កូរ៉េខាងជើង​​ដាក់ទោស​មន្ដ្រី​​ជាច្រើនរូប​​ក្រោយ​កិច្ចចរចា​​នៅ​វៀតណាម​​បរាជ័យ​

31-05-2019 11:36 am 2548
  ស្តាប់
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន
ស្តាប់ជាសំឡេង

​តាម​ការចុះផ្សាយ​របស់​កាសែត​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣១​ឧសភា​នេះ​បានឲ្យដឹងថា កូរ៉េខាងជើង​បានដាក់​ទោស​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប ក្នុងនោះ​មាន​បេសកជន​ពិសេស​កូរ៉េខាងជើង​ប្រចាំ​នៅ​អាមេរិក​លោក​គីម ហ្យុ​ក​ចូល និង​មន្ដ្រី​ក្រសួងការបរទេស​ផងដែរ​។ ពួកគេ​ទាំងនោះ​សុទ្ធ​ជា​អ្នកទទួលខុសត្រូវ​លើ​ការរៀបចំ​កិច្ចចរចា​លើក​ទី​ពីរ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៧-២៨​កុម្ភៈ​។ ពួកគេ​ត្រូវ​ចាប់​ឲ្យមក​ទទួលទោស ចំពោះ​បរាជ័យ​នៃ​កិច្ចចរចា​កាលនោះ​។​

​បេសកជន​ពិសេស​កូរ៉េខាងជើង​លោក​គីម ហ្យុ​ក​ចូល ត្រូវបាន​ស៊ើបអង្កេត​និង​ដាក់ទោស​កាលពី​ខែ​មីនា ជាមួយ​មន្ដ្រី​ក្រសួងការបរទេស​បួនរូប​ទៀត​។ នេះ​បើតាម​ប្រភពពី​កូរ៉េខាងជើង​មិន​បញ្ចេញ​ឈ្មោះ ត្រូវបាន​កាសែត​Chosun Ilbo​ដកស្រង់​មក​ចុះផ្សាយ​។ ពួកគេ​ទាំងនោះ​ត្រូវ​ចោទប្រកាន់ថា​បាន​ស៊ើបការណ៍​ឲ្យ​អាមេរិក​។ លោក​គីម ហ្យុ​ក​ចូល ធ្លាប់​ចរចា​ជាមួយ​តំណាង​របស់​អាមេរិក​លោក​ស្ដេ​ហ្វិន ប៊ី​ហ្គេន​មុន​កិច្ចប្រជុំ​នៅ​វៀតណាម​។​

​រីឯ​លោក​គីម សុង​ហេ ជា​អ្នកចូលរួម​កិច្ចចរចា​ជាមួយ​លោក​គីម ហ្យុ​ក​ចូល​ដែរនោះ ត្រូវបាន​បញ្ជូនទៅ​ជំរំ​អ្នកទោសនយោបាយ​។ សម្រាប់​អ្នកបកប្រែ​ឲ្យ​លោក​គីម ជុង​អ៊ុន​ក្នុង​កិច្ចប្រជុំ​នៅ​វៀតណាម​ឈ្មោះ​សី​ន ហេ​យ៉ុង ក៏​ត្រូវបាន​ឃុំខ្លួន​នៅ​ជំរំ​អ្នកទោសនយោបាយ​ដែរ ដោយសារតែ​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិអំណា​ចរបស់​លោក​គីម ជុង​អ៊ុន តាមរយៈ​កំហុស​ក្នុង​ការបកប្រែ​។​
​លោក​គីម យ៉ុង​ចូល ជា​មន្ដ្រីជាន់ខ្ពស់​មួយរូប​ទៀត ធ្លាប់បាន​ចរចា​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក​ម៉ៃ ផុម​ភី​អូ ដើម្បី​រៀបចំ​កិច្ច​ជំនួប​រវាង​លោក​ត្រាំ​និង​លោក​គីម ត្រូវបាន​ចាប់បញ្ជូន​ឲ្យទៅ​ធ្វើ​ពលកម្ម​និង​ទទួល​

ការអប់រំ​ផ្នែក​មនោគមន៍វិជ្ជា​។ លោក​ត្រូវបាន​បង្ខំ​ឲ្យទៅ​ធ្វើការ​នៅក្នុង​ខេត្ដ​ចា​កាង បន្ទាប់ពី​បណ្ដេញ​ចេញពី​តំណែង​មន្ដ្រីជាន់ខ្ពស់​។ ចំពោះ​អ្នកស្រី​គីម យ៉ូ​ចុងជា​ប្អូនស្ដ្រី​បង្កើតលោក​គីម ជុង​អ៊ុន និង​ជា​ជំនួយការ​ជាន់ខ្ពស់​លោក​គីម​ក្នុង​កិច្ចប្រជុំ​នៅ​វៀតណាម​ក៏ត្រូវ​បាត់​ខ្លួន​។ អ្នកស្រី​មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ឬ​មាន​នរណា​ទទួលបាន​ដំណឹង​ឡើយ ចាប់តាំងពី​កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​។ បើតាម​ព័ត៌មាន​ទទួលបាន អ្នកស្រី​ត្រូវបាន​លោក​គីម ជុង​អ៊ុន​ចេញ​បញ្ជា​មិនឲ្យ​បង្ហាញខ្លួន​។​

​មេដឹកនាំ​កូរ៉េខាងជើង​ត្រូវបាន​ជឿជាក់ថា កំពុងបង្វែរ​យកចិត្ដទុកដាក់​ក្នុង​ការដឹកនាំ​បោសស​ម្អាត​ផ្ទៃក្នុង​ទ្រង់ទ្រាយ​ធំ​។ នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​កូរ៉េខាងជើង​បោសសម្អាត​ផ្ទៃក្នុង​ទ្រង់ទ្រាយ​ធំ​ដូច្នេះ បន្ទាប់ពី​ការប្រហារជីវិត​លោក​ចាង សុង​ថែ​ក ជា​ពូ​របស់លោក​គីម ជុង​អ៊ុន​កាលពី​ឆ្នាំ​២០១៣​។ វា​ជា​សកម្មភាព​កម្ចាត់​អ្នក​ដែល​ប្រឆាំង​បក្ស ជា​សកម្មភាព​ប្រឆាំង​ការធ្វើ​បដិវត្ដន៍ និង​ជា​ការកាត់ក្ដី​ដ៏​តឹងរ៉ឹង​បំផុត​មួយ​៕

ព័ត៌មានផ្សេងទៀត