លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ។ មានបញ្ហាជាច្រើន ដែលត្រូវលើកមកនិយាយ រវាងលោកត្រាំនិងលោកស្ស៊ីន ហ្សូអាបេនាយករដ្ឋមន្ត្រីជប៉ុន ដែលនៅក្នុងនោះរួមមាន បញ្ហាពាណិជ្ជកម្ម និងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដើម។ ក្រៅពីជជែកពីបញ្ហាទាំងអស់នេះ លោកអាបេ មិនភ្លេចឡើយអំពីបំណងប្រាថ្នា ដែលចង់នាំប្រជាជនជប៉ុន ដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើងក្នុងសម័យសង្គ្រាម ត្រឡប់មកប្រទេសជប៉ុនវិញ។ បញ្ហានេះ ចាំបាច់ត្រូវមានជំនួយ ពីប្រទេសដែលមានឱកាសចូលទៅក្បែរកូរ៉េខាងជើង តួយ៉ាងដូចជាអាមេរិកជាដើម។
នៅថ្ងៃទី២៧ខែឧសភានេះ លោកអាបេ បានរៀបចំឲ្យមានជំនួបពិភាក្សា រវាងលោកជាមួយលោកត្រាំ និងសមាជិកគ្រួសារមួយចំនួន ដែលត្រូវបានគេចាប់ពង្រត់។ ក្នុងចំណោមសាច់ញាតិទាំងនោះ លោកត្រាំ បាននិយាយទៅកាន់ស្ត្រីចំណាស់វ័យ៨៣ឆ្នាំម្នាក់ ដែលត្រូវជាម្តាយរបស់ អ្នកស្រី Megumi Yokota ដែលត្រូវបានកូរ៉េខាងជើង ចាប់ពង្រត់យកទៅនៅអាយុ១៣ឆ្នាំ។ លោកត្រាំបានរៀបរាប់ថា ករណីចាប់ពង្រត់នេះ ជារឿងដ៏សោកសៅខ្លាំងណាស់។ លោកថានឹងធ្វើការជាមួយលោក អាបេ ដើម្បីនាំជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយភ្នាក់ងាររបស់កូរ៉េខាងជើង នៅក្នុងសម័យសង្គ្រាម ឲ្យបានត្រឡប់មកផ្ទះ ជួបជុំសាច់ញាតិរបស់ពួកគេវិញ។ ប៉ុន្តែពុំមានការលើកឡើង ពីមធ្យោបាយ ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហានេះឡើយ។
ជាច្រើនលើកច្រើនដងមកហើយ ដែលជប៉ុនទទូចចង់ឲ្យអាមរិក ក៏ដូចជាប្រទេសជាមិត្តផ្សេងទៀត យកចិត្តទុកដាក់ចំពោះខ្លួន ជួយដោះស្រាយបញ្ហានេះ ឲ្យដូចជាការរួមគ្នាដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ យ៉ាងសស្រាក់សស្រាំអ៊ីចឹងដែរ។ សម្រាប់លោកអាបេផ្ទាល់ ក៏ធ្លាប់បង្ហាញពីចេតនាចង់ជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនដែរ ប៉ុន្តែមកដល់ពេលនេះ គ្មានតម្រុយបន្តិចសោះឡើយពីកូរ៉េខាងជើង។
សូមរម្លឹកថា ភ្នាក់ងារកូរ៉េខាងជើង បានចាប់ពង្រត់ជនជាតិជប៉ុន ជាច្រើននាក់នៅចន្លោះឆ្នាំ ១៩៧០ និងឆ្នាំ ១៩៨០។ នៅឆ្នាំ ២០០២ កូរ៉េខាងជើង បានទទួលស្គាល់ថា ភ្នាក់ងាររបស់ខ្លួន បានចាប់ពង្រត់ជនជាតិជប៉ុនចំនួន ១៣នាក់។ តែជប៉ុនអះអាងថា ពលរដ្ឋរបស់ខ្លួនចំនួន ១៧ នាក់ត្រូវបានគេចាប់ពង្រត់ ហើយ ៥ នាក់ទៀត ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍៕