តំបន់​ផ្លូវ​២០០៤​នឹង​បិទ​ការ​ចរាចរ​រថយន្ត​គ្រប់​ប្រភេទ​រយៈពេល​៧០​ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​

28-05-2019 5:57 pm 2085
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ បាន​ជូនដំណឹង​អំពី​ការផ្អាក​ចរាចរ​រថយន្ត​គ្រប់​ប្រភេទ រយៈពេល​៧០​ថ្ងៃ ដើម្បី​រៀបចំ​សម្រួល​ដាក់លូ​ប្រអប់​មេ ទំហំ​២,៥​ម៉ែត្រ x២,៥​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​សំខាន់ៗ ពិសេស​តំបន់​ផ្លូវ​២០០៤ ...

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ដាក់លូ​ប្រអប់​មេ កាត់​ទទឹង​ផ្លូវ​លេខ​5C ទំហំ​មុខកាត់ ២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ ចំនួន​បី​ជួរ ភ្ជាប់​ពី​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​ខាងកើត និង​ខាងត្បូង អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពិសេស​តំបន់​ផ្លូវ​លេខ​២០០៤, ផ្លូវ​សឡា​, ផ្លូវណ័រ​ប្រ៊ិត​, ផ្លូវ​ឌួង​ងៀប ចាប់ពី​ថ្ងៃ​ពី​២៨ ឧសភា តទៅ រហូត​ដល់​បញ្ចប់​ការដ្ឋាន មាន​រយៈពេល​៧០​ថ្ងៃ ដោយ​មិន​អនុញ្ញា​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់ លើកលែងតែ​ទោចក្រយានយន្ត ។​

​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៨ ឧសភា បញ្ជាក់ថា ការប្រកាស​ផ្អាក​ចរាចរ​រថយន្ត​គ្រប់​ប្រភេទ ក៏ដូចជា ការប្រកាស​រៀបចំ​ដាក់លូ​ប្រអប់​មេនេះ ធ្វើឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ទឹកភ្លៀង នៅ​រដូវវស្សា ដែល​តែងតែ​កើតមានឡើង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ដោយ​ពិនិត្យឃើញថា ស្ថានភាព​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទំហំ​តូច ដែល​ធ្វើឱ្យ​ស្ទះផ្លូវ​បង្ហូរទឹក នៃ​ប្រឡាយ​ស្ទឹងមានជ័យ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ស្នើ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន និង​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមានឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញ​ពី​ទីតាំង​ខាងលើ ទៅតាម​ផែនទី​ពង្វាង​ចរាចរ ដើម្បី​សម្រួល​ឱ្យ​ការអនុវត្ត​គម្រោង​នេះ សម្រេច​បាន​តាម​ផែនការ​កំណត់ ៕

ព័ត៌មានផ្សេងទៀត