ទីបំផុត​​អាមេរិក​​សម្រេច​​បញ្ជូន​ទ័ព​​១,៥០០​នាក់​ទៅ​មជ្ឈិមបូព៌ា​​ទប់ទល់​នឹង​អ៊ីរ៉ង់​

25-05-2019 3:30 pm 1555
  ស្តាប់
នាវាផ្ទុកយន្ដហោះចម្បាំងដែលអាមេរិកបញ្ជូនទៅមជ្ឈិមបូព៌ាកាលពីដើមខែនេះ
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ បាន​សម្រេច​បញ្ជូន​ទ័ព​ចំនួន​១,៥០០​នាក់​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ប្រឆាំង​នឹង​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​ដែល​កំពុង​បន្ដ​កើត​ឡើង​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​ត្រាំ​ថ្មីៗ​នេះ បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​អាមេរិក​កំពុង​ពិចារណា​បញ្ជូន​ទ័ព​១២​ម៉ឺន​នាក់​ទៅ​ទប់ទល់​នឹង​អ៊ីរ៉ង់​។ កាលនោះ​លោក​ត្រាំ​ថា​អាមេរិក​នឹង​មិន​បញ្ជូន​ទ័ព​ទៅ​ទេ តែបើ​បញ្ជូនទៅ​មែន​គឺ​ច្រើនជាង​១២​ម៉ឺន​នាក់​។ 

​ប៉ុន្ដែ​យ៉ាងណាមិញ​រដ្ឋមន្ដ្រីក្រសួង​ការពារ​ជាតិ​ស្ដីទី​អាមេរិក បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សភា​អាមេរិក​បាន​ទទួលដំណឹង​ពី​ផែនការ​បញ្ជូន​ទ័ព​នេះហើយ​។ យន្ដហោះ​ចម្បាំង យន្ដហោះ​គ្មាន​មនុស្ស​បើក និង​សព្វាវុធ​ផ្សេង​ទៀត​នឹង​ត្រូវ​ដាក់​ពង្រាយ​បន្ថែម​ផងដែរ ស្រប​ពេល​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ នាវាចម្បាំង ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​រួចជាស្រេច​។ 

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ក៏​បាន​ប្រកាស​ពី​ផែនការ​បញ្ជូន​ទ័ព​១,៥០០​កាលពី​ថ្ងៃ​សុក្រ ប៉ុន្ដែ​លោក​ថា​ចំនួន​នេះ​គឺ​តិចតួច​ណាស់  ហើយ​គ្រាន់​ជា​ទ័ព​សម្រាប់​ការពារ​ប៉ុណ្ណោះ​។ ហេតុនេះ​លោក​សង្ឃឹមថា​អ៊ីរ៉ង់​នឹងមិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​អាមេរិក​ឡើយ​។ ក្រសួង​ការពារជាតិ​អាមេរិក​បាន​បន្ថែមថា កងទ័ព​បន្ថែម​ទាំងនេះ​នឹង​ជួយ​ទ្រទ្រង់​ដល់​យន្ដហោះ​ឈ្លប​ការណ៍ និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។ 

​រដ្ឋមន្ដ្រី​ការពារជាតិ​ស្ដីទី​បានឲ្យ​ដឹង​ដែរថា ការសម្រេច​បញ្ជូន​ទ័ព​ទៅ​មជ្ឈិមបូព៌ា​គឺ​ធ្វើ​តាម​សំណើ​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​។ កងកម្លាំង​អាមេរិក​នៅ​ទី​នោះ​ចង់​បាន​កម្លាំង​បន្ថែម​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​កងកម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ដ​របស់គេ​។ ម្យ៉ាងទៀត​វា​ក៏​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​បង្កហេតុ​នៅ​ថ្ងៃ​អនាគត​បានដែរ​។​

​សូមបញ្ជាក់​ថា អាមេរិក​និង​អ៊ីរ៉ង់​ថ្មីៗ​នេះ​បាន​ផ្ទុះ​ភាព​តានតឹង​កាន់តែខ្លាំង ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ អាមេរិក​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង និង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់ ខណៈ​អ៊ីរ៉ង់​ប្រកាស​ឈប់​អនុវត្ដ​តាម​លក្ខខណ្ឌ​មួយចំនួន​បាន​ឯកភាព​គ្នា​កន្លងមក​។ អ៊ីរ៉ង់​ក៏​ប្រកាស​ចង់​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ រហូត​អាមេរិក​សម្រេច​បញ្ជូន​ក​ង​កម្លាំង​ទៅ​មជ្ឈិមបូព៌ា​ដើម្បី​ការពារ​កង​ម្លាំង​អាមេរិក​នៅ​ទីនោះ​នឹង​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ផង​៕

ព័ត៌មានផ្សេងទៀត