អ្នកជំនាញ​​​ទទូច​​ឲ្យ​​អាមេរិ​ក​​​ឈប់​​​ធ្វើបាប​ចិន​​រឿង​សង្គ្រាមពាណិជ្ជកម្ម

29-05-2019 3:58 pm 1746
  ស្តាប់
រូបភាពទង់ជាតិចិន​និងអាមេរិក
ស្តាប់ជាសំឡេង

​អ្នកជំនាញ​ល្បីឈ្មោះ​របស់​អាមេរិក​បាន​លើកឡើងថា ការរីកចម្រើន​ដ៏​គួរឲ្យ​កត់សម្គាល់រប​ស់​ចិន​ក្នុងរយៈ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ គឺ​ចិន​បានធ្វើ​ត្រឹមត្រូវ​មាន​ហេតុផល​គ្រប់គ្រាន់​និង​មាន​យុត្ដិធម៌​ហើយ​។ ដូច្នេះ​តាមរយៈ​សកម្មភាព​នេះ សហរដ្ឋអាមេរិក​គួរតែ​ឈប់​ចាប់​ប្រទេស​ចិន​ជា​ចំណាប់ខ្មាំង ឈប់ធ្វើបាបចិន ដោយសារតែ​វិសមភាព​នៃ​បញ្ហា​ផ្ទាល់ខ្លួន​ទៀត​ទៅ​។

លោក​Jeffrey David Sachs ជា​ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ និង​ជា​នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​ជា​និរន្ដរ៍ នៃ​សាកលវិទ្យាល័យ​Columbia​ក្នុង​ទីក្រុង​ញូវយ៉ក បាន​និយាយ​ក្នុង​អត្ថបទ​ចេញផ្សាយ​លើ​គេហទំព័រ​សារព័ត៌មាន​CNN​កាលពី​ចុង​សប្ដាហ៍​មុន​ថា ចិន​បាន​អនុវត្ដ​តាមច្បាប់​នៃ​ប្រទេស​លោកខាងលិច​អស់​រយៈពេល​៤០​ឆ្នាំ​កន្លងមកហើយ ដោយ​ធ្វើ​ដូច​អ្វីដែល​ប្រទេស​សម្ព័ន្ធមិត្ដ​អាមេរិកនៅ​អាស៊ី​ធ្វើកាល​ពី​មុនដែរ​។ ប៉ុន្ដែ​ពេលនេះ​អាមេរិក​បាន​ព្យាយាម​រាំងខ្ទប់​ការអភិវឌ្ឍ​របស់​ចិន ដោយ​ផ្លាស់ប្ដូរ​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​ភ្លាមៗ​ជា​ឯកតោភាគី​។ ទង្វើ​នេះ​អាច​បង្ហាញថា​នឹង​បង្ក​ជា​គ្រោះមហន្ដរាយ​ទាំង​អាមេរិក​និង​ពិភពលោក​ទាំងមូល​។​

​លោក​Sachs​ដែលជា​សាស្ដ្រាចារ្យ​សេដ្ឋកិច្ច​មួយរូប​ផង​នោះ បាន​រៀបរាប់​ដោយ​សង្ខេប​នៅក្នុង​អត្ថបទ​របស់លោក ពី​ប្រវត្ដិ​របស់​ប្រទេស​ចិន​ក្នុងសម័យ​ទំនើប​ពេលបច្ចុប្បន្ន និង​ងាក​ទៅ​សតវត្ស​ទី​១៩​វិញ ដែល​ចិន​ត្រូវបាន​គ្របដណ្ដប់​ដោយ​ការបរាជ័យ​ខាង​ភូមិសាស្ដ្រ​នយោបាយ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។ ចំពោះ​អ្វីដែល​ចិន​ព្យាយាម​ធ្វើ​នៅពេលនេះ គ្រាន់តែ​ចង់​ស្ដារឡើងវិញ​នូវ​ពេលវេលា​បាត់បង់​ប៉ុណ្ណោះ មិនបាន​ធ្វើ​អ្វី​ជា​រឿង​ខុស​ទំនង​ឡើយ​។ 

​សំខាន់​ជាងនេះទៅទៀត​អ្នកជំនាញ​ខាង​អភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​បាន​និយាយថា ការបន្ទោស​ចិន​រឿង​បាត់បង់​ការងារ​ក្នុងស្រុក​នៅ​អាមេរិក ជា​ការមិន​អើពើ​នឹង​ផលប្រយោជន៍​ដ៏​ធំធេង​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​។ ការចោទប្រកាន់​ប្រទេស​ចិន​ពី​ភាព​អ​យុត្ដិធម៌​ក្នុង​រឿងនេះ​គឺ​ខុស​ហើយ ព្រោះ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បានទទួល​ផលប្រយោជន៍​ពី​ការផលិត​ទំនិញ​ក្នុងប្រទេស​ចិន ឬ​ការនាំចេញ​ទំនិញ​ទៅ​ចិន​។ អតិថិជន​អាមេរិក​រីករាយ​នឹង​ស្ដង់ដា​រស់នៅ​ខ្ពស់ ដោយសារតែ​ផលិតផល​មាន​តម្លៃថោក​និង​មាន​គុណភាព​ខ្ពស់​របស់​ចិន​។​

​លោក​Sachs​សង្កត់ធ្ងន់ថា សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​មិនអាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អាមេរិក​បានទេ​។ ផ្ទុយទៅវិញ​អាមេរិក​គួរតែ​អនុញ្ញាតឲ្យ​ប្រជាជន ចែករំលែក​អត្ថប្រយោជន៍​នៃ​កំណើនសេដ្ឋកិច្ច តាមរបៀប​អ្នកឈ្នះ​ផ្ដល់​ផលប្រយោជន៍​ដល់​អ្នកចាញ់​។ 

​សូមបញ្ជាក់ថា មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​Jeffrey David Sachs បង្ហាញ​ទស្សនៈ​បែបនេះ​។ នៅក្នុង​សិក្ខាសាលា​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អាមេរិក​កាលពី​ដើមខែ​នេះ​ក្នុង​ទីក្រុង​ញូវយ៉ក លោក​Sach​បាន​លើកឡើងថា ប្រទេស​ចិន​ក្នុង​រយៈពេល​៤០​ឆ្នាំកន្លងមក បាន​អភិវឌ្ឍ​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ពិភពលោក ផ្អែកលើ​សេដ្ឋកិច្ច​ល្អ​និង​អ្វីដែល​ពិភពលោក​គួរតែ​សប្បាយចិត្ដ​។ ការចោទប្រកាន់ថា​ចិន​បោកប្រាស់​ដើម្បី​រីកចម្រើន គឺជា​រឿង​ខុស​និង​មិន​យល់​ពី​ការអភិវឌ្ឍ​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត