រដ្ឋាភិបាល​៖​​វោហារសាស្ត្រ​​លោក​សម រង្ស៊ី ​គ្រាន់តែ​ជា​​វិទ្ធង្សនា​​ចិត្តសាស្ត្រ​​នយោបាយ​​

27-05-2019 4:12 pm 1362
  ស្តាប់
ស្តាប់ជាសំឡេង

​ជារឿយៗ លោក​សម រង្ស៊ី តែងតែ​អំពាវនាវ​ទៅដល់ ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ កុំឲ្យ​ស្តាប់តាម​បញ្ជា​របស់លោ​ក​ហ៊ុន សែន និង​បានប្រកាស​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​ប្រាប់​ឲ្យ​អ្នកគាំទ្រ​ក្នុងប្រទេស រង់ចាំ​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់លោក​ទៀតផង​។ ជាថ្មីទៀត​នេះ លោក​សម រង្ស៉ី តាមរយៈ​វិទ្យុ​អាស៊ីសេរី បាន​បញ្ជាក់ថា នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ នៅពេលដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​នៅពេល​សហរដ្ឋអាមេរិក​អនុវត្ត​វិធានការ​ផ្សេងៗ​មកលើ​កម្ពុជា​។ ប៉ុន្តែ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ចាត់ទុក​ការប្រកាស​របស់លោក​ស​ម រង្ស៉ី គឺជា​សកម្មភាព​បង្ហាញ​ពី​ភាពទាល់ច្រក​ផ្នែក​នយោបាយ ទៅវិញ​។​

​សេចក្តីថ្លែងការណ៍ របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ហៅ​ការអំពាវនាវ​របស់លោក​សមរង្ស៊ី ថា​ជាការ​ញុះញង់​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​កំពុង​បង្ហាញ​អំពី​ភាពទន់ខ្សោយ​នយោបាយ ហើយ​ចង់​ងាក​មកប្រើប្រាស់​ញើស​ឈាម និង​ជីវិត​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់​សម្រាប់​ការវិលត្រឡប់​មកវិញ​របស់ខ្លួន​។ 

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ត្រៀមលក្ខណៈ ទោះ​ក្នុង​វិធាន និង​តម្លៃ​ណាមួយ​ក៏ដោយ ដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​សកម្មភាព​របស់​លោកស​ម​រង្ស៊ី ពេលនេះ​។ តែ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា យល់ឃើញថា វោហារសាស្ត្រ​របស់លោក​សម រង្ស៉ី គ្រាន់តែ​ជា​វិទ្ធង្សនា​ចិត្តសាស្ត្រ​នយោបាយ ដើម្បី​ប្រើប្រាស់​រូបភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​លាក់បាំង​នូវ​ពុតត្បុត​នយោបាយ បម្រើ​មហិច្ឆតា​របស់ខ្លួន តែប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត