លោក​ត្រាំ​នឹង​ជួយ​លោក​អាបេ នាំ​ជនជាតិ​ជប៉ុន​ដែល​ចាប់ពង្រត់​ដោយ​កូរ៉េខាងជើង​ត្រឡប់មកវិញ​

27-05-2019 6:00 pm 492
  ស្តាប់
លោកដូណាល់ត្រាំនិងភរិយាក្នុងជំនួបជាមួយសមាជិកគ្រួសារដែលត្រូវបានចាប់ពង្រត់
ស្តាប់ជាសំឡេង

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក កំពុង​ស្ថិតនៅក្នុង​ប្រទេស​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​។ មាន​បញ្ហា​ជាច្រើន ដែល​ត្រូវ​លើក​មក​និយាយ រវាង​លោក​ត្រាំ​និង​លោ​កស្ស៊ីន ហ្សូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន ដែល​នៅ​ក្នុងនោះ​រួមមាន បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជាដើម​។ ក្រៅពី​ជជែក​ពី​បញ្ហា​ទាំងអស់នេះ លោក​អាបេ មិន​ភ្លេច​ឡើយ​អំពី​បំណងប្រាថ្នា ដែល​ចង់​នាំ​ប្រជាជន​ជប៉ុន ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​កូរ៉េខាងជើង​ក្នុងសម័យ​សង្គ្រាម ត្រឡប់មក​ប្រទេស​ជប៉ុន​វិញ​។ បញ្ហា​នេះ ចាំបាច់​ត្រូវមាន​ជំនួយ ពី​ប្រទេស​ដែល​មានឱកាស​ចូលទៅ​ក្បែរ​កូរ៉េខាងជើង តួយ៉ាង​ដូចជា​អាមេរិក​ជាដើម​។​

​នៅ​ថ្ងៃទី​២៧​ខែឧសភា​នេះ លោក​អាបេ បានរៀបចំ​ឲ្យមាន​ជំនួប​ពិភាក្សា រវាង​លោក​ជាមួយ​លោក​ត្រាំ និង​សមាជិកគ្រួសារ​មួយចំនួន ដែល​ត្រូវបាន​គេ​ចាប់ពង្រត់​។ ក្នុងចំណោម​សាច់ញាតិ​ទាំងនោះ លោក​ត្រាំ បាន​និយាយ​ទៅកាន់​ស្ត្រី​ចំណាស់​វ័យ​៨៣​ឆ្នាំ​ម្នាក់ ដែល​ត្រូវជា​ម្តាយ​របស់ អ្នកស្រី Megumi Yokota ដែល​ត្រូវបាន​កូរ៉េខាងជើង ចាប់ពង្រត់​យកទៅ​នៅ​អាយុ​១៣​ឆ្នាំ​។ លោក​ត្រាំ​បាន​រៀបរាប់ថា ករណី​ចាប់ពង្រត់​នេះ ជា​រឿង​ដ៏​សោកសៅ​ខ្លាំងណាស់​។ លោក​ថា​នឹង​ធ្វើការ​ជាមួយ​លោក អាបេ ដើម្បី​នាំ​ជនជាតិ​ជប៉ុន ដែល​ត្រូវបាន​ចាប់ពង្រត់ ដោយ​ភ្នាក់ងារ​របស់​កូរ៉េខាងជើង នៅក្នុង​សម័យ​សង្គ្រាម ឲ្យបាន​ត្រឡប់មកផ្ទះ ជួបជុំ​សាច់ញាតិ​របស់​ពួកគេ​វិញ​។ ប៉ុន្តែ​ពុំមាន​ការលើកឡើង ពី​មធ្យោបាយ ដែល​ត្រូវធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​នេះឡើយ​។​

ជាច្រើនលើក​ច្រើនដង​មកហើយ ដែល​ជប៉ុន​ទទូច​ចង់ឲ្យ​អា​មរិក ក៏ដូចជា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត យកចិត្តទុកដាក់​ចំពោះ​ខ្លួន ជួយ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​ដូចជា​ការ​រួមគ្នា​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ យ៉ាង​សស្រាក់សស្រាំ​អ៊ីចឹង​ដែរ​។ សម្រាប់​លោក​អាបេ​ផ្ទាល់ ក៏​ធ្លាប់​បង្ហាញ​ពី​ចេតនា​ចង់​ជួបពិភាក្សា​ជាមួយ​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​ដែរ ប៉ុន្តែ​មកដល់ពេលនេះ គ្មាន​តម្រុយ​បន្តិច​សោះឡើយ​ពី​កូរ៉េខាងជើង​។ 

សូម​រម្លឹកថា ភ្នាក់ងារ​កូរ៉េខាងជើង បាន​ចាប់ពង្រត់​ជនជាតិ​ជប៉ុន ជាច្រើន​នាក់​នៅ​ចន្លោះ​ឆ្នាំ ១៩៧០ និង​ឆ្នាំ ១៩៨០​។ នៅ​ឆ្នាំ ២០០២ កូរ៉េខាងជើង បាន​ទទួលស្គាល់ថា ភ្នាក់ងារ​របស់ខ្លួន បាន​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​ចំនួន ១៣​នាក់​។ តែ​ជប៉ុន​អះអាងថា ពលរដ្ឋ​របស់ខ្លួន​ចំនួន ១៧ នាក់​ត្រូវបាន​គេ​ចាប់ពង្រត់ ហើយ ៥ នាក់​ទៀត ត្រូវបាន​គេ​ធ្វើ​មាតុភូមិនិវត្តន៍​៕ 


ព័ត៌មានផ្សេងទៀត