ក្នុង​មួយថ្ងៃ​​សត្វ​ពស់​​បានសម្លាប់​​មនុស្ស​​ជាង​២០០​នាក់​​ទូទាំង​ពិភពលោក​

25-05-2019 8:44 am 508
រូបភាពសត្វពស់

​យោងតាម​ការស្រាវជ្រាវ​របស់​អង្គការ​សប្បុរសធម៌​ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្ដ្រ​មួយ របស់​ចក្រភព​អង់គ្លេស​មាន​ឈ្មោះថា​Wellcome Trust​បានឲ្យដឹងថា សត្វ​ពស់​បានសម្លាប់​មនុស្ស​ជាង​២០០​នាក់​ក្នុង​មួយថ្ងៃ​នៅ​ជុំវិញ​ពិភពលោក​។ មនុស្ស​ចន្លោះ​ពី​៨១,០០០​នាក់​ទៅ​១៣៨,០០០​នាក់ ត្រូវស្លាប់​ដោយសារតែ​ពស់​ចឹក​ជា​រៀងរាល់ឆ្នាំ​។ ក្រៅពីនេះ​មាន​ពិការ​រហូតដល់​៤០​ម៉ឺន​នាក់ ឬ​ច្រើនជាង​នេះ​ផង​ក្នុង​មួយឆ្នាំៗ​។ វា​ជា​បញ្ហា​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ដោយសារតែ​ខ្វះខាត​ឱសថ​ដើម្បី​ប្រឆាំង​ពិសពស់​នៅក្នុង​ពិភពលោក ជាពិសេស​នៅក្នុង​តំបន់​ជនបទ នៃ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក និង​តំបន់​អាស៊ី​ដែលមាន​មណ្ឌល​សុខភាព​តិចតួច​។ 

​អង្គការ​Wellcome Trust​បញ្ជាក់ថា ករណី​សត្វ​ពស់​ចឹក​នេះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​ពិការ ច្រើនជាង​ករណី​ជំងឺ​ត្រូពិច​ទៅទៀត​។ ចំណែក​ការវាយតម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏បាន​យល់ស្រប​ជាមួយនឹង​អង្គការ​នេះដែរ​។ បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភពលោក មាន​គោលដៅ​កាត់បន្ថយ​ការស្លាប់​និង​ពិការភាព​ដោយសារ​សត្វ​ពស់​ចឹក​នៅត្រឹម​ឆ្នាំ​២០៣០​។ អង្គការ​បាន​វិនិយោគ​១៣៦​លាន​ដុល្លារ​ក្នុង​ការអប់រំ​សហគមន៍ ដើម្បី​ការពារ​កុំឲ្យ​ពស់​ចឹក បង្កើន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល និង​កែលម្អ​ប្រព័ន្ធ​ថៃ​ទាំ​សុខភាព​។ ចំណែក​អង្គការ​Wellcome Trust​ក៏​ស្ថិតនៅ​ពីក្រោយ​ការជំរុញ​នេះដែរ ដោយបាន​វិនិយោគ​ប្រាក់​រហូតដល់​ជាង​១០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ឆ្នាំ​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត