ក្រសួង​ណែនាំ​ទប់ស្កាត់​បន្ទាន់​នូវ​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

30-05-2019 9:31 pm 573

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៣០ ឧសភា បាន​ចេញ​សារាចរ​ណែនាំ​ថ្មី​មួយទៀត ស្តី​ពី​វិធានការ​បន្ទាន់ ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចំនួន​៨​ចំណុច ក្រោយ​ខេត្ត​ជាច្រើន​របស់​វៀតណាម ពិសេស​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា បាន​ផ្ទុះ​ជំងឺ​នេះ​យ៉ាងខ្លាំង ។​

​ចំណុច​ទាំង​៨​នោះ រួមមាន ៖

១. ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការនាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​ឆ្លងកាត់​តាម​ច្រកព្រំដែន​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សមត្ថកិច្ច​ច្រកចេញ​ចូល​តាម​ព្រំដែន ។​

​ក្នុង​ករណី​មិន​បាន​អនុវត្ត​ត្រឹមត្រូវ ឬ​មាន​ការ​ថ្លោះធ្លោយ​ដោយ​ប្រការ​ណាមួយ មន្ទីរ​កសិកម្ម ក៏ដូចជា​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ក្រសួង​កសិកម្ម និង​ចំពោះមុខ​ច្បាប់​ជា​ធរមាន ។​

២. ត្រូវ​បន្ត​ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​ឱ្យបាន​ហ្មត់ចត់ នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ទីកន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្តុំ​ជ្រូក កន្លែង​អាជីវកម្ម​ជ្រូក និង​សត្តឃាតដ្ឋាន ព្រមទាំង​បង្កើន​ការតាមដាន ឃ្លាំមើល និង​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​សុខភាព​ជ្រូក​ទូទាំង​ប្រទេស និង​ចាត់វិធានការ​ឱ្យ​ទាន់ពេល​វេលា បើ​មាន​ការសង្ស័យ​វត្តមាន​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។​

៣. ពង្រឹង​ការត្រួតពិនិត្យ​អនាម័យ​ជ្រូក និង​ផលិតផល​ជ្រូក នៅតាម​សត្តឃាតដ្ឋាន និង​ទីកន្លែង​តាំង​លក់​ឱ្យបាន​ហ្មត់ចត់ ។​

៤. រាល់​ការ​ចរាចរ​សត្វ​ជ្រូក និង​ផលិតផល​ជ្រូក ត្រូវ​មាន​វិញ្ញាបនបត្រ​បសុព្យាបាល​ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ ពី​មន្ត្រី​ជំនាញ​បសុពេទ្យ ដោយ​កាត់​សន្និធិ​លើ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ផាក​ពិនិត្យ​ស្របតាម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ជា​ធរមាន ។​

៥. បង្កើត​ការអង្កេត​តាមដាន ឃ្លាំមើល​ស្ថានភាព​សុខភាព​ជ្រូក នៅតាម​មូលដ្ឋាន កន្លែង​ចិញ្ចឹម និង​តាម​កសិដ្ឋាន​ជាប្រចាំ ។ ក្នុងករណី មាន​ការសង្ស័យ​ពី​ការកើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ត្រូវ​ចាត់វិធានការ​អនាម័យ​បន្ទាន់ ដោយ​ហាមឃាត់​ចរាចរ​ជ្រូក សម្លាប់​មេរោគ​នៅនឹងកន្លែង និង​តំបន់​ជុំវិញ ព្រមទាំង​ត្រូវ​កម្ទេចចោល ឬ​ធ្វើ​ប្រព្រឹត្ត​កម្ម​នៅនឹងកន្លែង ស្រប​តាម​វិធានការ បសុព្យាបាល និង​តាមដាន​ជា​ប្រចាំ​នៅ​តំបន់​ជុំវិញ ។ ជាមួយគ្នានេះ ត្រូវ​ប្រមូល​សំណាក រួច​បញ្ជូន​មក​មន្ទីរ​ពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​វិភាគ​បន្ថែម និង​ចាត់វិធានការ​បន្ត ។​

៦. ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​គ្រប់​កម្រិត ឱ្យមាន​ការយល់ដឹង​អំពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺឆ្លង​សត្វ​ផ្សេងទៀត ជំរុញ​ការអនុវត្ត​ជីវ​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ និង​ជំរុញ​ការចិញ្ចឹម​ជ្រូក​ដាក់​ទ្រុង និង​មាន​ជីវ​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ឱ្យ​ចៀសវាង​ការប្រើប្រាស់​កាកសំណល់​អាហារ ឬ​កាកសំណល់​ដែល​មាន​សាច់ជ្រូក​ពុំ​បាន​ចម្អិន​ល្អ​ជា​ចំណី​ផ្តល់​ឱ្យ​ជ្រូក ។​

៧. បន្ត​ការផ្សព្វផ្សាយ​ដល់​ប្រជាជន និង​អ្នក​ចិញ្ចឹម​ជ្រូក ឱ្យ​បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់ និង​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ លើ​ផលិតកម្ម​ជ្រូក ដែល​បណ្តាល​មក​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ។​

៨. សហការ​ឱ្យបាន​ល្អ​ជាមួយ​ភាគី​ប្រទេស​វៀតណាម ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន ទាក់ទង​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចលនា​ជ្រូក និង​ផលិតផល​ជ្រូក ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​នេះ ។​

​គូសបញ្ជាក់ថា ប្រទេស​វៀតណាម មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូកអាហ្រ្វិក នៅ​បណ្តា​ខេត្ត​-​ក្រុង​ចំនួន​៣៨ ហើយ​ជ្រូក​ប្រមាណ​១,៥​លាន​ក្បាល ត្រូវបាន​សម្លាប់​ចោល តាំងពី​មាន​ករណី​ផ្ទុះ​លើកដំបូង ដែល​ត្រូវបាន​រាយការណ៍​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំនេះ ៕

ព័ត៌មានផ្សេងទៀត