កងទ័ព​​តៃវ៉ាន់​​ធ្វើ​សមយុទ្ធ​​បាញ់​គ្រាប់​ពិត​​ប្ដេជ្ញា​​ប្រឆាំង​​ការឈ្លានពាន​​ពី​ចិន​

30-05-2019 2:53 pm 1437
រូបភាពកងទ័ពតៃវ៉ាន់កំពុង​ធ្វើសមយុទ្ធ

​កងកម្លាំង​ជើង​ទឹក ជើង​អាកាស និង​ជើងគោក​របស់​តៃវ៉ាន់ បានធ្វើ​សមយុទ្ធ​នៅ​ថ្ងៃទី​៣០​ឧសភា​នេះ ស្របពេល​ដែល​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​ប្ដេជ្ញា​ការពារ​ខ្លួន ប្រឆាំងនឹង​ការគំរាមកំហែង​ពី​យោធា​ចិន​ដែល​កំពុង​កើនឡើង​ខ្លាំង​។ នៅក្នុង​សមយុទ្ធ​មាន​យន្ដហោះ​ចម្បាំង នាវាចម្បាំង បើក​ការវាយប្រហារ​ទៅលើ​គោលដៅ​សត្រូវ​ដែល​បានរៀបចំ និង​មាន​ទាហាន​ជាង​៣​ពាន់​នាក់​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះដែរ​។ តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ការពារជាតិ​តៃវ៉ាន់​បានឲ្យដឹងថា កងកម្លាំង​របស់​ចិន​បាន​បន្ដ​ពង្រីក​សមត្ថភាព​ឥតឈប់ឈរ​ដើម្បី​បំពាន​តៃវ៉ាន់​។ ចិន​មាន​គោលបំណង​ចង់​បំផ្លាញ​ស្ថិរភាព​ក្នុង​តំបន់​និង​សន្ដិសុខ​ឆ្លងកាត់​ដែនទឹក ដូច្នេះ​តៃវ៉ាន់​ត្រូវតែ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​។​

​សូមបញ្ជាក់ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ចិន​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​តៃវ៉ាន់ ដោយ​សង្ស័យថា​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ចង់​ដឹកនាំ​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​។ សម្រាប់​ចិន​ចាត់ទុក​តៃវ៉ាន់​គ្រាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​តៃវ៉ាន់​មិនអាច​បែងចែក​ទឹកដី​ចេញពី​ចិន​បានឡើយ​។ ចិន​ធ្លាប់​ប្រកាស​ចង់​បង្រួបបង្រួម​ដោយ​សន្ដិភាព​ជាមួយ​តៃវ៉ាន់ ទោះជា​ត្រូវ​ប្រើ​ប្រព័ន្ធ​ដឹកនាំ​ពីរ​ក្នុងប្រទេស​មួយ​ក៏ដោយ​។ ប្រធានាធិបតី​តៃវ៉ាន់​ធ្លាប់​និយាយ​កន្លងមក​ថា លោកស្រី​ចង់​បន្ដ​រក្សា​ស្ថានភាព​ជាមួយ​ប្រទេស​ចិន​ដដែល ប៉ុន្ដែ​នឹង​ការពារ​សន្ដិសុខ​និង​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់​៕

 ពាក្យគន្លឹះ  តៃវ៉ាន់សមយុទ្ធ

ព័ត៌មានផ្សេងទៀត