ការចាក់​ដោយ​កាំបិត​នៅ​ជប៉ុន៖មនុស្ស​២​នាក់​ស្លាប់​និង​១៨​នាក់​របួស​

28-05-2019 2:46 pm 875
  ស្តាប់
អ្នកជំនួយវេជ្ជសាស្រ្តរៀបចំតង់សម្រាប់ព្យាបាលរបួសជនរងគ្រោះនៅកន្លែងកើតហេតុ
ស្តាប់ជាសំឡេង

​យោងតាម​ប្រភពពី​អ្នកបើកបរ​រថយន្ត​ដឹក​សិស្សសាលា​ឯកជន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​NHK​របស់​ជប៉ុន​ថា គាត់​បានឃើញ​ជនសង្ស័យ ដើរ​សំដៅ​ទៅរក​សិស្សសាលា​ក្មេងៗ ដែល​កំពុង​ឈរ​រង់ចាំ​ឡើង​ជិះ​រថយន្ត​ដឹក​សិស្ស ស្ថិតនៅ​ក្បែរ​សាលារៀន​ឯកជនមួយ ក្នុង​ក្រុង​កា​វ៉ា​សា​គី​។ បន្ទាប់មក ជនសង្ស័យ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព ដោយ​យក​កាំបិត​ចាក់​លើ​ក្មេងៗ​សិស្សសាលា​ទាំង​កម្រោល ហើយ​បាន​សំដៅ​ចូលក្នុង​រថយន្ត រួច​ក៏​បន្ត​ចាក់ទៅលើ​សិស្សសាលា​ដែល​នៅ​ខាងក្នុង​រថយន្ត​នោះ​ទៀត​។ សាក្សី​ផ្សេងទៀត និយាយថា គាត់​បានឃើញ​សិស្សសាលា​ជាច្រើន ដួល​ដេក​រណូករណែល​នៅ​លើដី​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​អគ្គី​ស​ភ័យ នៃ​ក្រុង​កា​វ៉ា​សា​គី​ប្រទេស​ជប៉ុន បានទទួល​ទូរស័ព្ទ​សុំ​ជំនួយ​សង្គ្រោះបន្ទាន់ នៅវេលា​ម៉ោង​៧​និង​៤៤​នាទី​ព្រឹក ថ្ងៃទី​២៨​ខែ​ឧសភា​។ អ្នក​ហៅ ទូរស័ព្ទ​បាន​ប្រាប់​អ្នកនាំពាក្យ​ថា មាន​កុមារ​ជាច្រើន ត្រូវបាន​គេ​ចាក់​ដោយ​កាំបិត​។ ប៉ូលិស​បាន​ចុះ​អន្តរាគមន៍ អម​ជាមួយ​សេវា​សង្គ្រោះបន្ទាន់ ក៏បាន​មកដល់​កន្លែង​កើតហេតុ ហើយ​ប្រញាប់ប្រញាល់​រៀបចំ​តង់ ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ព្យាបាល​អ្នករងរបួស​។​

​យោងទៅតាម​ទីភ្នាក់ងារ​សារព័ត៌មាន​BBC ឲ្យដឹងថា ក្នុង​ហេតុការណ៍​នេះ បណ្តាលឲ្យ​សិស្សសាលា​ភេទ​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​យ៉ាងហោចណាស់ ១៨​នាក់​ផ្សេងទៀត​រងរបួស​។ ក្នុងចំណោម​ជនរងគ្រោះ​ដែល​របួស មាន​ក្មេងៗ​សិស្សសាលា​ចំនួន​១៦​នាក់​។ ដោយឡែក បុរស​ជនសង្ស័យ វ័យ​៥០​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​យក​កាំបិត​ចាក់​ខ្លួនឯង​ចំ​ក ជាច្រើន​កន្លែង​។ 

​ភ្លាមៗ​ក្រោយ​កើតហេតុ គេ​មិនទាន់​ដឹង​ពី​មូលហេតុ នៅ​ពីក្រោយ​ការចាក់សម្លាប់​មនុស្ស​នេះ​នៅឡើយ​ទេ​។ ប៉ូលិស​ប្រមូលបាន​កាំបិត​ចំនួន​២​នៅ​កន្លែងកើតហេតុ​។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ បាន​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ​។​

ជប៉ុន ជា​ប្រទេសមួយ​ក្នុង​ពិភពលោក ដែល​កម្រ​នឹង​កើតមាន​អំពើហិង្សា​ណាស់ ប៉ុន្តែ​បើតាម​ការកត់សំគាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជប៉ុន​បាន​ជួបប្រទះ នូវ​ការវាយប្រហារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើ​កាំបិត​។ កាលពី​ឆ្នាំ​២០១៦ មនុស្ស​១៩​នាក់ បាន​រង​នូវ​ការចាក់​ដោយ​កាំបិត នៅ​មជ្ឈមណ្ឌល​ថែទាំ​សម្រាប់​អ្នក​ដែលមាន​សតិ​មិនល្អ ដោយ​អតីត​បុគ្គលិក​។ អតីត​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ថែទាំ​មួយ​នេះ និយាយថា​មូលហេតុ​ជំរុញ​ឲ្យ​គាត់​ធ្វើបែបនេះ ព្រោះ​ចង់ឲ្យ​ជន​ពិការភាព​ផ្នែក​សតិអារម្មណ៍​ស្លាប់​។ ហេតុការណ៍​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​កាលពី​ឆ្នាំ​២០០១ នៅពេលដែល​បុរស​ម្នាក់​បាន​ចូលទៅ​ចាក់​សម្លាប់​មនុស្ស​ក្នុង​សាលាបឋមសិក្សា​មួយ បណ្តាលឲ្យ​សិស្សសាលា​៨​នាក់​ស្លាប់ ក្នុង​ទីក្រុង​អូ​សា​កា​៕

ព័ត៌មានផ្សេងទៀត