រឿងរ៉ាវរវាងយក្សសេដ្ឋកិច្ចអាមេរិកនិងចិន កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនដោះស្រាយមិនចេញ។ បញ្ហាប្រឈមធំបំផុតដែលប្រទេសទាំងពីរកំពុងជួបប្រទះគឺ ទីមួយសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយពេលប្រមាណមួយឆ្នាំមកហើយ និងសង្គ្រាមបច្ចេកវិទ្យាដែលទើបផ្ទុះខ្លាំងថ្មីៗនេះ។ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មប៉ុន្មានសប្ដាហ៍មុន អាមេរិកបានប្រកាសដំឡើងពន្ធ២៥ភាគរយ លើទំនិញចិនតម្លៃ២០០ពាន់លានដុល្លារ ហើយក៏ត្រូវចិនសងសឹកវិញ។ តែចំពោះសង្គ្រាមបច្ចេកវិទ្យា ស្ថាបនិកក្រុមហ៊ុនHuaweiបានប្រកាសថា លោកមិនគាំទ្រឲ្យរដ្ឋាភិបាលចិនសងសឹកនឹងអាមេរិកទេ ហើយបើមានករណីនេះមែនលោកនឹងចេញមុខប្រឆាំងមុនគេ។ តើមានដើមចមអ្វីនៅពីក្រោយ?
ជាបន្ដសូមស្ដាប់នាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិ រៀបចំជូនដោយពេញ ផេងដូចតទៅ៖
សំឡេង៖
គិតត្រឹមពេលនេះសង្គ្រាមដ៏ក្ដៅគគុករវាងអាមេរិកនិងចិន កំពុងធ្វើឲ្យចលាចលទូទាំងពិភពលោក។ សង្គ្រាមទីមួយគឺសង្គ្រាមពាណិជ្ជកម្ម ហើយថ្មីៗនេះទើបផ្ទុះសង្គ្រាមមួយទៀតគឺសង្គ្រាមបច្ចេកវិទ្យា រវាងអាមេរិកជាមួយក្រុមហ៊ុនទូរគមនាគមន៍ចិនHuawei។ យើងងាកមកនិយាយពីសង្គ្រាមពាណិជ្ជកម្មសិន ថាហេតុអ្វីបានជាផ្ទុះឡើង? មូលហេតុដំបូងបំផុតនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដោយសារលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកលើកឡើងថា ធ្វើជំនួញជាមួយចិនអាមេរិកខាតបង់ច្រើន គឺគ្មានតុល្យភាពពាណិជ្ជកម្មទេ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក។ ម្យ៉ាងវិញទៀតអាមេរិកចោទថាក្រុមហ៊ុនចិនបានលួចកម្មសិទ្ធិបញ្ហាពីក្រុមហ៊ុនអាមេរិក ដូច្នេះដើម្បីស្នើភាពគ្នាអាមេរិកត្រូវចាត់វិធានការសមស្រប តាមរយៈការដំឡើងពន្ធលើទំនិញចិននាំចូលទៅអាមេរិក។
ចាប់តាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្ម អាមេរិកបានដំឡើងពន្ធលើទំនិញនាំចូលពីចិនបួនលើកហើយ។ លើកទីមួយចាប់ផ្ដើមមានប្រសិទ្ធភាពនៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៨ កាលនោះអាមេរិកដំឡើងពន្ធ២៥ភាគរយលើទំនិញចិនតម្លៃ៣៤ពាន់លានដុល្លារ។ លើកទីពីរនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ អាមេរិកដំឡើងពន្ធ២៥ភាគរយលើទំនិញចិនតម្លៃ១៦ពាន់លានដុល្លារ។ លើកទីបីនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨ អាមេរិកដំឡើងពន្ធ១០ភាគរយលើទំនិញចិនតម្លៃ២០០ពាន់លានដុល្លារ។ ដោយឡែកនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨ អាមេរិកនិងចិនបានឯកភាពផ្អាកការដំឡើងពន្ធរយៈពេល៩០ថ្ងៃ ឲ្យមន្ដ្រីតំណាងចរចារកដំណោះស្រាយ។ ប៉ុន្ដែផុតរយៈពេល៩០ថ្ងៃនៅតែគ្មានដំណោះស្រាយ រហូតដល់ពន្យារពេលបន្ថែមទៀតនៅតែគ្មានលទ្ធផល ដែលការចរចាចុងក្រោយធ្វើឡើងកាលពីថ្ងៃទី០៩-១០ឧសភានេះ នៅតែបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ទីបំផុតលោកត្រាំបានបញ្ជាឲ្យបង្កើនពន្ធលើទំនិញចិនពី១០ទៅ២៥ភាគរយ លើទំនិញចិន២០០ពាន់លានដុល្លារដែលដំឡើងកាលពីខែកញ្ញាឆ្នាំមុន។ លោកត្រាំក៏ប្រកាសបញ្ជាឲ្យចាប់ផ្ដើមដំណើរការនីតិវិធី ដំឡើងពន្ធលើទំនិញចិនតម្លៃ៣០០ពាន់លានដុល្លារបន្ថែមទៀតដែរ។ ការដំឡើងពន្ធរបស់អាមេរិក ក៏ត្រូវចិនប្រកាសដំឡើងពន្ធលើទំនិញអាមេរិកវិញដូចគ្នាទុកជាការសងសឹក។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងពីក្ដីព្រួយបារម្ភថា សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ នឹងបង្កផលប៉ះពាល់ដល់ទីផ្សារអន្ដរជាតិទាំងមូល ដូច្នេះត្រូវតែរកដំណោះស្រាយជាបន្ទាន់បើមិនចង់ធ្លាក់ក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ។ ពេលនេះមន្ដ្រីប្រទេសទាំងពីរប្រកាសនឹងជួបគ្នាម្ដងទៀតឆាប់ៗនៅទីក្រុងប៉េកាំងដើម្បីបន្ដកិច្ចចរចា។
ស្របពេលកំពុងទាល់ច្រកនឹងសង្គ្រាមពាណិជ្ជកម្ម អាមេរិកនិងចិនបានផ្ទុះសង្គ្រាមមួយទៀត គឺសង្គ្រាមបច្ចេកវិទ្យា។ អាមេរិកកំពុងចង់បិទផ្លូវក្រុមហ៊ុនទូរគមនាគមន៍ឈានមុខរបស់ចិន គឺក្រុមហ៊ុនHuawei ដែលអាមេរិកចោទថាស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន ទោះក្រុមហ៊ុនចេញមុខបដិសេធរាប់ភ្លេចដងហើយក្ដី។ អាមេរិកថាក្រុមហ៊ុននេះបានទទួលជំនួយជាសាច់ប្រាក់ពីកងទ័ពចិន ពីគណៈកម្មាធិការសន្ដិសុខជាតិចិន និងពីបណ្ដាញក្រុមចារកម្មរបស់ចិនផង ជាថ្នូរនឹងការដោះដូរព័ត៌មានសម្ងាត់។ អាមេរិកចោទក្រុមហ៊ុនHuawei កំពុងប្រើប្រាស់ឧបករណ៍លួចស៊ើបយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់ ជាកត្ដាដែលគំរាមកំហែងខ្លាំងដល់សន្ដិសុខជាតិអាមេរិក និងបណ្ដាប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យាឬឧបករណ៍របស់ក្រុមហ៊ុនHuawei។ សម្អាងលើហេតុផលនេះអាមេរិកបានទទូចឲ្យបណ្ដាប្រទេសជាច្រើន ឈប់សហការជាមួយក្រុមហ៊ុនHuaweiលើការអភិវឌ្ឍបណ្ដាញអ៊ីនធឺណេតឥតខ្សែ5G។
លោកដូណាល់ ត្រាំប៉ុន្មានសប្ដាហ៍មុនបានបញ្ចូលក្រុមហ៊ុនHuaweiក្នុងបញ្ជីខ្មៅ និងចេញបញ្ជាមិនឲ្យក្រុមហ៊ុនអាមេរិកផ្គត់ផ្គង់គ្រឿងបន្លាស់ កម្មវិធីsoftwareទៅក្រុមហ៊ុនHuaweiទៀតឡើយ បើគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។ គ្រាន់តែលោកត្រាំប្រកាសភ្លាម ក្រុមហ៊ុនGoogleជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធAndroid ទៅឲ្យក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនក្នុងលោក ក៏បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនHuaweiភ្លាមៗដែរ។ ក្រោយមកមានបណ្ដាក្រុមហ៊ុននៅអឺរ៉ុបនិងនៅអាស៊ី ក៏ប្រកាសផ្អាកផ្គត់ផ្គង់និងទិញផលិតផលពីក្រុមហ៊ុនHuaweiបណ្ដោះអាសន្ន។ កត្ដានេះធ្វើឲ្យក្រុមហ៊ុនHuaweiត្រូវប្រឈមឧបសគ្គ ពិសេសគឺអតិថិជនរបស់ក្រុមហ៊ុនព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចទូរស័ព្ទដែលពួកគេកំពុងប្រើប្រាស់ជួបបញ្ហា។ រដ្ឋាភិបាលចិនដែលកំពុងរងការចោទប្រកាន់ថាបានគាំទ្រក្រុមហ៊ុនHuawei បានព្រមាននឹងចាត់វិធានការឆ្លើយតបទង្វើអាមេរិក និងថា រដ្ឋាភិបាលមានសិទ្ធិការពារផលប្រយោជន៍ក្រុមហ៊ុនចិនទាំងអស់។
តែលោកយិន ចេងហ្វៃ(Ren Zhengfei) ជាស្ថាបនិកនិងនាយកប្រតិបត្ដិក្រុមហ៊ុនHuawei បាននិយាយថារឿងដែលរដ្ឋាភិបាលចិនចង់សងសឹកនឹងអាមេរិក ដោយចាត់វិធានការប្រឆាំងក្រុមហ៊ុនAppleមិនអាចកើតឡើងបានទេ ផ្ទុយទៅវិញបើបែបនេះមែនលោកនឹងចេញមុខប្រឆាំងមុនគេ។ ពេលផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍Bloomberg ចេញផ្សាយកាលពីថ្ងៃទី២៧ឧសភា លោកយិនសង្កត់ធ្ងន់ថា “ទាក់ទងនឹងរឿងសងសឹកនោះមានពីរចំណុចដែលខ្ញុំចង់និយាយ ទីមួយវាមិនអាចកើតឡើងបានដាច់ខាត និងទីពីរប្រសិនបើកើតឡើងមែន ខ្ញុំនឹងក្លាយជាមនុស្សទីមួយចេញមុខប្រឆាំង។ ក្រុមហ៊ុនAppleគឺជាគ្រូរបស់ខ្ញុំ។ ក្នុងនាមជាកូនសិស្សម្នាក់ មានមូលហេតុអ្វីដែលខ្ញុំត្រូវប្រឆាំងនឹងគ្រូរបស់ខ្ញុំ? ខ្ញុំមិនអាចធ្វើបែបនោះបានទេ។”
នាយកក្រុមហ៊ុនវ័យ៧៤ឆ្នាំរូបនេះបន្ថែមថា “យើងអាចនឹងមិនរីកចម្រើនដូចគោលដៅបានកំណត់ ប៉ុន្ដែយើងនៅបន្ដអភិវឌ្ឍទៅមុខដដែល។ ការដែលអាចរីកចម្រើនបានក្នុងបរិបទតឹងតែង នោះបានន័យថាយើងពិតជាអស្ចារ្យ។” លោកយិនបានឆ្លើយតបនឹងពាក្យរិះគន់ដែលថាបច្ចុប្បន្នក្រុមហ៊ុនHuawei កំពុងលួចកម្មសិទ្ធិបញ្ញានិងទទួលការគាំទ្រពីរដ្ឋាភិបាលផងដែរ។ លោកថាអាមេរិកមិនបានអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះទេ ដូច្នេះតើក្រុមហ៊ុនលោកលួចពីអាមេរិកយ៉ាងម៉េចទៅ? ពេលនេះHuaweiកំពុងនាំមុខអាមេរិក ប្រសិនបើHuaweiនៅពីក្រោយអាមេរិក លោកត្រាំក៏មិនចាំបាច់ប្រឹងប្រែងរកវិធីសាស្ដ្រវាយប្រហារបែបនេះដែរ។ ជុំវិញការធ្លាក់ចុះការផ្គត់ផ្គង់គ្រឿងបន្លាស់និងsoftware លោកយិនបញ្ជាក់ថាHuaweiនឹងប្រើប្រាស់គ្រឿងបន្លាស់និងកម្មវិធីផលិតដោយខ្លួនឯង។
នៅក្នុងបទសម្ភាសន៍លោកយិនអះអាងដែរថា អាមេរិកអាចគ្រប់គ្រងក្រុមហ៊ុនរបស់គេបាន តែអាមេរិកមិនមែនជាប៉ូលិសអន្ដរជាតិឡើយ គេមិនអាចគ្រប់គ្រងក្រុមហ៊ុនទាំងអស់ក្នុងលោកបានទេ។ ក្រុមហ៊ុននានាអាចសម្រេចចិត្ដគួរសហការជាមួយHuaweiឬអត់ អាស្រ័យលើគោលជំហរនិងផលប្រយោជន៍អាជីវកម្ម។ ប្រសិនបើអាមេរិករឹតបន្ដឹងកាន់តែខ្លាំងលើHuawei នោះHuaweiនឹងកាត់បន្ថយការបញ្ជាទិញពីអាមេរិក ហើយប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនវិញ។ តែបើក្រុមហ៊ុនអាមេរិកទទួលបានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោន Huaweiនឹងបន្ដទិញពីពួកគេដូចមុនអ៊ីចឹង។ ពាក់ព័ន្ធនឹងការចរចា លោកយិនឆ្លើយតបថាគ្មានរឿងចាំបាច់ដែលត្រូវចរចាទេ។ អាមេរិកមិនបាននាំយកផលិតផលពីHuaweiឡើយ តែនៅថ្ងៃមុខបើអាមេរិកចង់ទិញក៏Huaweiមិនលក់ឲ្យដែរ។ វាគ្មានអីចាំបាច់សោះដែលត្រូវចរចា។
ជារួមមក បើក្រុមហ៊ុនHuaweiអាចបន្ដទទួលបានការផ្គត់ផ្គង់ពីក្រុមហ៊ុនអាមេរិកឬក្រុមហ៊ុនផ្សេងនានាដូចមុន នោះក្រុមហ៊ុននឹងចំណេញច្រើន ពិសេសបំផុតចំណេញពេលវេលាតែម្ដង មិនចាំបាច់ចំណាយពេលស្រាវជ្រាវនិងផលិតដោយខ្លួនឯង៕