មនុស្ស​ជាច្រើន​នាក់​របួស ​នៅក្នុង​ហេតុការណ៍​ចាក់​ដោយ​កាំបិត ​នៅ​ប្រទេស​ជប៉ុន​

28-05-2019 10:43 am 416

​មនុស្ស​២​នាក់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​អាច​នឹង​ស្លាប់ និង​១៧​នាក់​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​ប្រើ​កាំបិត ចាក់​លើ​មនុស្ស​នៅក្នុង​ប្រទេស​ជប៉ុន​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​អង្គារ​ទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​នេះ នៅក្នុង​ទីក្រុង​កា​វ៉ា​សា​គី​នៃ​ប្រទេស​ជប៉ុន​។ នេះ​បើតាម ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​Channel News Asia​របស់​សិង្ហ​បុរី​។​

​ប៉ុន្តែ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​BBC​របស់​អង់គ្លេស​វិញ បានឲ្យដឹងថា មនុស្ស​១៦​នាក់​ត្រូវបាន​គេ​ចាក់​ដោយ​កាំបិត នៅក្នុង​នោះ​មនុស្ស​២​នាក់ ដែល​ម្នាក់​ជា​កុមារ​និង​ម្នាក់ទៀត​ជា​មនុស្សពេញវ័យ បាន​ស្លាប់បាត់​បង់ជីវិត​។ ប្រភព​ដដែល​ឲ្យដឹង​បន្ថែមថា បុរស​ម្នាក់​បានចាប់ផ្តើម​សកម្មភាព​ចាក់​លើ​មនុស្ស នៅក្បែរ​ចំណតរថយន្ត​មួយ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានីយ៍​រថភ្លើង​ក្នុងស្រុក​។​

​ក្រោយពី​ធ្វើ​សកម្មភាព​នេះ​រួច បុរស​ជនសង្ស័យ​បាន​យក​កាំបិត​ចាក់​ខ្លួនឯង​ចំ​ស្មា មុន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ហើយ​ប៉ូលិស​ក៏​ប្រមូលបាន​កាំបិត​ចំនួន​២​នៅ​កន្លែងកើតហេតុ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន NHK​របស់​ជប៉ុន​។ យ៉ាងណា​ភ្លាមៗ​នេះ គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​៕


 ពាក្យគន្លឹះ  ជប៉ុនចាក់ដោយកាំបិទ

ព័ត៌មានផ្សេងទៀត