បិទផ្លូវ​តវ៉ា​! ជួប សម្លាប់​ត្រូវ​ជាប់គុក​មួយជីវិត​ក​រ​ណី​សម្លាប់​លោក​កែម ឡី​

25-05-2019 2:49 pm 3906

​នៅ​ទីបំផុត តុលាការ​កំពូល រកឃើញថា ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ គឺ ជា​ឃាតក​ម្នាក់​គត់ ដែល​បាន​បាញ់សម្លាប់​លោក  កែម ឡី ហើយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល នាពេលនេះ គឺ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា​។​

​ទោះបីយ៉ាងណា រឿងក្តី​បាញ់សម្លាប់​លោក កែម ឡី ដ៏​កក្រើក​នេះ តុលាការ​បាន​បំបែកសំណុំរឿង​ជា​២ ដោយ​ស្វែងរក​អ្នកលក់​កាំភ្លើង​ឱ្យ​ជួប សម្លាប់ និង អ្នក​ផ្តល់​កន្លែង​ស្នាក់នៅ​ឱ្យ​ជួប សម្លាប់ នៅ​រាជធានី​ភ្នំពេញ ដែល​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ តុលាការ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​បែប​ណា​នៅឡើយ​ទេ ។​

​សូមបញ្ជាក់​ថា លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​សង្គម​ដ៏​ល្បី​មួយ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ឃាតក​ចូល​បាញ់សម្លាប់ កាលពី​វេលា​ម៉ោង​៨៖៥០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​ត ស្ថានីយប្រេងឥន្ធនៈ កាល់​តិច​បូកគោ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ភ្លាមៗ​បន្ទាប់ពី​មាន​ឃាតកម្ម​នេះ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​ដេញ​ចាប់ ឃាត់ខ្លួន​បាន ជនដៃដល់​ម្នាក់ ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដែល​ព្យាយាម​រត់​គេ​ខ្លួន ចេញពី​កន្លែងកើតហេតុ​។ ក្រោយពី​ចាប់ខ្លួន​លោក អឿ​ត អាង ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត ក្រោម​ការ​ចោទ​ពីបទ «​ឃាតកម្ម​គិត​ទុកជាមុន និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​» ហើយ​ត្រូវ​សាលាឧទ្ធរណ៍​តម្កល់​សេចក្តីសម្រេច​តាម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ ផងដែរ​៕

 ពាក្យគន្លឹះ  លោកកែមឡីជួបសម្លាប់

ព័ត៌មានផ្សេងទៀត