ការបោះឆ្នោត​ក្រុមប្រឹក្សា​​កំពុងដំណើរការ​ លោក​សម រង្ស៊ី ​ថា​ជា​ការបោះឆ្នោត​​ក្លែងក្លាយ​

26-05-2019 9:24 am 2466
  ស្តាប់
ស្តាប់ជាសំឡេង

​​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៩​នេះ ជា​ថ្ងៃ​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​។ ការិយាល័យ​បោះឆ្នោត​ចំនួន ២០៣ ការិយាល័យ​នៅ​ទូទាំងប្រទេស បាន​បើកទ្វារ​ចាប់ពី​ម៉ោង​៧​ព្រឹក​មក​។ 

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​៧ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​សម្រាប់​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​មាន​ចំនួន​សរុប ៤,១១៤​អាសនៈ​។ ក្នុងនោះ​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត មាន​ចំនួន ៥៥៩​អាសនៈ​, ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ៣,៥៥៥​អាសនៈ​។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា បេក្ខភាព​ឈរឈ្មោះ​មកពី​គណបក្សនយោបាយ​ទាំង​៧ មាន​ចំនួន​សរុប ២១,៦៩២​នាក់ ស្រី ៧,២៧៨​នាក់​។ ក្នុងនោះ​ពេញសិទ្ធិ​មាន​ចំនួន ១០,៦៩៨​នាក់ ស្រី ៣,២២០​នាក់ និង​បម្រុង ១០,៩៩៤​នាក់ ស្រី ៤,០៥៨​នាក់​។ ​ដោយឡែក​អង្គ​បោះឆ្នោត​ដែលជា​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ (១,៦៤៦​ឃុំ​/​សង្កាត់​)​ក្នុង​តំណែង មាន​ចំនួន​សរុប ១១,៥៧២​នាក់ ស្រី​២,៣៨២​នាក់​។​

​លោក​សម រង្ស៊ី ប្រធានស្តីទី​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការបោះឆ្នោត​នេះ ថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ ដែល​នឹង​នាំមក​នូវ​ប្រព័ន្ធ​ឯក​បក្ស នៅ​កម្ពុជា​។​

​ការចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​ ថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ ពីព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ ១៦ វិច្ឆិកា ២០១៧ ដែល​មិនមាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​នេះ​ទេ​។ 

​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មក ការបោះឆ្នោត​ចំនួន​៣​នៅ​កម្ពុជា​ត្រូវបាន​លោក​សម រង្ស៊ី ចាត់ទុកថា ជា​ការបោះឆ្នោត​ក្លែងក្លាយ គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ ២៥ កុម្ភៈ ២០១៨, ការបោះឆ្នោត​តំណាងរាស្ត្រ នៅ​ថ្ងៃ ២៩ កក្កដា ២០១៨ និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​។ លោក​ថា ការបោះឆ្នោត​ក្លែងក្លាយ​ទាំង ៣ លើក​នោះ ធ្វើឲ្យ​គណបក្សកាន់អំណាច របស់លោកហ៊ុន សែន ទទួលបាន​កៅអី​១០០ % នៅ​គ្រប់​ស្ថាប័នរដ្ឋ ពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន​៕

ព័ត៌មានផ្សេងទៀត