ធនាគារ ANZ Royal គ្រោង​ប្តូរ​ឈ្មោះ​ទៅ​ជា J Trust Royal វិញ​នៅ​ខែ​សីហា​ខាង​មុខ​

30-05-2019 7:54 pm 753

​ប្រធាន​ធនាគារ J Trust Bank របស់​ជប៉ុន បាន​ថ្លែង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​នា​រសៀល​ថ្ងៃទី​៣០ ឧសភា ថា ធនាគារ ANZ Royal គ្រោង​ប្តូរ​ឈ្មោះ​ទៅ​ជា ធនាគារ J Trust Royal វិញ​នៅ​ខែ​សីហា ក្រោយ​លោក​បាន​ទិញ​ភាគហ៊ុន​របស់​ធនាគារ ANZ Royal...

​លោក Nobuyushi Fujisawa (​ណូ​ប៊ូ​យ៉ុ​ស៊ិ ហ្វូ​ជិ​សាវ៉ា​) ប្រធាន​ធនាគារ J Trust Bank បាន​ថ្លែង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កន្លងមក លោក​បាន​ទិញ​ភាគហ៊ុន​របស់​ធនាគារ ANZ Royal ដូច្នេះ ពេលនេះ លោក​នឹង​ធ្វើការ​សហការ​ការងា​រ​ជាមួយ​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​៣០ ឧសភា​នោះ លោក​ប្រធាន​ធនាគារ​ក៏បាន​ប្រាប់​លោក ហ៊ុន សែន ថា តាម​ផែនការ លោក​មាន​គម្រោង​ប្តូរ​ឈ្មោះ​ធនាគារ ANZ Royal ទៅ​ជា​ធនាគារ J Trust Royal វិញ ហើយ​គ្រោង​នឹង​ប្តូរ​ឈ្មោះ នៅ​ខែ​សីហា​ខាងមុខនេះ ។​

​លោក​បន្តថា ធនាគារ ANZ Royal មិនសូវ​បាន​ផ្តល់​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​ទេ តែ​ធនាគារ J Trust Bank នឹង​ផ្តល់​ប្រាក់​កម្ចី ឬ​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ ។​

​យ៉ាងណាក៏ដោយ ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​លោក​ប្រធាន​ធនាគារ ជួយ​ទៅ​ដល់​ក្រុមហ៊ុន​ខ្មែរ​ដែល​មាន​តម្រូវការ​ឥណទាន ហើយ​លោក​ក៏​បាន​សាទរ​ទៅ​ដល់​ក្រុមហ៊ុន J Trust របស់​ជប៉ុន ដែល​បាន​មក​បណ្តាក់ទុន​នៅ​កម្ពុជា ៕

 ពាក្យគន្លឹះ  ប្រទេសជប៉ុនANZRoyalJTrustBank

ព័ត៌មានផ្សេងទៀត