ពន្ធ​កាត់​ទុក​១%​នឹង​ត្រូវ​ដកចេញ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​

29-05-2019 3:30 pm 939

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ឱកាស​ចូលរួម​សិក្ខាសាលា​ស្ដីអំពី " បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​" ដែល​បាន​ធ្វើឡើង នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២៩ ឧសភា​នេះ បាន​អំពាវ​នា​ដល់​វិនិយោគិន​ជប៉ុន ឲ្យមក​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន ហើយ​លោក​ជា​អ្នកធានា​ជូន​វិនិយោគិន​គ្រប់រូប​នូវ​បរិស្ថាន ប្រកប​ដោយ​ភាព​អំណោយផល​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សម្រេច​ដក​ចេញ​នូវ “​ពន្ធ​កាត់​ទុក​” (១%) ដែល​បាន​តម្រូវអោយ​ពាណិជ្ជករ​បង់​មុន ទោះបី​ចំណេញ ឬ​ខាត​ក៏ដោយ​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា “​ពន្ធ​កាត់​ទុក​” នេះ គឺ​នឹង​ត្រូវ​លុបចោល ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា​រដ្ឋ ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​។ ដូច្នេះ​ការបញ្ចប់​ពន្ធ​កាត់​ទុក​នេះ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន (១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការប្រកួតប្រជែង ក្នុងការ​ឈានឡើង នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន ក្នុង​ការរក្សាបាន​នូវ​ទុន​បន្ថែម ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន ផងដែរ ។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ថែម​ថា ចំពោះ​ពេលវេលា នៃ​ការអនុវត្ត គឺ​រូប​លោក បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ សិក្សា​ផ្ដល់យោបល់​។ ប៉ុន្តែ​លោក​ថា ការអនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០១៩ ឬក៏​ឲ្យបាន​លឿន​ជាង​នេះ តាម​ដែល​អាច​ធ្វើទៅបាន​។ ទន្ទឹម​នឹង​ការដកចេញ​នូវ “​ពន្ធ​កាត់​ទុក​” យើង​សង្ឃឹមថា ក្រុមហ៊ុន​ឯកជន​នានា នឹង​រកស៊ី​បង់ព​ន្ធ​ឲ្យបាន​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល ដើម្បី​យើង​រីកចម្រើន​ទាំងអស់គ្នា​៕


ព័ត៌មានផ្សេងទៀត