កូរ៉េខាងជើង​៖​​កុំ​សង្ឃឹមថា​​មាន​កិច្ចចរចា​​ជាថ្មី​​បើ​អាមេរិក​​មិន​ប្ដូរ​គំនិត​

25-05-2019 9:00 am 445
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន

​ប្រទេស​កូរ៉េខាងជើង​បានបញ្ជាក់​ថា កិច្ច​ចរចា​ជាមួយ​សហរដ្ឋអាមេរិក នឹង​មិនអាច​ចាប់ផ្ដើម​ជាថ្មី​បានទេ លុះត្រាតែ​សហរដ្ឋអាមេរិក​គិត​រក​វិធីសាស្ដ្រ​ផ្សេង​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​និយាយថា កិច្ចចរចា​លើក​ទី​ពីរ​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង ត្រូវ​បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ 

​សេចក្ដីថ្លែងការណ៍​បាន​បន្ទោស​អាមេរិក​ពី​បរាជ័យ​នៃ​កិច្ចចរចា​លើក​ទី​ពីរ​កាលពី​ខែ​កុម្ភៈ ដោយ​បន្ថែមថា​ទីក្រុង​វ៉ាស៊ីនតោន​ទាមទារ​ជា​ឯកតោ​ភាគី ឲ្យ​រំលាយ​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​។ ការធ្វើ​បែបនេះ​គឺជា​យុទ្ធសាស្ដ្រ​មិន​អាចទៅរួច​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​សង្កត់ធ្ងន់ថា ទីក្រុង​ព្យុងយ៉ាង​នឹង​ចាត់វិធានការ​ភ្លាម​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន បន្ដធ្វើ​ទង្វើ​មិនគួរឲ្យ​ទុកចិត្ដ​និង​ទង្វើ​បង្កហេតុ​តទៅទៀត​។ 

​សូមបញ្ជាក់ថា កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ​នៅតែ​បន្ដ​ជាប់គាំង​ដដែល​។ កាលពី​ដើមខែ​នេះ​កូរ៉េខាងជើង​បានចាប់ផ្ដើម ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ឡើងវិញ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ កូរ៉េខាងជើង​ក៏​បង្កើន​ការរិះគន់​ដល់​សហរដ្ឋអាមេរិក បន្ទាប់ពី​អាមេរិក​ឃាត់​កប៉ាល់​ដឹកទំនិញ​កូរ៉េខាងជើង​ទុក ដោយ​ចោទថា​កប៉ាល់​នោះ​ដឹកទំនិញ​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត