អាមេរិក​ថា​​អាវុធ​ធុន​ធ្ងន់​​កូរ៉េខាងជើង​​ទាំងអស់​​សុទ្ធតែ​​រំលោភ​លើ​​ទណ្ឌកម្ម​UN

29-05-2019 5:01 pm 567
  ស្តាប់
រូបភាពធ្វើតេស្ដនុយក្លេអ៊ែរកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​អ្នកស្រី​Morgan Ortagus បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាវុធ​របស់​កូរ៉េខាងជើង​ទាំងអស់​ដែលមាន​សមត្ថភាព​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ គឺ​សុទ្ធតែ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។ អ្នកស្រី​អ្នកនាំពាក្យ​ឆ្លើយ​ដូច្នេះ ក្រោយ​មាន​សំណួរ​ចោទសួរ​ទាក់ទង​នឹង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​ក្នុងពេល​ថ្មីៗ​របស់​កូរ៉េខាងជើង​។ អ្នកស្រី​Ortagus​បន្ថែមថា កម្មវិធី​អាវុធ​WMD​របស់​កូរ៉េខាងជើង ស្ថិតនៅក្នុង​ជម្លោះ​ជាមួយ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។ ប៉ុន្ដែ​អ្វីដែល​អាមេរិក​ផ្ដោត​សំខាន់​នៅពេលនេះ គឺ​ព្យាយាម​ចរចា​ដោយ​សន្ដិភាព​ជាមួយ​កូរ៉េខាងជើង ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។ 

​អ្នកស្រី​Ortagus​ក៏​ត្រូវបាន​អ្នកសារព័ត៌មាន​សាកសួរ ឲ្យ​បញ្ជាក់ពី​គោលជំហររ​បស់​ក្រសួងការបរទេ​ស​ផងដែរ ក្រោយពេល​លោក​ប្រធានាធិបតី​Donald Trump និង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton លើកឡើង​ផ្ទុយគ្នា​ជុំវិញ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក្នុង​ខែ​នេះ​។ លោក​Bolton​និយាយថា​គ្មានអ្វី​ត្រូវ​សង្ស័យ​ទៀត​ទេ ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ពិតជា​រំលោភ​លើ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ 

​ចំណែក​លោក​Trump​បាន​លើកឡើងថា លោក​មិន​ឯកភាព​នឹង​អ្វីដែល​លោក​Bolton​និយាយ​ឡើយ​។ លោក​បន្ថែមថា មន្ដ្រី​របស់លោក​គិតថា​កូរ៉េខាងជើង​បាន​រំលោភ​លើ​ទណ្ឌកម្ម តែ​លោក​យល់ឃើញ​ខុស​ពីនេះ​។ មេដឹកនាំ​កូរ៉េខាងជើង​លោក​Kim Jong Un ប្រហែលជា​ចង់បាន​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​។ វា​គ្មាន​ការ​ធ្វើតេស្ដ​នុយក្លេអ៊ែរ មី​ស៊ី​ល​ឆ្លង​ទ្វីប ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើយ ហើយ​ថ្ងៃ​ណាមួយ​លោក​នឹង​អាច​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​។​

​តែ​ចំពោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា ក្រសួង​មិនបាន​ចែករំលែក​ជា​សាធារណៈ​នូវ​ការវាយតម្លៃ​របស់ខ្លួន ថា​តើ​ការបាញ់​មី​ស៊ី​ល​នោះ​ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​ផ្លោង​ឬ​យ៉ាងណាទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​មន្ទីរ​បញ្ជ​កោណ​បាន​និយាយ​កាលពី​ថ្ងៃទី​០៩​ឧសភា​ថា ការបាញ់​បង្ហោះ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅថ្ងៃនោះ មាន​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ដែល​អាច​ហោះ​បាន​លើសពី​៣០០​គីឡូម៉ែត្រ​។ នៅពេល​សួរថា​តើ​រដ្ឋមន្ដ្រីការបរទេស​ឯកភាព​នឹង​លោក​Trump​ឬ​លោក​Bolton អ្នកស្រី​Ortagus​ឆ្លើយថា អ្នកស្រី​មិន​គិតថា​បញ្ហា​នេះ​ធ្វើឲ្យ​នរណាម្នាក់​ចាញ់​ឡើយ ដែលថា​ការបាញ់​មី​ស៊ី​ល​កូរ៉េខាងជើង​គឺជា​ការប៉ុនប៉ង​មួយ​ដើម្បី​ផ្ញើ​សារ​មក​រដ្ឋាភិបាល​អាមេរិក​។ អាមេរិក​ចង់ឲ្យ​កិច្ចពិភាក្សា​ជាមួយ​កូរ៉េខាងជើងប​ន្ដ​ឡើងវិញ នោះ​ទើប​ជា​ការយកចិត្ដទុកដាក់​ខ្លាំង​បំផុត​៕

ព័ត៌មានផ្សេងទៀត