​នាយករដ្ឋមន្ត្រី​ប៉ាពួ​ញូ​ហ្គេ​ណេ​​ចុះចេញពីតំណែង និងប្រគល់តំណែងឲ្យទៅអតីតនាយករដ្ឋមន្រ្តី​

26-05-2019 3:26 pm 1379
  ស្តាប់
លោក Peter O'Neill
ស្តាប់ជាសំឡេង

​លោក Peter O'Neill បាន​ទទួលរង​សម្ពាធ ដោយសារ​បញ្ហា​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង បញ្ហា​ពាក់ព័ន្ធ​នឹង​គម្រោង​ឧស្ម័ន មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ដែល​បាន​ចុះហត្ថលេខា​កាលពីដើមឆ្នាំ​២០១៩ ជាមួយ​ក្រុមហ៊ុន​ប្រេង​បារាំង Total និង​ក្រុមហ៊ុន​ប្រេង​អាមេរិក ExxonMobil​។ ថ្វីបើ​គម្រោង​នេះ នឹង​បង្កើន​ការនាំចេញ​ឧស្ម័ន​ពី ប្រទេស​ប៉ា​ពួះ​ញូ​ហ្គី​ណេ ជិត​ទ្វេដង​ក៏ដោយ តែ​សម្រាប់​សហគមន៍​មូលដ្ឋាន បាន​ត្អូញត្អែរ អំពី ការមិន​បាន​ទទួលផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​។​

​នៅមាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ ប្រជាប្រិយភាព​របស់លោក Peter O'Neill ធ្លាក់ចុះ​យ៉ាងគំហុក ដោយ​សូម្បីតែ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក ក៏​លែង​គាំទ្រ ហើយ​នាំគ្នារ​ត់ទៅ​ចុះចូល​ជាមួយ​គណបក្សប្រឆាំង​ដែរ​។ លោក Peter O'Neill បាន​ប្រឈមមុខ​នឹង​រឿង​អាម៉ាស តាមរយៈ​ការអំពាវនាវ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ជាច្រើន​សប្តាហ៍​កន្លងមក​ហើយ​។ 

​បន្ទាប់ពី​ពិចារណា​ច្បាស់លាស់ លោក Peter O'Neill ក៏បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​នេះ​តែម្តង​។ លោក​ទទួលស្គាល់ថា ពិតជា​លែងមាន​ការគាំទ្រ ដើម្បីឲ្យ​លោក​បន្ត​កាន់តំណែង​នាយក​រដ្ឋមន្ត្រី​តទៅ​ទៀតហើយ ដូច្នេះ​លោក​យល់ព្រម​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី និង​ស្របតាម​ការអំពាវនាវ​។ ក្រោយ​ចុះចេញ លោក Peter O'Neill ថែមទាំង​បានប្រកាស​យល់ព្រម​ប្រគល់​តំណែង​នេះ ឲ្យទៅ​លោក​Sir Julius Chan អតីត​នាយក​រដ្ឋ​ន្ត្រី​វិញ​។​

​សម្រាប់​លោក Sir Julius បាន​និយាយថា គាត់​ចង់បាន​ការផ្លាស់ប្តូរ​ដោយ​រលូន ដើម្បី​ធានាឲ្យមាន​ស្ថេរភាព នៅក្នុង​ប្រទេស​នៅ​ប៉ាស៊ីហ្វិក​ខាងត្បូងមួយ​នេះ​។ លោក Sir Julius ក៏បាន​ថ្លែង​អរគុណ​លោក Peter O'Neill សម្រាប់​អ្វីៗ​ទាំងអស់ ដែល​លោក​បានធ្វើ​ដើម្បី​ប្រទេស​នេះ​។ ក្រៅពីនោះ លោក​បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​ទាំងអស់​ថា នឹង​បានឃើញ​អ្វី​ទាំងអស់ ដែល​លោក​ត្រូវធ្វើ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​។​

​សូមបញ្ជាក់ថា លោក Peter O'Neill បច្ចុប្បន្ន​មាន​វ័យ​៥៤​ឆ្នាំ បាន​កាន់តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល​៧​ឆ្នាំ រាប់​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ ចំណែកឯ​លោក Sir Julius វិញ​មាន​វ័យ​៧៩​ឆ្នាំ ហើយ​លោក ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨០​ដល់​១៩៨២​ម្តង​និង​ពី​ឆ្នាំ​១៩៩៤​ដល់​១៩៩៧​ម្តងទៀត​។ បច្ចុប្បន្ន​លោក​ជា​សមាជិកសភា តែ​លោក​ត្រូវ​ទទួល​តំណែង ជា​នាយករដ្ឋមន្ត្រី​ជាថ្មី បន្ត​ពី​លោក Peter O'Neill ដែល​បាន​ចុះ​ចេញពី​តំណែង នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​នេះ​៕


ព័ត៌មានផ្សេងទៀត