លោក​ត្រាំ​លក់​អាវុធ​ឲ្យ​អា​រ៉ាប៊ីសាអូឌីត ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​

26-05-2019 12:48 pm 1746
  ស្តាប់
លោកដូណាល់ ត្រាំ(នៅខាងឆ្វេង)ឈរស្តាប់លោកMike Pompeoដែលថ្លែងថាសកម្មភាពអាក្រក់របស់អ៊ីរ៉ង់តម្រូវឲ្យលក់អាវុធភ្លាមៗ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ ឲ្យទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ក្នុង​ទំហំ​ទឹកប្រាក់​៨​ពាន់​លាន​ដុល្លារ​។ ​យោងតាម​ប្រភពពី​អ៊ីរ៉ង់​ឲ្យដឹងថា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានអនុម័ត​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ឲ្យទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដោយ​រំលង​ការយល់ព្រម​ពី​សភាជាតិ​។ លោក​ធ្វើ​ដូច្នេះ ដោយ​សំអាង​លើ​ហេតុផល​ថា ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ ជា​ភាពអាសន្ន​ជាតិ​ទាំងមូល ដែល​តម្រូវឲ្យ​លោក​ត្រូវតែ​ពន្លឿ​ន​លើ​កិច្ចការងារនេះ​។ 

​កាលពី​ថ្ងៃ​សុក្រ​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បាន​ជូនដំណឹង​ដល់​សភា អំពី សេចក្តីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការលក់​អាវុធនេះ​។ លោក Pompeo បាន​និយាយថា ការលក់​អាវុធ​ទាំងនេះ នឹង​ជួយ​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់​អា​មេរិក លើកកម្ពស់​ស្ថេរភាព​នៅ​មជ្ឈឹម​បូព៌ា និង​ជួយ​ប្រទេស​ទាំងនេះ ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង ដោយ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។ លោក​ថា សកម្មភាព​អ៊ីរ៉ង់ បាន​បង្ក​ការគំរាមកំហែង ដល់​ស្ថេរភាព​នៃ​តំបន់​មជ្ឈឹម​បូ​ព៌ា និង​សន្តិសុខ​អាមេរិក​។ 

​យោងទៅតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ BBC អាមេរិក​មិន​ត្រឹម​លក់​អាវុធ​ឲ្យទៅ​អារ៉ាប៊ី​សាអូ​ឌីតតែ​ម្នាក់​នោះទេ តែ​ក៏​នឹង​លក់​ឲ្យទៅ​ប្រទេសអាមី​រ៉ាត់​អា​រ៉ាប់រួម និង​ហ្ស៊កដានី​ផងដែរ​។ នៅក្នុង​ឯកសារ​ដែល​ផ្ញើ​ទៅ​សភា​សភា លោក​Pompeo បាន​ចុះបញ្ជី​នូវ​ប្រភេទ​អាវុធ និង​សេវាកម្ម​ជាច្រើន ដែល​នឹងត្រូវ​ផ្តល់ជូន​ដល់​បណ្តា​ប្រទេស​នានា​។ នៅក្នុង​នោះ​រួមមាន អាវុធ​ប្រឆាំង​រថក្រោះ និង​ផ្តល់​ការគាំទ្រ​ដល់​យន្តហោះ Boeing Co F-15​ជាដើម​។​

​សមាជិកសភា បាន​រារាំង​ការលក់​សម្ភារៈ​យោធា ឲ្យទៅ​អារ៉ាប៊ីសាអ៊ូឌីត អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដោយសារតែ​ខឹងសម្បារ​នឹង​អា​រ៉ាប៊ីសាអូឌីត បើក​ការវាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ទាម​នៅ​យេមែន តែ​បណ្តាលឲ្យ​ជន​ស៊ីវិល​យ៉ាងច្រើន​បាន​ស្លាប់បាត់​បង់ជីវិត​។ ពួកគេ​នៅតែ​បន្ត​ព្រួយ​បា​រម្ភា​ថា អាវុធ​ដែល​លោក​ត្រាំ​ព្រម​លក់​ឲ្យ​អា​រ៉ាប៊ីសាអូឌីតលើ​កនេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្លាប់​ជន​ស៊ីវិល​នៅ​យេមែន​ទៀត​។​

​ជា​ការកត់សំគាល់ ការអនុម័ត​យល់ព្រម​លក់​អាវុធ​ដោយ​រដ្ឋបាល​លោក​ត្រាំ ធ្វើឡើង​ចំ​ពេលដែល​ភាព​តានតឹង រវាង​អាមេរិក​និង​អ៊ីរ៉ង់ បាន​កើនឡើង​ខ្លាំង​នៅក្នុង​ខែឧសភា​នេះ​។ ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បាន​កើនឡើង បន្ទាប់ពី​អ៊ីរ៉ង់​បានប្រកាស​ដកចេញ​នូវ​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ប្រកាស​ចង់​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ក្រោយមក អាមេរិក​បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​។ អាមេរិក​ចោទថា អ៊ីរ៉ង់​មាន​ចេតនា​ចង់​វាយប្រហារ​ផលប្រយោជន៍​អាមេរិក និង​សម្ព័ន្ធមិត្ដ​អាមេរិក​នៅក្នុង​តំបន់​។ ភាគី​ទាំងពីរ បាន​ព្រមាន​គ្នា​ទៅវិញទៅមក ពី​ការវាយប្រហារ​តប​វិញ ប្រសិនបើ​ភាគី​ណាមួយ បង្កឲ្យមាន​សង្គ្រាម​ផ្ទុះឡើង​។​

​ទន្ទឹមនឹង​ការវាយប្រហារ​ដោយ​ពាក្យសំដី​កើនឡើង​ខ្លាំង ក៏មាន​ភាពមិនប្រក្រតី​មួយចំនួន បាន​កើតឡើង​បន្តបន្ទាប់​នៅក្នុង​តំបន់​។ នៅ​ក្នុងនោះ រួមមាន​ការវាយប្រហា​រលើ​នាវា​ដឹក​ប្រេង​នៅលើ​ផ្ទៃសមុទ្រ នៃ​ប្រទេស​អា​មី​រ៉ាត់​អារ៉ាប់​រួម ការវាយប្រហារ​លើ​ស្ថានីយ​បូ​ប​ប្រេង​អា​រ៉ាប៊ីសាអូឌីត និង​ការវាយប្រហារ​ដោយ​រ៉ុក​ក្តែ​ត ក្បែរ​អាគារ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​ទៀត​។ ការវាយប្រហារ​នេះ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ​។ ហេតុការណ៍​នេះ គេ​ដាក់​ការសង្ស័យ​លើ​អ៊ីរ៉ង់​នៅ​ពីក្រោយ ជាពិសេស​អាមេរិក​តែម្តង​។ ចំណែក​អ៊ីរ៉ង់​វិញ បាន​បដិសេធ​គ្រប់​ហេតុការណ៍​កើតឡើង​ថ្មីៗ​នេះ ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ឡើយ​៕

 ពាក្យគន្លឹះ  អាមេរិកលក់អាវុធ

ព័ត៌មានផ្សេងទៀត