អឺរ៉ុប​៖​​លោកស្រី​​May​​ចុះ​ចេញ​ពី​តំណែង​​គ្មាន​ឥទ្ធិពល​​លើ​កិច្ចចរចា​​ចេញពី​អឺរ៉ុប​ទេ​

25-05-2019 10:51 am 633
  ស្តាប់
ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​លោក​Jean-Claude Juncker
ស្តាប់ជាសំឡេង

​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការចុះ​ចេញពី​តំណែង​របស់​លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​Theresa May មិនអាច​ធ្វើឲ្យ​អឺរ៉ុប​ផ្លាស់ប្ដូរ​គោលជំហ​រទាក់​ទងនឹង​កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​គ្នា​ទេ​។ ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​លោក​Jean-Claude Juncker បានកត់សម្គាល់​ការសម្រេចចិត្ដ​របស់​លោកស្រី​May​ថា ជា​ការ​សម្រេចចិត្ដដែល​គ្មាន​ភាព​រីករាយ​ឡើយ​សម្រាប់​លោកស្រី​។ ចំពោះ​ក្រុមប្រឹក្សា​នៃ​មេដឹកនាំ​អឺរ៉ុប បានកំណត់​គោលជំហរ​របស់ខ្លួន​រួចហើយ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​។​

​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ដែល​នឹង​ចូលខ្លួន​មក​ជំនួស​តំណែង មេដឹកនាំ​គណបក្ស​អភិរក្សនិយម​និង​តំណែង​នាយករដ្ឋមន្ដ្រី ពួកគេ​នឹង​អាច​ស្វែងរក​ការផ្លាស់ប្ដូរ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​ជាមួយ​អឺរ៉ុប​។ នេះ​ជា​ការលើកឡើង​របស់លោក​ស្រី​May​។ ប៉ុន្ដែ​អ្នកនាំពាក្យ​គណៈកម្មាធិការ​អឺរ៉ុប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​ប្រទេស​សមាជិក​អឺរ៉ុប​២៧​ផ្សេងទៀត បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះហើយ ដូច្នេះ​គ្មាន​ផែនការ​ដើម្បី​បើក​ការចរចា​លក្ខខណ្ឌ​ឡើងវិញ​ឡើយ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណៈកម្មាធិការ​អឺរ៉ុប ពិតជា​កោតសរសើរ​ចំពោះ​លោកស្រី​Theresa May ព្រោះ​លោកស្រី​ពិតជា​ស្ដ្រី​ក្លាហាន​ម្នាក់​។ លោកស្រី​បាន​ពុះពារ​ប្រឈមមុខ​បញ្ហា​ជាច្រើន ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​បុគ្គល​ដែល​លោកស្រី​គោរព ពិសេស​គឺ​ប្រជាជន​អង់គ្លេស​ផ្ទាល់​តែម្ដង​។ តែ​ពិតជា​គួរឲ្យ​សោកស្ដាយ​ដែល​កិច្ចព្រមព្រៀង​សម្រេចបាន​ក្រោយ​ចរចា​ជាមួយ​អឺរ៉ុប បែរជា​មិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា​អង់គ្លេស​ទៅវិញ​។ 

​លោកស្រី​May​បាន​យក​កិច្ចព្រមព្រៀង​នេះ​ដាក់ឲ្យ​បោះឆ្នោត ស្វែងរក​សំឡេងគាំទ្រ​ក្នុង​សភា​ដល់​ទៅ​បី​លើក​ប៉ុន្ដែ​ត្រូវ​បរាជ័យ​រហូត ព្រោះតែ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​តិចជាង​ប្រឆាំង​។ ពួកគេ​លើកឡើងថា​កិច្ចព្រមព្រៀង​គ្មាន​សុវត្ថិភាព​គ្រប់គ្រាន់ អាច​ការពារ​អង់គ្លេស​បានទេ​ក្រោយ​ចេញពី​អឺរ៉ុប​។ សមាជិកសភា​ខ្លះ​បានទាមទារ​ឲ្យ​រៀបចំ​ធ្វើ​ប្រជាមតិ​ម្ដងទៀត ដើម្បីឲ្យ​ប្រជាជន​អង់គ្លេស​សម្រេចសារ​ជា​ថ្មី​ថា​ត្រូវ​ចាកចេញ​ឬ​បន្ដ​ស្ថិត​ជា​សមាជិក​អឺរ៉ុប​ដដែល​។ គួរបញ្ជាក់​ផងដែ​រថា លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​Theresa May បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​លោកស្រី​នឹង​ចុះ​ចេញពី​តំណែង​មេដឹកនាំ​គណបក្ស​និង​នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃទី​០៧​ខែមិថុនា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត