លោក​សម រង្ស៊ី​៖ ​គ្មាន​សង្គ្រាម​អ្វី​ទេ​ រវាង​សម រង្ស៊ី ​និង​ហ៊ុន សែន​

31-05-2019 10:58 am 2217
  ស្តាប់
លោកសម រង្ស៊ី និងលោកហ៊ុន សែន ពេលនៅល្អូកល្អិន នឹងគ្នា
ស្តាប់ជាសំឡេង

​មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង លោក​សម រង្ស៊ី បាន​តប​ទៅ​លោក​ហ៊ុន សែន ដែល​ថ្លែង​ពី​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៣០ ឧសភា ដែលរង់ចាំ​ធ្វើសង្គ្រាម​រហូតដល់​ទីបញ្ចប់ ជាមួយ​ក្រុមប្រឆាំង​។ លោក​សម រង្ស៊ី និយាយថា​« គ្មាន​សង្គ្រាម​អ្វី​ទេ​រវាង សម រង្ស៊ី និង ហ៊ុន សែន​។ មានតែ​សង្គ្រាម ដែល​ជន​ផ្តាច់ការ ហ៊ុន សែន ធ្វើឡើង ប្រឆាំង​ប្រជារាស្ត្រ​ខ្មែរ តែប៉ុណ្ណោះ​»​។ 

​ក្នុង​បទ​សម្ភាស​ជាមួយ​អាស៊ីសេរី លោក​សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា លោក និង​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទៅ​ធ្វើសង្គ្រាម​ជាមួយនឹង​អ្នកណា​ទេ និង​អត់​ចាត់ទុក​ខ្មែ​រណា​ជា​សត្រូវ​ទេ​។ តែ​លោក​និយាយថា ខ្មែរ ត្រូវតែ​ខិតខំ​ទាំងអស់គ្នា ដើម្បី​ដក​លោក​ហ៊ុន សែន ចេញពី​តំណែង​។ នេះ​ជា​ការឆ្លើយតប​នឹង​ការប្រកាស​ដោយ​ចំហ​របស់លោក​ហ៊ុន សែន​។​

​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដោយ​ទំនងជា​សំដៅលើ​លោក​កឹម សុខា ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ «​ក្បត់ជាតិ​» និង​លោក សម រង្ស៊ី ដែល​ប្រកាស​ប្រមូល​ប្រជាជន​មក​ចាប់​លោក​នោះ លោក​ហ៊ុន សែន ថ្លែងថា​៖«​ខ្ញុំ​សុំ​ប្រកាស​ថ្ងៃនេះ​ថា វិធានការ​ច្បាប់ នឹង​ត្រូវតែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវបាន​ចោទប្រកាន់​។ ទន្ទឹមនេះ ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការធ្វើ​សង្គ្រាម​មួយ ទុកឲ្យ​គេ​ធ្វើសង្គ្រាម ដែល​គេ​បានប្រកាសថា នឹង​ចលនា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េខាងត្បូង ខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើសង្គ្រាម​ដើម្បី​មក​ចាប់​ខ្ញុំ​»​។​

​លោក​សម រង្ស៊ី បានប្រកាសថា​វិល​ចូលកម្ពុជា ហើយ​បំផុសបំផុល​កម្លាំងប្រដាប់អាវុធ ​និង​ប្រជាពលរដ្ឋ ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល និង​ចាប់ខ្លួន​លោក​ហ៊ុន សែន យកទៅ​ផ្តន្ទាទោស​។ លោក​ហ៊ុន សែន និយាយថា​«​ខ្ញុំ​ទុកពេល​ឲ្យគេ​ធ្វើ​។ ដរាបណា​គេ​មិនទាន់​ប្រកាស​ចុះចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ផ្សេងទៀត​ដែរ​»​។ លោក​ថា លោក មិនអាច​ចាញ់​សង្គ្រាម​នេះទេ​។​

​លោក​មាស នី មើលឃើញថា ស្ថានភាព​ពេលនេះ ការប្រកាស​របស់លោក​ហ៊ុន សែន មិនមែនជា​ដំណោះស្រាយ​ល្អ​ឡើយ ក្នុងការ​ទប់ទល់​ជាមួយ​ក្រុម​អតីត​គណបក្សប្រឆាំង ពោលគឺ​មិន​អាច​ទាញយក​ទឹកចិត្ត​ពីអ្នក​ធ្លាប់​គាំទ្រ​អតីត​គណបក្សប្រឆាំង​បានឡើយ តែ​វា​កាន់តែ​ប្រឈម​នឹង​បញ្ហា​ទៅវិញ​ទេ​។ លោក​មាស នី និយាយទៀតថា ការបន្ត​យាយី ក្រុមប្រឆាំង​កាន់តែខ្លាំង វា​ហាក់ដូចជា​ផ្តល់​កម្លាំង​ឲ្យ​ក្រុម​ប្រឆាំង ឬ​លោក​សម រង្ស៊ី កាន់តែ​មាន​កម្លាំង​ខ្លាំង​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត