ប៉ាពួ​ញូ​ហ្គី​ណេ​ធ្លាក់​ក្នុង​វិបត្តិនយោបាយ ខណៈ​នាយករដ្ឋមន្ត្រី​ប្តូរ​ចិត្តលែង​ចុះ​ចេញពី​តំណែង​វិញ​

28-05-2019 12:41 pm 486
  ស្តាប់
​លោក​Peter O'Neill
ស្តាប់ជាសំឡេង

​លោក​Peter O'Neill នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ាពួ​ញូ​ហ្គី​ណេ បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​។ ប្រកាស​ចុះចេញ ដោយសារតែ​បាត់បង់​ការគាំទ្រ​។ ជា​ពិ​សស សូម្បីតែ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល ក៏រ​ត់ទៅ​ចុះចូល​ជាមួយ​គណបក្សប្រឆាំង​ដែរ​។ បន្ទាប់ពី​ប្រកាស​លាលែង​ពី​តំណែង នាយករដ្ឋមន្ត្រី​វ័យ​៥៤​ឆ្នាំ​រូបនេះ ថែមទាំង​បានប្រកាស​យល់ព្រម​ប្រគល់​តំណែង​នេះ ឲ្យទៅ​លោក​Sir Julius Chan អតីត​នាយក​រដ្ឋ​ន្ត្រី​ទៀតផង​។​

​ប៉ុន្តែ នៅពេល​មិនទាន់​បានដាក់​លិខិត​លាឈប់​ជា​ផ្លូវការ​នៅឡើយ លោក Peter O'Neill ក៏បាន​ប្រកាស់​ផ្លាស់ប្តូរ​ចិត្ត​លែង​ចុះ​ចេញពី​តំណែង​វិញ​។ ការណ៍​នេះ បានធ្វើឲ្យ​ប៉ាពួ​ញូ​ហ្គី​ណេ​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ ដោយ​លោក O'Neill​និង​សភា​កំពុង​ប្រឈមមុខ​ដាក់គ្នា​។ នៅ​ថ្ងៃ​អង្គារ​ទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​នេះ ពួក​សមាជិកសភា​បាន​កោះ​ប្រជុំគ្នា ហើយ​សម្រាប់​ក្រុមប្រឆាំង​យក​ឱកាស​នេះ រៀបចំ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត ដើម្បី​ដក​លោក​O'Neill​ចេញពី​តំណែង​តែម្តង​។ 

​ភ្លាមៗ​នេះ មិនទាន់​ដឹង​នោះទេ​ថា ដំណើរការ​បោះឆ្នោត​វិវត្ត​ទៅមុខឬ​យ៉ាង​ណាឡើយ ព្រោះតែ​លោក​O'Neill បាន​ប្រើប្រាស់​វិធានការ​តាម​ផ្លូវច្បាប់ ប្រឆាំងនឹង​ការបោះឆ្នោត​នេះ ដើម្បី​ការពារ​អំណាច​របស់លោក​កុំឲ្យ​បាត់បង់​។ អ្នកនយោបាយ​ជើងចាស់ ដែល​កាន់តំណែង​នាយករដ្ឋមន្ត្រី​ចំនួន​៧​ឆ្នាំ​មកហើយ​នោះ បាន​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ​។ 

​គួរ​ជម្រាបជូន​ថា លោក​O'Neill បាន​ទទួលរង​នូវ​ការរិះគន់ និង​ការអំពាវនាវ​ឲ្យ​ចុះ​ចេញពី​តំណែង ដោយសារ​បញ្ហា​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង បញ្ហា​ពាក់ព័ន្ធ​នឹង​គម្រោង​ឧស្ម័ន មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ដែល​បាន​ចុះហត្ថលេខា​កាលពីដើមឆ្នាំ​២០១៩ ជាមួយ​ក្រុមហ៊ុន​ប្រេង​បារាំង Total និង​ក្រុមហ៊ុន​ប្រេង​អាមេរិក ExxonMobil​។ ថ្វីបើ​គម្រោង​នេះ នឹង​បង្កើន​ការនាំចេញ​ឧស្ម័ន​ពី ប្រទេស​ប៉ា​ពួះ​ញូ​ហ្គី​ណេ ជិត​ទ្វេដង​ក៏ដោយ តែ​សម្រាប់​សហគមន៍​មូលដ្ឋាន បាន​ត្អូញត្អែរ អំពី ការមិន​បាន​ទទួលផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​។ នៅមាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ ប្រជាប្រិយភាព​របស់លោក Peter O'Neill ធ្លាក់ចុះ​យ៉ាងគំហុក​៕

ព័ត៌មានផ្សេងទៀត