លោក​ហ៊ុន​សែន​ស្នើ​ធនាគារ​ជប៉ុន​ផ្តល់​ឥណទាន​ដល់​វិនិយោគិន​ដំណើរការ​នៅ​កម្ពុជា​

29-05-2019 8:51 pm 651
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ និង​លើកទឹកចិត្ត​ដល់​ធនាគារ Mizuho របស់​ជប៉ុន បន្ត​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​ទាំងឡាយ ដែល​កំពុង​ដំណើរការ​ផលិត​នូវ​ផលិតផល​នានា​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន ។ សំណើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក និង Seiji Imai ប្រធាន​ផ្នែក​សាជីវកម្ម​ទូទាំង​សកលលោក​របស់​ធនាគា​រ Mizuho នៅ​ថ្ងៃ​ទី​២៩ ឧសភា...

​ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​ធនាគារ Mizuho បន្ត​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន ដែល​អាច​វិនិយោគ​ក្នុង​កម្ពុជា ពិសេស​ក្រុមហ៊ុន​ដែល​ផលិត និង​កែច្នៃ​ផលិតផល​វត្ថុធាតុដើម​របស់​កម្ពុ​ជា នាំចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន ។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា នេះ​ជា​អ្វី​ដែល​លោក​ចង់​ឃើញ​ឱ្យមាន​ការនាំ​ចេញ​ឱ្យ​បាន​ច្រើន នូវ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន ។​

​លោក ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ នូវ​គោលជំហរ​របស់​ធនាគា​រ Mizuho របស់​ជប៉ុន ដោយ​បញ្ជាក់​ថា នេះ​ជា​ការប្រឹងប្រែង​ក្នុងការ​ធ្វើ​ដំណើរ​រួម​គ្នា​រវាង​កម្ពុជា និង​ជប៉ុន ។ លោក​ក៏​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ធានា​ឱ្យបាន​នូវ​សុខសន្តិភាព សុវត្ថិភាព ដើម្បី​ធានា​ដល់​និរន្តរភាព នៃ​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ។​

​ប្រធាន​ផ្នែក​សាជីវកម្ម​ទូទាំង​សកលលោក​របស់​ធនាគា​រ Mizuho បានបញ្ជាក់​ថា ធនាគារ​នេះ មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការជំរុញ​ឱ្យ​ភ្ញៀវ​របស់​ធនាគារ ពិសេស​ពី​ប្រទេស​ជប៉ុន មក​បណ្តាក់ទុន​នៅ​កម្ពុជា ហើយ​លោក​នឹង​ខិតខំ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដទៃទៀត ដើម្បី​មក​កម្ពុជា ដាក់​ទុក​រកស៊ី ។ 

​លោក Seiji Imai បាន​អះអាង​ថា អ្នកវិនិយោគ​ជប៉ុន មាន​ការចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​អ្នកវិនិយោគ​មួយចំនួន ក៏​ទទួលបាន​ឥណទាន​ពី​ធនាគារ Mizuho ដែរ ។​

​លោក​បន្តថា បច្ចុប្បន្ននេះ លោក​កំពុង​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា ឱ្យ​អ្នក​វិនិយោគ​ជប៉ុន បន្ត​ដាក់ទុន​ក្នុងប្រទេស​កម្ពុជា​បាន​ច្រើន​ជាង​មុន ពិសេស ខិតខំ​ជំរុញ​ឱ្យ​សហគ្រាស​តូច និង​មធ្យម ពី​ប្រទេស​ជប៉ុន​ទៅ​បន្ត​បណ្តាក់​ទុន​នៅ​កម្ពុជា​នា​ពេលខាងមុខ ៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនធនាគារMizuho

ព័ត៌មានផ្សេងទៀត