កម្ពុជា​-​ឥណ្ឌូនេស៊ី​នឹងមាន​ជើងហោះហើរ​ត្រង់​ឡើង​វិញ​នៅ​ខែមិថុនា​

25-05-2019 4:13 pm 406

​កម្ពុជា​-​ឥណ្ឌូនេស៊ី បាន​ឯកភាពគ្នា​រៀបចំ​ឱ្យ​មាន​ការហោះហើរ​ត្រង់​ជាមួយគ្នា​ឡើងវិញ នា​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ បន្ទាប់​ពី​ខកខាន​ការហោះហើរ​ត្រង់​ទាំងស្រុង​ជាមួយគ្នា ជាច្រើន​សតវត្សរ៍​មក​ហើយ​។

​អនុប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន​អាកាសចរណ៍ នៃ​ប្រទេស​ឥណ្ឌូនេស៊ី បានបញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ CITILINK Airlines នឹង​បើក​ការហោះហើរ​ត្រង់​ពី​រដ្ឋធានី​ហ្សា​កាតា មក​រាជធានី​ភ្នំពេញ នា​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្នុង​មួយ​សប្ដាហ៍​ហោះហើរ​ត្រង់​ចំនួន ៣​ជើង គឺ​នៅ​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​។ ដោយឡែក ចំពោះ​តម្លៃ​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​នេះ​នឹង​ធ្វើឱ្យ​អតិថិជន​ទទួលយក​បាន​គ្រប់​គ្នា ហើយ​នៅតែ​គាំទ្រ​ការប្រើប្រាស់​ជើ ង​ហោះហើរ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​លោក​ថា នៅពេល​ជើងហោះហើរ​ត្រង់​ហ្សា​កាតា​-​ភ្នំពេញ​ដំណើរការ​ទៅ​រលូន​ល្អ​ហើយ ក្រុមហ៊ុន នឹង​ពង្រីក​ការហោះហើរ​ត្រង់ ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ របស់​កម្ពុជា​ផ្សេងទៀត ដូចជា​ហោះហើរ​ត្រង់​ពី​រដ្ឋធានី​ហ្សា​កាតា មក​ខេត្ត​សៀមរាប​-​អង្គរ និង​ខេត្ត​ព្រះសីហនុ​ជាដើម ឬ​ពី​កោះ​បាលី ដែល​តំបន់​ទេសចរណ៍​ដ៏​សំខាន់ របស់​ឥណ្ឌូនេស៊ី មក​កាន់​កម្ពុជា​បន្ថែម​ផងដែរ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​បាន​ឱ្យដឹង​ដែរ​ថា ការហោះហើរ​ត្រង់​នេះ​នឹង​ជួយ​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ច្រើន​។ ទេសចរ​កម្ពុជា​អាច​ទៅដល់​រដ្ឋធានី​ហ្សា​កាតា ទៅលេង​កោះ​បាលី តំបន់​បេតិកភណ្ឌ​ប្រាសាទ​ប៊ូ​រ៉ូ​ប៊ូ​ឌូ និង​តំបន់​ទេសចរណ៍​ដទៃទៀត ហើយ​ទេសចរ​ឥណ្ឌូនេស៊ី ក៏​អាច​មក​លេង​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា នៅ​កម្ពុជា​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន និង​ទី​ភ្នាក់ងារទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការឃោសនា ផ្សព្វផ្សាយ​ការហោះហើរ​ត្រង់ ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​នេះ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​។​

​សូមបញ្ជាក់​ថា ការលើកឡើង​នេះ ធ្វើ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​ការត្រៀម​រៀបចំ​សម្ពោធ​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា​៕

ព័ត៌មានផ្សេងទៀត