រដ្ឋមន្ត្រី​ការងារ​៖​​​បដិវត្ត​ឧស្សាហកម្ម​ទី​៤​​នឹង​បង្កើត​ការងារ​​ថ្មីៗ​​ដល់​យុវជន​កម្ពុជា​​

27-05-2019 11:10 am 443
  ស្តាប់
លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ
ស្តាប់ជាសំឡេង

​ក្នុង​ពិធី​បើក​កិច្ចសន្ទនា​ជាន់ខ្ពស់​ថ្នាក់ជាតិ​ស្តីពី អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា នា​ថ្ងៃទី​២៧ ឧសភា នេះ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែងថា ការវិវត្ត​បច្ចេកវិទ្យា​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ នឹង​បង្កើតឱ្យមាន​ប្រភេទ​ការងារ​ថ្មីៗ ក៏ប៉ុន្តែ​វា​ក៏​នឹង​បណ្តាលឱ្យ​បាត់បង់​ការងារ​របស់​យុវជន​ផងដែរ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ទ្បើង​វិញ និង​បង្កើន​សមត្ថភាព​ជំនាញ​ឱ្យ​ស៊ីសង្វាក់​ជាមួយ​តម្រូវការ​ទីផ្សារ​។​

​លោក​អ៊ិត សំហេង បាន​លើកយក​ការសិក្សា​មួយ​របស់​អង្គការ ILO ក្នុង​ឆ្នាំ​២០១៦ ស្តីពី​អនាគត​នៃ​ការងារ​ដែល​ប្រឈម​នឹង​ហានិភ័យ​ស្វ័យប្រវត្តិ​កម្ម បង្ហាញថា ៥៦% នៃ​ការងារ​សរុប​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន ៥ នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅនឹង​ការធ្វើ​ស្វ័យប្រវត្តិកម្ម ក្នុង​រយៈពេល​២​ទសវត្សរ៍​ខាងមុខ ក្នុងនោះ​ប្រទេស​កម្ពុជា​មាន​អត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និង​វៀតណាម ៧០%​។​

​លោក​បង្ហើប​ទៀតថា យោងតាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តីពី​ការអង្កេត​អនាគត​នៃ​ការងារ នៅ​ឆ្នាំ​២០១៨ មកទល់​ពេលបច្ចុប្បន្ន ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នេះ មិនទាន់​បណ្តាលឱ្យមាន​ការកាត់បន្ថយ​ការងារ​ជាទូទៅ​នៅ​ទ្បើយ​នោះទេ​។ ខណៈ​ការផ្លាស់ប្តូរ​នេះ ធ្វើឱ្យប៉ះពាល់​ជា​អវិជ្ជមាន​លើ​វិស័យ​មួយចំនួន ប៉ុន្តែ​វា​ក៏បាន​បង្កើត​ការងារ​ថ្មីៗ​ជាច្រើន​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៅក្នុង​វិស័យ និង​មុខរបរ​ផ្សេងៗ​ផងដែរ​។​

​បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​អត្រា​ប្រជាជន​អាយុ​ក្រោម​២៥​ឆ្នាំ​ចំនួន ៤៩.៥% នៃ​ប្រជាជន​សរុប ហើយ​មាន​អត្រា​យុវជន​អាយុ​១៥-២៤​ឆ្នាំ​ចំនួន ២៨.៩% នៃ​ប្រជាជន​ដែល​ស្ថិតក្នុង​វ័យ​ធ្វើការ (​អាយុ​១៥-៦៤​ឆ្នាំ​) ដែល​អត្រា​នេះ​បានធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែលមាន​ប្រជាជន​វ័យក្មេង​។ ក្នុងន័យនេះ លោក​អ៊ិត សំហេង ឲ្យដឹងថា កម្លាំង​ពលកម្ម​ជាពិសេស​យុវជន ចាំបាច់​ត្រូវតែ​ទទួល​ការអប់រំ​ចំណេះដឹង​ទូទៅ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​ឱកាស​ទទួលបាន​ការសិក្សា​ពេញ​មួយជីវិត ដើម្បី​ទទួលបាន​ជំនាញ​មួយ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុងស្រុក និង​ក្នុង​តំបន់​។​

​ឯ​ការវិវត្ត​បច្ចេកវិទ្យា​ក្នុងដំណាក់កាល​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ នឹង​បណ្តាលឱ្យមាន​ការបាត់បង់​ការងារ ហើយក៏​បង្កើតឱ្យមាន​ប្រភេទ​ការងារ​ថ្មីៗ​ផងដែរ​។ ប៉ុន្តែ​អ្នក​ដែល​បាត់បង់​ការងារ​ក្នុងដំណាក់កាល​វិវត្ត​នេះ នឹង​មិនអាច​ស្វែងរក​ការងារ​បាន​នោះទេ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ទ្បើង​វិញ និង​បង្កើន​សមត្ថភាព​ជំនាញ​៕

 ពាក្យគន្លឹះ  លោកអ៊ិតសំហេង

ព័ត៌មានផ្សេងទៀត