​​​កម្ពុជា​​​​បន្ត​ប្តេជ្ញា​បញ្ជូន​កងទ័ព​មួក​ខៀវ​​​​ក្រោម​ឆ័ត្រ​UN​​បន្ថែម​​​ដើម្បី​រក្សា​សន្តិភាព​​​

31-05-2019 1:17 pm 1993
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិ​ទ្ធ បាន​អះអាងថា កម្ពុជា នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​ចូលរួម​សកម្មភាព​មនុស្សធម៌​ជុំវិញ​ពិភពលោក តាមរយៈ​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ ចូលរួម​បំពេញបេសកកម្ម​ចំនួន​៨​ប្រទេស​ផងដែរ​។

​លោក អ៊ុច បូររិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​នេះ និង​ទៅ​អនាគត​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់ បន្តសកម្មភាព​មនុស្ស​ធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ក្នុង​ពិភពលោក​ជា​បន្តទៀត ដោយ​ត្រៀម​រៀបចំ​កម្លាំង និង​មធ្យោបាយ​នានា សម្រាប់​ដាក់បញ្ចូល​ក្នុង​កំរិត​នៃ​ប្រព័ន្ធ​រៀបរយ​សមត្ថភាព​រក្សា​សន្តិភាព​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល​បច្ចេកទេស​បោសសម្អាត​មីន​កម្រិត​ខ្ពស់​ថ្នាក់​តំបន់ និង​អាស៊ាន សម្រាប់​គ្រូ​បង្គោល ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​យ៉ាងណាមិញ អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​បង្ហោះ​សារ​អរគុណ​ចំពោះ​ការលះបង់​របស់​កម្ពុជា ការពា​ក់លី​របស់​កង​ទ័ព​មួក​ខៀវ​ខ្មែរ​ទាំងប្រុស​ទាំងស្រី នៅលើ​គណនី​យ​ហ្វេ​សប៊ុ​កបខ្លួន ដោយ​អង្គការសហប្រជាជាតិ បានលើកឡើង​ផងដែរ​នូវ បុរស​និង​នារី​ដ៏​អង់អាច​ក្លាហាន ពី​ប្រទេស​កម្ពុជា បាន​ចាកចេញ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​មក​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​បេសកកម្ម​ថែរក្សា​សន្តិភាព អង្គការសហប្រជាជាតិ (UN) នៅ​ជុំវិញ​ពិភពលោក​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​របស់ខ្លួន ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ចំនួន​៨​ប្រទេស រួមមាន​៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល សរុប​ចំនួន​៦២៧៨​នាក់ ក្នុងនោះ​នារី​ចំនួន​៣១៥​នាក់​។ រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ការ​បញ្ជួន​កម្លាំង​មួក​ខៀវ​ទៅ​បំពេញ​បេស​សកម្ម​ការងារ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការសហប្រជាជាតិ ជា​មោទនភាព​មួយ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ យ៉ាងណាក៏ដោយ បើតាម​លោក​អ៊ុច បូររិ​ទ្ធ បាន​បញ្ជាក់ថា «​បច្ចុប្បន្ននេះ កម្លាំង​យើង​មាន​ចំនួន​៧៨៨​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ចំនួន​៥ លើ​ជំនាញ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលានយន្តហោះ អាវុធហត្ថ នាយទាហាន​សង្កេតការណ៍ និង​នាយទាហាន​សេនាធិការ​»​។​

​សូមបញ្ជាក់ថា កន្លងទៅ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ជំហ​រថា រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​ការ​រាថយ ក្នុង​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​បំពេញបេសកកម្ម នៅ​ក្រៅប្រទេស​នោះឡើយ​។ លោក ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត PPIU កាលពី​ថ្ងៃទី​២៥ ខែ​មីនា ធ្លាប់បាន​បង្ហើប​ឱ្យដឹងថា រាជរដ្ឋាភិបាល បាន​ចុះហត្ថលេខា​បញ្ចេញ​ថវិកា​១៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​រថពាសដែក​បំពាក់​ជូន​កងទ័ព​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​ការពា​សន្តិ​ភាព នៅ​ប្រទេស​ម៉ាលី ក្រោមឆ័​ត្រអង្គ​ការសហ​ប្រជាតិ​ផងដែរ​៕

 ពាក្យគន្លឹះ  កងទ័ពមួកខៀវកម្ពុជា

ព័ត៌មានផ្សេងទៀត