ការ​​​​ផ្ទេរកម្មសិទ្ធិ​យាន​​​​​យន្ត និង​បង់​​ពន្ធប្រថាប់​ត្រា​​​នឹង​ធ្វើនៅ​កន្លែង​តែ​មួយ​​​

28-05-2019 8:22 am 864

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពន្ធដារ នៅថ្ងៃទី២៧ ខែឧសភាម្សិលមិញ បានជួបពិភាក្សាគ្នាអំពី”នីតិវិធី រួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា”ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាទៅលើ លំហូរចរន្តដំណើរការ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា។ អង្គប្រជុំបានសម្រេចឯកភាព លើការធ្វើនីតិវិធីរួមផ្ទេរ កម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ឆ្លុះបង្ហាញការគិតគូដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ បង្កភាពងាយស្រួល និងចំណេញពេលវេលា។ នីតិវិធីរួមនេះ ត្រូវកំណត់ដោយ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ។

លោកស៊ុន ចាន់ថុល ​និងលោកគង់ វិបុល មានសង្ឃឹមយ៉ាងមុតមាំ ថា លំហូរចរន្តដំណើរការតាមប្រព័​ន្ធស្វ័យប្រវត្តិកម្ម ក្នុងការអនុវត្តនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានេះ នឹងដំណើ​រការទៅ បានយ៉ាងរលូន នឹងជួយចូលរួមទៅដល់ការពង្រឹ ងនូវគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ ឲ្យបានកាន់តែមានភាពល្អប្រសើរឡើង៕

ព័ត៌មានផ្សេងទៀត