រុស្ស៊ី​ចេញ​​ប្រតិកម្ម​ខ្លាំងៗ​​រឿង​អាមេរិក​​ចោទថា​​ធ្វើតេស្ដ​នុយក្លេអ៊ែ​រ​

30-05-2019 3:51 pm 595
  ស្តាប់
អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំសហរដ្ឋអាមេរិក
ស្តាប់ជាសំឡេង

​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​លោក​Anatoly Antonov បាន​និយាយ​នៅ​ថ្ងៃទី​៣០​ឧសភា​នេះ​ថា ការចោទប្រកាន់​របស់​អាមេរិក​ដែលថា ទីក្រុង​ម៉ូស្គូ​អាច​ធ្វើតេស្ដ​មី​ស៊ី​ល​ស្ថិតក្រោម​ការហាមឃាត់ គឺជា​ការប៉ុនប៉ង​មួយ​ធ្វើឲ្យប៉ះពាល់​ដល់​ការគ្រប់គ្រង​អាវុធ​។ ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​នៃ​ក្រសួងការពារជាតិ​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃទី​២៩​ឧសភា​ថា រុស្ស៊ី​អាច​ធ្វើតេស្ដ​មី​ស៊ី​ល​កម្រិត​ទាប ដែល​ស្ថិតក្រោម​ការ​ហាមប្រាមរ​បស់​សន្ធិសញ្ញា​ហាមឃាត់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​(CTBT) ចុះ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០​។​

​ជុំវិញ​ការចោទប្រកាន់​ដូច្នេះ​មន្ដ្រី​ទូត​រុស្ស៊ី​ឆ្លើយតប​ថា វា​ទំនងជា​ផែនការ​ដែល​អាមេរិក​បានរៀបចំ​ទុន​មុន ដើម្បី​មូល​បង្កាច់​លើ​រុស្ស៊ី​ប៉ុណ្ណោះ​។ ក្រៅពីនេះ​វា​ក៏​ទំនងជា​ការវាយប្រហារ​លើ​យុទ្ធសាស្ដ្រ​នៃ​ការគ្រប់គ្រង​អាវុធ និង​យុទ្ធសាស្ដ្រ​នៃ​ការរក្សា​ស្ថិរភាព​ទាំងមូល​តែម្ដង​។ 

​សម្រាប់​ក្រុមអ្នកវិភាគ​បានទទួល​សេចក្ដីថ្លែងការណ៍​គួរឲ្យ​សង្ស័យ​មួយ គឺ​អង្គការ​សន្ធិសញ្ញា​ហាមឃាត់​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​(CTBTO) បាន​បញ្ជាក់ថា​គ្មាន​ចាប់បាន​សញ្ញា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពខុសប្រក្រតី​ឡើយ​។ អង្គការ​នេះ​មាន​ទំនុកចិត្ដ​លើ​សមត្ថភា​ពប្រ​ព័ន្ធ​ឃ្លាំមើល​របស់ខ្លួន​(IMS) ពិតជា​ចាប់​មិនបាន​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ សន្ធិសញ្ញា​CTBT​គ្រប់គ្រង​ដោយ​អង្គការ​CTBTO ជា​សន្ធិសញ្ញា​ហាមឃាត់​ការ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក បានអនុម័ត​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៦​។ សន្ធិសញ្ញា​នេះ​បាន​ដាក់ចេញ​នូវ​គោលការណ៍​មួយ ប៉ុន្ដែ​ចៀសវាង​ការពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​។​

​គួរ​បញ្ជាក់ថា អាមេរិក​និង​រុស្ស៊ី​ជា​គូប្រជែង​សព្វាវុធ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។ រាល់​ដង​ប្រទេស​ទាំងពីរ​តែងតែ​ចោទប្រកាន់​គ្នា ជុំវិញ​ការធ្វើ​តេស្ដ​ឬ​ការអភិវឌ្ឍ​សព្វាវុធ​។ មិនមែនជា​លើកទីមួយ​ទេ​ដែល​អាមេរិក​បាន​ចោទប្រកាន់​រុស្ស៊ី​ថា រំលោភ​លើ​កិច្ចព្រមព្រៀង​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ហើយក៏​មិនមែនជា​លើកទីមួយ​ដែរ​ដែល​រុស្ស៊ី​ចេញមុខ​បដិសេធ​។ ប៉ុន្ដែ​មហាអំណាច​សព្វាវុធ​ទាំងពីរ នៅ​មិនទាន់​ទទួលយក​ហេតុផល​រៀងៗ​ខ្លួន​បាន​នៅឡើយ និង​បន្ដ​ចាំ​មើលបំណាំ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត