នគរបាលជាតិ ឲ្យ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​មក​សុំ​ច្បាប់​អនុញ្ញាត​និង​ទទួល​ការ​បំប៉ន​

30-05-2019 4:43 pm 434
  ស្តាប់
ស្តាប់ជាសំឡេង

​លោក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អំពាវនាវ និង​ក្រើនរំលឹក​ម្ចាស់​សហគ្រាស ឬ​បុរី​ទាំងអស់​ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ផ្ទាល់ខ្លួន ត្រូវតែ​មក​សុំ​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ក៏​ត្រូវតែ​បញ្ជូន​ភ្នាក់ងារ​ទាំងអស់​នោះ មក​ទទួលយក​ការ​បំប៉ន​ជំនាញ​ពី​សមត្ថកិច្ច​។​សារ​អំពាវនាវ​នេះ បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១៩​នេះ ពេល​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​១៦ ។​

​លោក លឹម សុខា​រស្មី បាន​សង្កត់ធ្ងន់ថា កត្តា​ដែល តម្រូវឲ្យ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​តែ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​បំប៉ន​នេះ គឺ​ដើម្បី​ឲ្យ​ពួកគាត់​បាន​ស្វែង​យល់​កាន់​ច្បាស់​អំពី​តួនាទី​ជៀសវាង​ការប្រព្រឹត្ដ​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​សន្ដិសុខ​ឯកជន មិនមែន​ជា​សមត្ថកិច្ច​នោះ​ទេ ពោល​គ្រាន់តែ​ជា​កម្លាំង​ជំនួយ​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ​។​វគ្គ​បំប៉ន​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ គឺ​ស្វែងយល់​អំពី​ភារកិច្ច និង​កាតព្វកិច្ច​របស់​វិស័យ​សន្តិសុខ​ឯកជន លើ​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ពង្រឹងសមត្ថភាព​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ឲ្យ​កាន់តែ​ល្អ​ឡើង​ថែម​ទៀត សម្ដៅ​ធ្វើឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការពារ​សន្ដិសុខ​សង្គម​។​

​បើ​យោង​តាម អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សន្ដិសុខ​ឯកជន ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៣»​ក្រុមហ៊ុន​ផ្ដល់​សន្ដិសុខ​ឯកជន និង​សហគ្រាស​ណា​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នៅតែ​បន្ដ​ធ្វើ​សកម្មភាព​ជ្រើសរើស ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។​ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ដែល​មិន​បាន​សុំ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ចំពោះ​ការ​ពុំ​បាន​សុំ​អនុញ្ញាត​ច្បាប់​ពី​សាលា​រាជធានី​-​ខេត្ត រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕

ព័ត៌មានផ្សេងទៀត