អង្គការ​CMH​បន្ត​ផ្សព្វផ្សាយ​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​គ្រឹះស្ថានសិក្សា​

29-05-2019 3:08 pm 865

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CMH) នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ បាន​បន្ត​យុទ្ធនាកា​រណ៍ របស់ខ្លួន ក្នុង​ការរៀបចំ​សិក្ខាសាលា​ស្តីពី ការអនុវត្ត បរិស្ថាន គ្មាន​ផ្សែង​បារី នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ លោកនាយក​សាលា និង​លោកគ្រូ អ្នកគ្រូ​ជាច្រើន​ផ្សេងទៀត​។

​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោកស្រី​ហួត យ៉ា​រី ប្រធាន​មន្ទីរ​អប់រំ រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ង្ក​ជំងឺ​រាំ​រ៉ៃ​ជាច្រើន​ដល់​ទាំង​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ដូចជា ជំងឺមហារីក​សួត ជំងឺ​ផ្លូវដង្ហើម ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ​បណ្ដាល​អោយ កូន​កើត​មុន​ពេល​កំណត់ កើត​មក​មិន​ប្រក្រតី ឬ​កើតមក​ស្លាប់ ជាដើម​។ រាងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​ខាតបង​ថវិការ​ប្រមាណ ១៦៣​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ក​ការព្យាលបាន​ជំងឺ និង​ការបាត់បង​កំលាំង​ពលកម្ម​។ ជាងនេះទៅទៀត​ទឹកប្រាក់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ទៅលើ​ការទិញ​បារី​ជក់​មាន​ប្រមាណ ២០១ លាន​ដុល្លា​អាមេរិក​។

លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ បានអនុវត្តល្អនាពេលកន្លងមក ហើយការចុះ​ត្រួតពិនិត្យ នឹងអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមសាលារៀននេះ គឺពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព សិស្សានុសិស្ស ដែលជាអនាគតទំពាំងស្នងឫស្សីរបស់ជាតិ។

លោកបន្ថែមថា ពាក់ព័ន្ធទៅនឹង ការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី អង្គការចលនាសុខភាព បានធ្វើតាំងពីឆ្នាំ២០០១ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញជាសារាចរណ៍ថា «ហាមមិនឲ្យជក់បារី នៅក្នុងសាលារៀន»។ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជា លើសពី២លាននាក់ ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមានអ្នកជក់បារីជាង ១.៥លាននាក់ និងអ្នកចុកថ្នាំជក់ មានជិត០.៥លាននាក់។

​តួនាទី​អ្នកគ្រប់គ្រង ឬ​ម្ចាស់​គ្រឹះស្ថានសិក្សា ចំពោះ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ត្រូវ​អនុវត្ត​ដូចខាងក្រោម​៖

១. ត្រូវ​បិទ​សញ្ញា​ហាម​ជក់បារី នៅ​ផ្លូវ​ចូល ឬ​កន្លែង​ងាយ​មើលឃើញ​ច្បាស់​

២. មិន​ត្រូវ​ដាក់​តាំង ឬ​បង្ហាញ​ប្រដាប់​គោះ​បារី ឬ​រូបភាព​ប្រដាប់​គោះ​បារី ទោះ​ក្នុង​ទម្រង់ ទំហំ និង​ប្រភេទ​ណាក៏ដោយ​។​

៣. ត្រូវ​បង្គាប់​អ្នក​ជក់បារី ឲ្យទៅ​ជក់​នៅក្រៅ​បរិវេណ​គ្រឹះស្ថានសិក្សា​។ អ្នកគ្រប់គ្រង ឬ​ម្ចាស់​គ្រឹះស្ថានសិក្សា ដែល​មិន​អនុវត្ត​តាម​បទបញ្ញត្តិ​ណាមួយ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​រៀល​។ ក្នុង​ករណី​មិន​រៀងចាល​ត្រូវ​ពិន័យ​ទ្វេដង​។​

៤. ហាម​លក់ ឬ​ចែកចាយ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ នៅក្នុង​គ្រឹះស្ថានសិក្សា​។ ករណី​បំពាន​នឹង​ត្រូវ​ពិន័យ​ប្រាក់​ពី​១​សែន​រៀល ទៅ​១​លាន​រៀល​។​
៥. ហាមឃាត់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់ ដោយ​ប្រយោល ឬ​ផ្ទាល់ ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។​

៦. ហាម​ទទួល យក​ការឧបត្ថម្ភ​ជា​ផលិតផល​ថ្នាំជក់ ឬ​ជា​សម្ភារៈ​ដែល​បង្ហាញ​ពី​ឈ្មោះ ឬ​សញ្ញា​សំគាល់​ផលិតផល​ថ្នាំជក់​។​

​សូមបញ្ជាក់​ថា ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅក្នុង​គ្រឹះស្ថានសិក្សា គឺជា​វិធានការ​មួយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ហើយក៏​ជា​ការអនុលោម​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​អនុក្រឹត្យ​ស្តីពី​ការហាម​ការជក់ឬ​ការបង្ហុយ​ផ្សែង​ផលិតផល​ថ្នាំជ​ក់នៅ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ ដែល​បាន​ហាមឃាត់​មិនអោយ​ជក់​បារី​នៅ​ក្នុង​បរិវេណ​គ្រឺស្ថានសិក្សា​៕

 ពាក្យគន្លឹះ  ថ្នាំជក់CMHWHO

ព័ត៌មានផ្សេងទៀត