លោក​សម រង្ស៊ី​ ថា​លោក​​កំពុង​វាយ​ចំ​​ចំណុចខ្សោយ​​របស់​រដ្ឋាភិបាល​​

28-05-2019 3:51 pm 5805
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយពី​លោក​សម រង្ស៊ី ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា បាន​អះអាង​ជាថ្មី​ម្ដងទៀត ពី​គម្រោង​វិល​ចូល​ប្រទេស វិញ ដែល​លោក​អះអាងថា គ្មានអ្វី​ផ្លាស់ប្ដូរ និង​សូមឱ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ទទួល​លោក ហើយ​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ឈប់​ស្ដាប់​បញ្ជា​រដ្ឋាភិបាល​រប​ស់លោក​ហ៊ុន សែន បានធ្វើឲ្យ​រដ្ឋាភិបាលក​ម្ពុ​ជា តាមរយៈ​អង្គភាព​អ្នកនាំពាក្យ ប្រតិកម្ម​ជាខ្លាំង នឹង​ការប្រកាស​របស់លោក​ស​ម រង្ស៊ី​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការប្រកាស​របស់លោក​ស​ម រង្ស៉ី គឺជា​សកម្មភាព​បង្ហាញ​ពី​ភាពទាល់ច្រក​ផ្នែក​នយោបាយ​, ជា​វិទ្ធង្សនា​នយោបាយ ដើម្បី​ប្រើប្រាស់​ប្រជាពលរដ្ឋ ក្នុងការ​លាក់បាំង​ពុតត្បុត​នយោបាយ មហិច្ឆតា របស់ខ្លួន​, ជាការ​ញុះញង់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​កំពុង​បង្ហាញ​អំពី​ភាពទន់ខ្សោយ​នយោបាយ ហើយ​ចង់​ងាក​មកប្រើប្រាស់​ញើស​ឈាម និង​ជីវិត​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់​សម្រាប់​ការវិលត្រឡប់​មកវិញ​របស់ខ្លួន​។​

​ជា​ការឆ្លើយតប​វិញ​នឹង​ប្រតិកម្ម​របស់​រដ្ឋាភិបាល​នេះ លោក​សម រង្ស៊ី បាន​ចំអក​តាមរយៈ​ការឆ្លើយតប​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​ដោយ​ដាក់​ភ្ជាប់​នឹង​សេចក្តីថ្លែងការណ៍​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ថា​៖«​បើ​គេ​ប្រតិកម្ម​ខ្លាំង​បែបនេះ មានន័យថា ខ្ញុំ​វាយ​ចំ​ចំណុចខ្សោយ​របស់គេ​ហើយ​»​។​

​ជារឿយៗ លោក​សម រង្ស៊ី តែងតែ​ប្រកាស​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​ប្រាប់​ឲ្យ​អ្នកគាំទ្រ​ក្នុងប្រទេស រង់ចាំ​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់លោក​ទៀតផង​។ ប៉ុន្តែ​ជា​ការកត់សម្គាល់ លោក​មិនដែល​ដាក់​កាល​វេលា​ឲ្យ​ជាក់លាក់​ទេ ហើយក៏​មិនដែល​គោរព​តាម​ការប្រកាស​របស់ខ្លួន​ពី​គម្រោង​ចូល​ស្រុក​នេះ ម្តងណា​ឡើយ​។​

​គូរ​ប្រកួត​នយោបាយ​របស់លោក​ស​ម រង្ស៊ី គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ធ្លាប់បាន​ចំអក​ដាក់​លោក​សម រង្ស៊ី​ដែរ និង​ថា បានតែ​និយាយ​មិន​ហ៊ាន​មក​ទេ ប៉ុន្តែ លោក​បញ្ជាក់​តប​ទៅ​លោក​សម រង្ស៊ី ឱ្យចូល​កម្ពុជា​ឲ្យ​លឿន ព្រោះ​អាជ្ញាធរ​កម្ពុជា​បាន​ត្រៀម​ខ្នោះ និង​ពន្ធនាគារ​រួចហើយ ដើម្បី​ទទួល​។​

​ជា​ការកត់សម្គាល់ អតីតមន្ត្រី​គណបក្សប្រឆាំង​មួយចំនួន​នៅ​ក្នុងស្រុក បាន​ជួបជុំ​ពិភាក្សាគ្នា ដើម្បី​គាំទ្រ និង​រង់ចាំ​ទទួល​លោក​សម រង្ស៊ី និង អតីត​ថ្នាក់​នាំ​គណបក្សប្រឆាំង​ផ្សេងទៀត ដែល​ប្រកាស​វិល​មក​កម្ពុជា​វិញ នាពេលខាងមុខ និង​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ជុំគ្នា​។ តែ​សូម្បីតែ​ការហូប​នំ​បញ្ចុក​ជជែក​គ្នា​ពី​អតីត​គណបក្សប្រឆាំង ក៏​ត្រូវបាន បក្ស​កាន់អំណាច ចាត់ទុកថា ជា​ការខុសច្បាប់​ដែរ ដោយ​អះអាងថា រំលោភ​សាលដីកា​តុលាការ​កំពូល​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ចោទ​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​ថា «​ដើម្បី​បិទបាំង​សកម្មភាព​នយោបាយ​គាំទ្រ​អតីត​គណបក្សប្រឆាំង  សកម្មជន​ទាំងនោះ បាន​យក​លេស​ការ​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ក្នុង​គោលបំណង​បំភាន់​ភ្នែក​សមត្ថកិច្ច​»​ទៅវិញ​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត