ចំណាត់ការ​​អាមេរិក​​លើ​Huawei​​នឹង​ប៉ះពាល់​​ដល់​​អតិថិជន​​រាប់ពាន់​លាន​នាក់​

30-05-2019 11:11 am 782
  ស្តាប់
រូបភាពនៅហាងលក់ផលិតផលក្រុមហ៊ុនHuawei​
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុ​សន្និសីទកាសែ​តលោក​Song Liuping​បញ្ជាក់ថា ការហាមឃាត់​របស់​អា​មេរិក​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ក្រុមហ៊ុនអាមេរិក និង​ជះឥទ្ធិពល​ដល់​ការងារ​ផងដែរ ដែល​ធ្វើឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​។ ការបញ្ចូល​ក្រុមហ៊ុន​Huawei​ក្នុង​បញ្ជីខ្មៅ នឹង​ប៉ះពាល់​ដល់​អតិថិជន​ក្នុងប្រទេស​ជាង​១៧០​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​ជាង​៣​ពាន់​លាន​នាក់​ដែល​កំពុង​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ក្រុមហ៊ុន​Huawei​។ ការហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​អាមេរិករក​ស៊ី​ជាមួយ​Huawei រដ្ឋាភិបាល​អាមេរិក​នឹង​បំផ្លាញ​ដល់​ក្រុមហ៊ុន​អាមេរិក​ដោយផ្ទាល់​ចំនួន​ជាង​១,២០០​ក្រុមហ៊ុន​។ ក្រៅពីនេះ នឹង​ជះឥទ្ធិពល​ដល់​ការងារ​រាប់ពាន់​កន្លែង​នៅ​អាមេរិក​។​

​លោក​Song​ក៏បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ពី​វិធានការ​ដែល​ក្រុមហ៊ុន​បានធ្វើ ដើម្បី​តតាំង​តាម​ផ្លូវច្បាប់​ប្រឆាំង​រដ្ឋាភិបាល​អាមេរិក​កាលពី​ខែ​មីនា​។ កាលនោះ​ពាក់ព័ន្ធ​នឹង​ការហាមឃាត់​មិនឲ្យ​ទីភ្នាក់ងារ​សហព័ន្ធអាមេរិក ប្រើប្រាស់​ផលិត​ក្រុមហ៊ុន​Huawei​។ ក្រុមហ៊ុន​បាន​ដាក់ពាក្យ​ប្ដឹង​និង​ស្នើឲ្យ​តុលាការ​អាមេរិក​ពន្លឿន​ដំណើរការ ដើម្បី​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ប្រឆាំង​ក្រុមហ៊ុន​។ លោក​Song​បន្ថែមថា រដ្ឋាភិបាល​អាមេរិក​មិនបាន​ផ្ដល់​ភស្ដុតាង​ថា ក្រុមហ៊ុន​Huawei​គំរាមកំហែង​សន្ដិសុខ​នោះទេ វា​គ្រាន់​ជា​ការរំពឹងទុក​របស់​អាមេរិក​ប៉ុណ្ណោះ​។ ចំពោះ​ករណី​ប្ដឹង​របស់​ក្រុមហ៊ុន​Huawei កំណត់​នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ខាងមុខ​។​

​សូមបញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន​ថ្មីៗ​នេះ​បាន​បញ្ចូល​ក្រុមហ៊ុន​Huawei​ក្នុង​បញ្ជីខ្មៅ ដែល​ក្រុមហ៊ុន​អាមេរិក​មិន​អាចធ្វើ​អាជីវកម្ម​ឬ​រកស៊ី​ជាមួយ​Huawei​បានឡើយ ប្រសិនបើ​គ្មាន​អាជ្ញាប័ណ្ណ​យល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​។ ការហាមឃាត់​ពាណិជ្ជកម្ម​ដូច្នេះ ជា​ផ្នែក​មួយ​នៃ​ការរីក​រាលដាល​ជម្លោះ​កាន់តែ​ធំ​រវាង​អាមេរិក​ជាមួយ​ក្រុមហ៊ុន​Huawei​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាត់វិធានការ​រារាំង​ក្រុមហ៊ុន​ផ្ដល់​ផ្គង់​គ្រឿង​បរិក្ខារ​ទូរគមនាគមន៍​ធំ​បំផុត​ក្នុង​លោក​មួយ​នេះ ដោយ​ព្រួយបារម្ភ​ពី​ហា​នី​ភ័យ​ផ្នែក​សន្ដិសុខ​។ ប៉ុន្ដែ​ក្រុមហ៊ុន​បាន​ចេញមុខ​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត និង​អះអាងថា​ផលិតផល​របស់ខ្លួន​មិន​គំរាមកំហែង​សន្ដិសុខ​ឡើយ ហើយ​ក្រុមហ៊ុន​ក៏​គ្មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន ឬ​ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់​រដ្ឋាភិបាល​ដែរ Huawei​គឺជា​ក្រុមហ៊ុន​ឯករាជ្យ​៕

ព័ត៌មានផ្សេងទៀត