ពលរដ្ឋ​ខ្មែរ​​នៅ​​ជប៉ុន​​ធ្វើ​បាតុកម្ម​​ប្រឆាំង​​លោក​​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​​

31-05-2019 11:18 am 2251
សកម្មជន​សហគមន៍ និង ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន ធ្វើការតវ៉ានៅជប៉ុន។ រូបថតពីលោក ហៃ វណ្ណា

​សកម្មជន​សហគមន៍ និង ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៣០ ឧសភា បានធ្វើ​ការប្រមូលផ្តុំ គ្នា​បាតុកម្ម​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ប្រទេស​ជប៉ុន​។​ក្រុមបាតុករ​បាន​លើក​បដារ​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល និង ស្រែក​ទាមទារ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​។​ប៉ុន្តែ​ការតវ៉ា​នេះ​រដ្ឋាភិបាល​មិន​ចាប់អារម្មណ៍ និង​ថា​មិន​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​។

​ដូច​ការគ្រោងទុក​សកម្មជន​សហគមន៍ និង ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​រស់នៅ​ប្រទេស​ជប៉ុន បានធ្វើ​ការប្រមូល​ផ្តុំគ្នា នៅ​ថ្ងៃទី ៣០ ខែឧសភា​ម្សិលមិញ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រុមបាតុករ បាន​លើក​បដារ​សម្តែង​ការមិន​ពេញចិត្ត លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ហើយ​បាន​ស្រែក​ទាមទារ​ខ្លាំងៗ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​។​ក្រុមបាតុករ​បាននាំគ្នា​ប្រកាស​មិន​ទទួលស្គាល់​លោក​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់ និង ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​ក្រុមបាតុករ បាននាំគ្នា​ដើ​រហែ​ក្បួន​ទៅ​តវ៉ា​នៅមុខ​ក្រសួងការបរទេស​ជប៉ុន និង ទៅ​មុខផ្ទះ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន​ហ្សូ អាបេ ថែមទៀត​ផង​។

​គួរ​បញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញដំណើរ​ទៅកាន់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី ២៨ ខែ​ឧសភា ដើម្បី​ចូលរួម និង ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី ២៥ ស្តីពី​អនាគត​របស់​អាស៊ី ដែល​ក្នុងនោះ​លោក​បានលើកឡើង​ពី​បញ្ហា​ជាច្រើន ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង សហរដ្ឋអាមេរិក ការប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ឧត្តមភាព​ខាង​បច្ចេកវិទ្យា​យោធា និង បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ទាក់ទង​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា លោក​ហ៊ុន សែន បានប្រកាស​បង្ហាញ​ជាថ្មី​នូវ​ជំហរ​ដ៏​ម៉ឺងម៉ាត់ ចំពោះ​ក្រុមប្រឆាំង​ថា វិធានការ​ផ្លូវច្បាប់​នៅតែ​បន្ត​កើតមាន​ទៅលើ​ក្រុម​ប្រឆាំង ហើយ​លោក​ត្រៀម​ចាត់វិធានការ​ច្បាប់​បន្ត​លើ​បុគ្គល​ណា​ដែល​ចង់​ចូលមក​ចាប់​លោក​យកទៅ​កាត់ទោស​។ លោក​បន្តថា លោក​កំពុង​រង់ចាំ​ធ្វើសង្គ្រាម​ប្រឆាំង​បុគ្គល​ណា ដែល​បះបោរ​ពី​ក្រៅប្រទេស​ចង់​ទម្លាក់​រូបលោក​។​

​ប្រតិកម្ម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នេះ ធ្វើឡើង​ក្រោយពេល​អតីត​មេ​បក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គឺ​លោក​សម រង្ស៊ី បាន​បង្ហើប​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជា​ច្រើនលើកច្រើនសារ​។​តែ​មិនមាន​ការកំណត់​ថ្ងៃ​ជាក់លាក់​នៃ​ការចូល​មក​កម្ពុជា​វិញ​៕
 

 ពាក្យគន្លឹះ  លោកហ៊ុនសែនជប៉ុន

ព័ត៌មានផ្សេងទៀត