រព្រឹត្ដទៅ​ក្នុងប្រទេស​ជប៉ុន លោក​ហេង​សង្កត់ធ្ងន់ថា​ពិភពលោក​បច្ចុប្បន្នកំពុង​ច្របូកច្របល់​។ ហេតុនេះ​ប្រទេស​ទាំងពីរ​ត្រូវតែ​កសាង​ទំនុកចិត្ដ​ក្នុង​ការស្ដារ​ទំនាក់ទំនង​ឡើងវិញ ព្រោះ​ទំនាក់ទំនង​ប្រកបដោយ​និរន្ដរភាព​ពិតជា​មាន​សារសំខាន់ និង​ជា​គន្លឹះ​បន្ដ​រក្សា​សន្ដិភាព អធិបតេយ្យភាព​ទាំង​នៅ​អាស៊ី​និង​ពិភពលោក​។​

​អាមេរិក​និង​ចិន​ត្រូវតែ​ចៀសវាង​ការ​បង្កហេតុ​ដាក់គ្នា ដោយ​ត្រូវ​រៀបចំ​គោលនយោបាយ​ក្នុងស្រុក​រៀងៗ​ខ្លួន​។ ភាគី​នីមួយៗ​ត្រូវ​យល់​ពី​ឧបសគ្គ​ក្នុងស្រុក និង​ខ្សែបន្ទាត់​នៃ​ភាគី​ម្ខាង​ទៀត សម្រាប់​ស្ថាបនា​ការចរចា​។ ប្រទេស​ទាំងពីរ​ក៏​គួរ​ទទួលស្គាល់​ដែរថា ភាពខុសគ្នា​របស់​ពួកគេ​បច្ចុប្បន្ន វា​ហួស​ពី​បញ្ហា​ពាណិជ្ជកម្ម​ទៅទៀត​។ ដូច្នេះ​ត្រូវ​ដោះស្រាយ​បញ្ហា​មួយៗ​តាម​វិធីសាស្ដ្រ​ផ្សេងគ្នា ប៉ុន្ដែ​ប្រកបដោយ​អត្ថន័យ​ល្អ កុំឲ្យ​រឿង​ពាណិជ្ជកម្ម​ចូលទៅ​បង្ក​ជា​វិបត្ដិ​កាន់តែ​ស្មុគស្មាញ​។​

​ដើម្បីឲ្យ​អាមេរិក​និងចិន​អាច​ប​ង្កើ​កិច្ចសហប្រតិបត្ដិការ​គំរូ​ថ្មី​បាន លោក​ហេង​ផ្ដល់​ជា​យោបល់​ថា អាមេរិក​ចាំបាច់​ត្រូវតែ​កែសម្រួល​និង​ទទួលស្គាល់ថា ខណៈដែល​ប្រទេស​ចិន​ជា​គូ​ប្រកួតប្រជែង ចិន​ក៏​ជា​ដៃគូ​ដ៏​មានតម្លៃ​អាច​ចែករំលែក​ការទទួលខុសត្រូវ ក្នុង​ការផ្គត់ផ្គង់​ទំនិញ​ដល់​អន្ដរជាតិ​។ បន្ថែម​លើ​នេះ​អាមេរិក​ត្រូវ​ទទួលស្គាល់ថា គ្មាន​ជម្រើស​ល្អប្រសើរ​ជាង​នេះ​ទេ​តែ​ត្រូវ​ធ្វើការ​ជាមួយ​ចិន ព្រោះ​បើ​ព្យាយាម​ទប់ស្កាត់​ចិន​នោះ​នឹង​គ្មាន​លទ្ធផល​ល្អ​ឡើយ​។ 

​ជារួម​សហរដ្ឋអាមេរិក​គួរ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យមាន​តុល្យភា​ព​ជាថ្មី​ជាមួយ​ចិន ដែល​នាំមក​នូវ​ផលប្រយោជន៍​ស្របច្បាប់​សម្រាប់​ប្រទេស​ទាំងពីរ​។ រឿង​មួយទៀត​ដែល​ត្រូវធ្វើ​គឺ​បន្ដ​ប្រកាន់យក​ប្រព័ន្ធ​ពហុភាគី​មាន​មូលដ្ឋាន​លើ​ច្បាប់ ដើម្បីឲ្យ​ប្រទេស​ធំៗ​និង​ប្រទេស​តូចៗ​ទាំងអស់ អាច​បញ្ចេញ​សំឡេង​ពួកគេ​ឲ្យ​អ្នកដទៃ​បានលឺ ហើយ​អធិបតេយ្យភាព​របស់​ពួកគេ​ក៏​ត្រូវបាន​គោរព​៕

ព័ត៌មានផ្សេងទៀត