គោ​ទឹក​ដោះ​​អឺរ៉ុប​១០០​​ក្បាល​​បាន​​មក​ដល់​​ទឹកដី​កម្ពុជា​​ជា​​លើក​ដំបូង​​

27-05-2019 12:22 pm 1187
គោទឹកដោះ ​នៅឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប។

​យ៉ាងហោចណាស់​គោ​ទឹកដោះ​ផើម​ចំនួន​១០០​ក្បាល​ដែល​គេ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ ត្រូវបាន​ដឹក​ចូល​មកដល់​ទឹកដី​កម្ពុជា​ជា​លើកដំបូង​តាម​ព្រំដែន​សីមា​កម្ពុជា​-​ថៃ កាល​ថ្ងៃទី​២៥ ឧសភា បន្ទាប់ពី​ធ្វើដំណើរ​ពេញ​មួយថ្ងៃ មួយ​យប់​លើ​ចម្ងាយ​ផ្លូវ​ជាង​៨០០​គ​.​ម​។​គោ​ទឹកដោះ​ទាំងអស់នោះ បាន​ដឹក​ទៅកាន់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៃ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់ថា គោ​ទឹកដោះ​ផើម​ចំនួន​១០០​ក្បាល បាន​ដឹក​មកដល់​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ឧសភា ហើយ​កំពុង​ចាប់ផ្តើម​ដំណើរការ​ចិញ្ចិម​យក​ទឹកដោះ នៅ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប​។​

​បើតាម​លោក​បណ្ឌិត សុខ ទូច គោ​ទឹកដោះ​ផើម​ចំនួន​១០០​ក្បាល​នេះ ត្រូវបាន​រាជបណ្ឌិត្យសភា​កម្ពុជា​នាំយក​ពី​ប្រទេស​ដា​ណា​ម៉ាក់​ជា​ពូជ​គោ​បែប​អឺរ៉ុប​។​លោក​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​នាំយក​ពូជ​គោ​ទឹកដោះ​ពី​ប្រទេស​នៅ​អឺរ៉ុប ខណៈ​កន្លងមក​មិន​ធ្លាប់មាន​។ ក្រោយពី​បាន​សិក្សា​ចប់សព្វគ្រប់ រាល់​លទ្ធផល​ទាំងនេះ​រាជបណ្ឌិត្យសភាកម្ពុជា​នឹង​ផ្តល់​ជូនទៅ​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង ប្រជាកសិករ​ដែលមាន​បំណង​ក្នុង​ការចិញ្ចឹម​គោ​ទឹកដោះ ដោយ​ប្រែក្លាយ​ការ​ចិញ្ចឹមសត្វ​ពី​តាមបែប​យថាហេតុ មក​ចិញ្ចឹមសត្វ​បែប​ឧស្សាហកម្ម​វិញ​ម្តង​។​

​យ៉ាងណាក៏ដោយ ការមកដល់​នៃ​គោ​យក​ទឹកដោះ​ចំនួន​១០០​ក្បាល ជា​ការសម្រេច​នូវ​ក្តីទន្ទឹងរង់ចាំដ៏​អន្ទះសា​រមួយ ហើយក៏​ជា​វិញ្ញាសា​ដ៏​ស្មុគស្មាញ​ផងដែរ​។​លោក​បណ្ឌិត​គិន ភា មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា កាល​មកដល់​នៃ​គោ​ទឹកដោះ​ពី​អឺរ៉ុប គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ នៅមាន​វិញ្ញាសា​ដ៏​ស្មុគស្មាញ​ជាច្រើន​ទៀត​ដែល​រាជបណ្ឌិត្យសភា​កម្ពុជា ត្រូវ​ជម្នះ​នាពេលខាងមុខ​ដើម្បី​ផលប្រយោជន​ជូន​ជាតិ​។

​សូមបញ្ជាក់ថា គម្រោង​បង្កើត​តំបន់​ឧទ្យាន​ចិញ្ចឹម និង​ផលិត​ទឹកដោះគោ​ស្រស់​ដំបូងបង្អស់​របស់​រាជ​បណ្ឌិត្យសភា​កម្ពុជា បង្កើតឡើង​នៅក្នុង​ទឹកដី​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោ​សែន​ឫស្សី​ត្រឹប នៅលើ​ទឹកដី​ស្រុក​ឆែ​ប នៃ​ខេត្តព្រះវិហារ​។​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​គម្រោង​នេះ និង​ថែមទាំង​បានផ្តល់​ជា​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ក្នុង​ការចូលរួម​ទិញ​មេគោ​ដើម្បី​ចិញ្ចឹម​៕

 ពាក្យគន្លឹះ  គោះទឹកដោះលោកសុខទូច

ព័ត៌មានផ្សេងទៀត